ភ្នំពេញៈ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ ​(USAID) ​កាលពី​ថ្ងៃទី ១៤ ​ខែកុម្ភៈ ​បានប្រកាស​ភាពជា​ដៃគូ​ថ្មី ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ផ្នែក​វិស័យ​កសិកម្ម​កម្ពុជា​ចំនួន ៣ ​ដែល​មាន​ទុន​វិនិយោគ ​និង​មូលនិធិ​ជាង ​៤ លាន​ដុល្លារ​អាមេរិក ​ដើម្បី​ពង្រីក​កាលានុវត្តភាព​សេដ្ឋកិច្ច ​និង​លទ្ធភាព​អាច​ជ្រៀត​ចូល​ទីផ្សារ​ទាំង​ក្នុង​ស្រុក ​និង​អន្តរជាតិ ​ដល់​កសិករ​ខ្នាត​តូច។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក ​នៅ​ទីក្រុង​ភ្នំពេញ​បញ្ជាក់​នា​ថ្ងៃទី១៤​ ខែកុម្ភៈ ​ថា ​ចំនួន​ទុន​វិនិយោគ​សរុប​របស់​ក្រុមហ៊ុន​ទាំង៣ ​និង​មូលនិធិ ​ដែល​គាំទ្រ​ពី​ USAID ​មាន​តម្លៃ ​រហូត​ដល់​៤,៤លាន​ដុល្លារអាមេរិក​ ហើយ​ជាង​ពាក់​កណ្តាល​ទុន​នេះ ​គឺ​បាន​មក​ពី​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​ដោយ​ផ្ទាល់។ ក្រុមហ៊ុន​ទាំង៣​នោះ​ រួមមាន ​ប៊ីអអិមអាហ្គ្រោ​ (BRM Agro) ​សហករណ៍​សរីរាង្គ​ខ្មែរ ​និង​សហគ្រាស​លាង ឡេង។

លោកស្រី​Hanh Nguyen ​តំណាង​ស្តីទី​នៃ​USAID ​ថ្លែងថា​៖«ការធ្វើការ​ជាដៃគូ​ជាមួយ​ក្រុមហ៊ុន​ថ្មី​ទាំង​នេះ​បានគាំទ្រ​ដោយ​ផ្ទាល់​ចំពោះ​គោលដៅ​របស់ ​USAID ​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ​ដែល​ហ៊ាន​សាកល្បង ​និង​អនុវត្ត​ដំណោះ​ស្រាយ​ប្រកប​ដោយ​នវានុវត្ត​ន៍ដែល​លើក​ទឹកចិត្ត​ក្នុង​ការវិនិយោគ​លើ​វិស័យ​កសិកម្ម»។

លោកស្រី​បន្ថែមថា​៖«ជួយ​បង្កើន​ចំណូល​ដល់​កសិករ ​និង​បង្កើន​ភាពអាច​រកបាន​នូវ​ផលិតផល​កសិកម្ម​កម្ពុជា ​ប្រកប​ដោយ​គុណភាព ​និង​សុវត្ថិភាព​ នៅ​ទូទាំង​ផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ»។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ​ក្នុង​ភាពជា​ដៃគូ ​រយៈពេល​២ឆ្នាំ ​ក្រុមហ៊ុន ​BRM Agro ​ដែល​វិនិយោគ​លើ​ដំណាំស្រូវ ​និង​ម៉ាស៊ីន​ស្រូវ ​ដែល​មាន​ទីតាំង​នៅ​ខេត្តកំពង់ធំ ​នឹង​ដំណើរការ​លើ​ឡ​សម្ងួត ​ដែលអាច​ឱ្យ​ក្រុមហ៊ុន​នេះ​បង្កើន​បរិមាណ​នាំចេញ​អង្ករ​ក្រអូប​ប្រកប​ដោយ​គុណភាព​ខ្ពស់ ​ដែល​ទិញ​ពី​កសិករ​ខ្នាតតូច​ដោយ​ផ្តល់​នូវ​ប្រភព​ច្បាស់លាស់​ និង​ទុកចិត្ត​ដល់​អ្នកប្រើ​ប្រាស់។

