ភ្នំពេញ/ព្រះសីហនុៈ កម្ពុជា​រកចំណូល​បាន​ជិត​ ១៣០ លាន​ដុល្លារ​អាមេរិក​ពី​កំពង់ផែ​ក្រុងព្រះសីហនុ ​និង​កំពងផែ​ភ្នំពេញ ​តាមរយៈ​ការដឹកជញ្ជូន​តាម​ផ្លូវទឹក ​កាលពី​ឆ្នាំ ២០២២ ​ដែល​សកម្មភាព​នេះ​ពិតជា​បានជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ជាតិ។​ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ។

ថ្លែង​ក្នុង​កម្មវិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ​ឆ្នាំ ២០២២ ​និង​លើក​ទិសដៅ​ការងារ ​ឆ្នាំ២០២៣ ​របស់​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​នៅ​ថ្ងៃទី១៥ ​ខែកុម្ភៈ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​លោក​ស៊ុន ចាន់ថុល ​ចាត់​ទុក​ការដឹកជញ្ជូន​តាម​ផ្លូវទឹក​នៅ​កម្ពុជា ​ពិតជា​បានជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ជាតិ។ លោក​រដ្ឋមន្រ្តី​អះអាងថា ​ភាពរីក​ចម្រើន​នៃ​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ នៅតាម​កំពង់ផែ​សំខាន់ៗ​ទាំងនេះ ​ដោយសារ​ការនាំចេញ​កសិផល​កម្ពុជា​មាន​ការកើន​ឡើង ​ព្រមទាំង​ការនាំចេញ​ផលិតផល​វាយនភណ្ឌ​កាត់ដេរ​ទៅ​ទីផ្សារ​បរទេស​ក៏​មាន​ការកើន​ឡើង​ដែរ។

លោក​ស៊ុន ចាន់ថុល ​បញ្ជាក់ថា​៖«កាលពី​ឆ្នាំ២០២២ ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ​មានការ​កើន​ឡើង​ចំនួន​២,៤៥ភាគរយ ​រកចំណូល​បាន​៨៦លាន​ដុល្លារ​អាមេរិក។ សក្តានុពល​នៃ​កំពង់ផែ​ភ្នំពេញ​វិញ​ ឃើញថា ​កាលពី​ឆ្នាំ២០២២ ​ការដឹកជញ្ជូន​ទំនិញ​មាន​ការកើន​ឡើង​១៧,១០ភាគរយ ​រក​ចំណូល​ចូល​ជាតិ​បាន​៤០លាន​ដុល្លារ​អាមេរិក»។

លោក​បន្តថា​៖«សកម្មភាព​ដឹកជញ្ជូន​តាម​ផ្លូវទឹក​នៅ​កំពង់ផែ​សំខាន់ៗ​ចំនួន២ ​គឺ​កំពង់ផែ​ក្រុងព្រះសីហនុ ​និង​កំពងផែ​ភ្នំពេញ​អាច​រក​ចំណូល​ចូល​ជាតិ​បាន​ជិត​១៣០លាន​ដុល្លារ ​កាលពី​ឆ្នាំ២០២២​កន្លង​ទៅ»។

លោក​រដ្ឋមន្រ្តី​បានឱ្យដឹង​ថា ​កំពង់ផែ​នៅតែ​បន្ត​មាន​និរន្តរភាព​ និង​ស្ថិរភាព ​ទោះជា​មាន​វិបត្តិ​ ដែល​ផ្ទុះឡើង​ ដោយ​កូវីដ​១៩​ ហើយ​កំពង់ផែ ​ក៏​កំពុងតែ​អនុវត្ត​ការបន្ត​អភិវឌ្ឍ​កំពង់ផែ​ជាបន្ត​បន្ទាប់។

លោក​ស៊ុន ចាន់ថុល ​បន្ថែមថា​៖«ការធ្វើ​ទំនើបកម្ម​ទ្រង់ទ្រាយ​ធំ​លើ​ការត្រួតពិនិត្យ​នាវាចរណ៍​ចេញ-​ចូល​នៅ​កម្ពុជា ​ដោយ​ប្តូរ​ការធ្វើការ​ដោយ​ដៃ ​មក​ធ្វើការ​លើ​ប្រព័ន្ធ​អនឡាញ​វិញ ​ក៏ជា​មូលហេតុ​នៃ​ការរីក​ចម្រើន»។