សេចក្តី​ប្រកាស​ព័ត៌មាន ​ឱ្យដឹងថា ​សហករណ៍​សរីរាង្គ​ខ្មែរ​(KOC) ​ដែលជា​ក្រុមហ៊ុន​ធុរកិច្ច​កសិកម្ម​សង្គម​ ដែល​ផលិត​ និង​លក់​ផលិតផល​កសិកម្ម​សរីរាង្គ ​និង​ការអនុវត្ត​កសិកម្ម​ល្អ ​(GAP) ​នឹង​ពង្រីក​កន្លែង​ទុកដាក់​ត្រជាក់ ​និង​វេចខ្ចប់ ​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការកែច្នៃ ​ទុកដាក់ ​និង​ដឹកជញ្ជូន​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​លើ​ផលិតផល​សរីរាង្គ ​ដោយ​ផលិត​ផល​ទាំងនេះ​ចុះកិច្ចសន្យា ​(កុងត្រា) ​ទិញ​ចេញ​ពី​កសិករ​ខ្នាត​តូច​ក្នុង​ស្រុក។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖«ការខិតខំ​ប្រឹងប្រែង​នេះ ​នឹង​ជួយ​ដល់​កសិករ​កម្ពុជា ​ជាច្រើន​ទៀត ​តាមរយៈ​ការបណ្តុះ​បណ្តាល ​និង​ចុះកិច្ចសន្យា​ទិញ​ពី​ពួក​គាត់។ តាមរយៈ​មធ្យោបាយ​នេះ ​នឹង​ជួយ​បង្កើន​ចំណូល​កសិករ ​និង​អ្នកទិញ​អាចរក​ទិញ​បាន​នូវ​ចំណីអាហារ ​ដែល​មាន​គុណភាព ​និង​សុវត្ថិភាព ​ហើយ​ចូលរួម​កាត់បន្ថយ​ការនាំចូល​បន្លែ​ពី​បរទេស»។

សហគ្រាស​លាង ឡេង ​គឺជា​សហគ្រាស​ផលិត​ទឹកត្រី ​ទឹកស៊ីអ៊ីវ ​ទឹកខ្មេះ​ ទឹកម្ទេស ​ទឹកសៀង​ និង​ប្រេងខ្យង​សម្រាប់​ផ្គត់ផ្គង់​ដល់​ភោជនីយដ្ឋាន ​ផ្សារ​ទំនើប ​និង​គ្រួសារ ​និង​វិនិយោគ​លើ​ប្រព័ន្ធ​ផលិតកម្ម​ទឹកម្ទេស ​ដោយ​ចុះ​កុងត្រា​ទិញ​ពី​កសិករ​ព្រម​ទាំង​ពង្រីក​ទីផ្សារ​ទៅកាន់​ខេត្ត​ចំនួន​៥​ទៀត​ក្នុង​ប្រទេស​កម្ពុជា។

ការប្រកាស​ភាពជា​ដៃគូ​ថ្មី​ជាមួយ​ក្រុមហ៊ុន​ឯកជន​ទាំង៣​នេះ ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ផ្តូចផ្តើម​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេ​រិក​(Feed the Future Initiative)។ កម្មវិធី​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​ជាសកល​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​ស្រេក​ឃ្លាន ​និង​សន្តិសុខស្បៀង ​និង​គាំទ្រ​យ៉ាង​ទូលំទូលាយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ ​USAID​ ក្នុង​ប្រទេស​កម្ពុជា​ចំពោះ​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​តាមរយៈ​ការធ្វើការ​ជាមួយ​វិស័យ​ឯកជន។

លោក​ចាន់ អង ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​BRM Agro ​ឱ្យដឹងថា ​ក្នុង​ភាពជា​ដៃគូ ​រយៈពេល​២ឆ្នាំ​មកនេះ ក្រុមហ៊ុន​បាន​វិនិយោគ​លើ​ដំណាំ​ស្រូវ ​និង​ម៉ាស៊ីន​ស្រូវ​ដែល​មាន​ទីតាំង​នៅ​ខេត្តកំពង់ធំ។ ការគាំទ្រ​ពី​មូលនិធិ​របស់​USAID​ ធ្វើឱ្យ​ក្រុម​ហ៊ុន​អាច​ដំណើរការ​លើ​ឡសម្ងួត ​ បង្កើន​បរិមាណ​នាំចេញ​អង្ករ​ក្រអូប ​ប្រកប​ដោយ​គុណភាព​ខ្ពស់។ លោក​ថា ​នៅ​ខេត្តកំពង់ធំ​ ក្រុមហ៊ុន​បានធ្វើ​ការងារ​ជា​ច្រើន​ជាមួយ​កសិករ ​នៅ​លើ​ផ្ទៃដី​ប្រមាណ​៥ពាន់​ហិកតា ​ដោយ​កិច្ចសហការ​នេះ​បានអនុវត្ត​អស់​រយៈពេល​៥ឆ្នាំ​មក​ហើយ ​ក្នុង​នោះ​ទាំង​កសិករ ​និង​ក្រុមហ៊ុន​សុទ្ធតែ​ទទួលបាន​លទ្ធផល​ជាវិជ្ជមាន។