អភិបាល​ខេត្តព្រះសីហនុ ​លោក​គួច ចំរើន ​បានលើកឡើង​ដែរ​ថា ​កំពង់ផែ​ក្រុងព្រះសីហនុ ​គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ដ៏​សំខាន់​របស់​កម្ពុជា។ តាមរយៈ​កំពង់ផែ​នេះ ​បានជួយ​ឱ្យ​ខេត្តព្រះសីហនុ ​មាន​ការវិវឌ្ឍ​ខ្លួន ​ជាខេត្ត​ឧស្សាហកម្ម ​និង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពហុបំណង​នាពេល​អនាគត។

លោក​បញ្ជាក់ថា​៖«សក្តានុពល​របស់​ខេត្ត ​រួមមាន ​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ ​តំបន់​សេដ្ឋកិច្ច​ពិសេស ​មាន​ចំនួន​១១ទីតាំង​ (៣​កំពុង​ដំណើរការ ​និង​៨ត្រៀម​ដំណើការ)។ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តព្រះសីហនុ ​និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ដែល​ត្រូវបាន​ប្រសិទ្ធនាម​ជា ​"តារារះនា​ទិសនិរតី”។ ​សមិទ្ធផល​ទាំងនេះកំពុង​ជំរុញឱ្យ​ខេត្ត​រីកចម្រើន​លើ​វិស័យ​ឧស្សាហកម្ម​ ពាណិជ្ជកម្ម ​ទេសចរណ៍ ​និង​កសិកម្ម ​ដែលជា​វិស័យ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​ខឿន​សេដ្ឋកិច្ច​ជាតិ​របស់​រាជរដ្ឋាភិបាល»​។

របាយ​ការណ៍​របស់​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​បង្ហាញថា ​កំពង់ផែ​ក្រុងព្រះសីហនុ ​គឺជា​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ដ៏​សំខាន់​របស់​កម្ពុជា ​ដែល​មាន​ផ្ទៃដី​ប្រតិបត្តិការ ​ប្រមាណ​១២៥ហិកតា។ កំពង់ផែ​ស្ថិតនៅ​ឈូង​សមុទ្រ​កំពង់សោម ​ដែលជា​កំពង់​ផែ​ទឹក​ជ្រៅតែ​១គត់​សម្រួល​ដល់​ការដឹកជញ្ជូន​តាម​សមុទ្រ ​ដែល​ទទួលបាន​ភាពអនុគ្រោះ​ពី​ធម្មជាតិ ​ដូចជា​មាន​ជម្រៅ​ទឹកជ្រៅ ​មាន​កោះ​ជារបាំង​ខ្យល់ ​និង​រលក​ធំៗ។ កំពង់ផែ​នេះ​ត្រូវបាន​សាងសង់​ឡើង​នៅ​ដើម​ឆ្នាំ១៩៥៦ ​និង​បានពង្រីក​ជា​លំដាប់។ ឥឡូវ​នេះ​កំពង់ផែ​មាន​ចំណត​នាវា​ចំនួន​៨ចំណត ​ដែល​បំពាក់​ដោយ​ឧបករណ៍​លើក​ដាក់​ទំនើប​ទាន់​សម័យ។

ក្នុង​រយៈពេល​៥ឆ្នាំ​ចុងក្រោយ​នេះ​បរិមាណ​ទំនិញ​ឆ្លងកាត់​មាន​ការកើន​ឡើង​ជាបន្ត​បន្ទាប់។ ចំណែក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ជា​សហគ្រាស​សាធារណៈ ​ដែល​មាន​ភារកិច្ច​ធ្វើ​អាជីវកម្ម-​សេវាកម្ម​ផែ ​ហើយ​ដែល​មាន​ការទទួល​ស្គាល់ ​និង​តែងតែ​ឈាន​មុខ​គេ​ជានិច្ច ​ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវ​ទឹក​តាម​ដងទន្លេ ​តាមរយៈ​ការផ្តល់​សេវា​ប្រកប​ដោយ​គុណភាព​រហ័ស ​និង​តម្លៃ​ប្រកួត​ប្រជែង ​តាមរយៈ​ការពង្រីក​ និង​បង្ខិត​សេវា​របស់​ខ្លួន​ទៅ​ជិត​អ្នក​ប្រើប្រាស់។ កំពង់ផែ​នេះ ​នឹង​ខិតខំ​ពង្រីក​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​ឱ្យ​កាន់តែ​មាន​ដំណើរការ​ល្អប្រសើរ​ថែម​ទៀត៕