លោក​ចាន់ អង ​បញ្ជាក់ថា​៖«កន្លង​មក​យើង​មាន​ម៉ាស៊ីន​កិន​ស្រូវ​ និង​ឡសម្ងួត​ស្រូវ​ដែរ​ តែ​វា​មាន​ទំហំ​តូច ​សម្ងួត​បាន​តិច។ ឥឡូវ​នេះ ​ការណ៍​ដែល​យើង​ធ្វើ​គម្រោង​ជាមួយ​USAID ​ដោយ​បានពិភាក្សា​គ្នា​ក្នុង​ការពង្រីក​សមត្ថភាព​សម្ងួត​ស្រូវ ​តាមរយៈ​ការបន្ថែម​ឡ​សម្ងួត។ ការធ្វើ​បែប​នេះ ​យើង​អាច​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ឱ្យបាន​ច្រើន​តាមរយៈ​ការបន្ថែម​កិច្ចសន្យា​ជាមួយ​កសិករ។ ដូច​នេះ​ក្នុង​គម្រោង​នេះ ​ខាង​USAID ​ជួយ​យើង​រឿង​ឡសម្ងួត»។

លោក​បន្តថា ​ក្នុង​គម្រោង​ឡ​សម្ងួត​នេះ​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រហែល​១លាន​ដុល្លារ​អាមេរិក ​ខណៈ​ដែលចំនួន​ជាង​ពាក់​កណ្តាល​នៃ​ទឹកប្រាក់​នេះ​ជាដើម​ទុន​ផ្ទាល់​របស់​ក្រុមហ៊ុន ​និង​ជិត​ពាក់កណ្តាល​ទៀត​ទទួលបាន​ពី​មូលនិធិ​របស់​USAID។

លោក​នួន ទុំ ​អ្នកគ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ នៃ​សហករណ៍​សរីរាង្គ​ខ្មែរ​(KOC) ​ឱ្យដឹង​ដែរថា ​ក្រុមហ៊ុន​របស់​លោក​ នឹង​ប្រើប្រាស់​ថវិកា ​ដែល​បាន​ពី​មូលនិធិ​នេះ ​ដើម្បី​ពង្រីក​កន្លែង​ទុកដាក់​ត្រជាក់ ​និង​វេចខ្ចប់ ​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការកែច្នៃ​ ទុកដាក់ ​និង​ដឹកជញ្ជូន​សម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​លើ​ផលិតផល​សរីរាង្គ។ តាមរយៈ​មធ្យោបាយ​នេះ ​នឹង​ជួយ​បង្កើន​ចំណូល​កសិករ ​និង​អ្នកទិញ ​អាច​រក​ទិញ​បាន​ចំណី​អាហារ ​ដែល​មាន​គុណភាព ​និង​សុវត្ថិភាព ​ហើយ​ចូល​រួម​កាត់​បន្ថយ​ការនាំ​ចូល​បន្លែ​ពី​បរទេស។

លោក​បញ្ជាក់ថា​៖«តាមរយៈ​កិច្ចសហការ​ជាមួយ​USAID ​យើង​រំពឹងថា ​ក្រោយពី​គម្រោង​នេះ​ចប់ ​យើង​នឹង​អាច​បង្កើន​បរិមាណ​ផលិតផល​របស់​យើង​ទៅតាម​តម្រូវការ​ទីផ្សារ ​ដោយសារ​តែ​យើង​មើល​ឃើញ​ថា ​តម្រូវការ​បន្លែ​សរីរាង្គ​មាន​ការកើន​ឡើង​ជា​លំដាប់។​ យើង​ក៏អាច​កែសម្រួល​នូវ​ការកែច្នៃ ​និង​ការវេចខ្ចប់​របស់​យើង​ផងដែរ ​ហើយ​យើង​នឹង​ធ្វើឱ្យ​គុណភាព​ផលិតផល​បន្លែ​សរីរាង្គ​មាន​ស្តង់ដា​ត្រឹម​ត្រូវ»។

លោក​បន្តថា ​បច្ចុប្បន្ន ​KOC ​កំពុង​ធ្វើការ​គាំទ្រ​ដល់​សហគមន៍​ចំនួន​១២ ​ក្នុង​ការដាំដុះ​បន្លែ​សរីរាង្គ ​ហើយ​នឹង​មាន​គម្រោង​ពង្រីក​កិច្ចសហការ​ឱ្យបាន​៣០សហគមន៍​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ការផលិត​បន្លែ​សរីរាង្គ ​បំពេញ​តម្រូវ​ការទីផ្សារ៕