ភ្នំពេញៈ កម្ពុជា​កំពុង​ពិនិត្យ​លទ្ធភាព​ដើម្បី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ Alibaba ដែលជា​ក្រុមហ៊ុន​ថ្នាល​បច្ចេកវិទ្យា​ផ្សារ​អន​ឡាញ​ដ៏​ធំ​របស់​ប្រទេស​ចិន​ក្នុងការ​នាំចេញ​ផលិតផល​ខ្មែរ​ទៅ​ទីផ្សារ​អន​ឡាញ​បរទេស​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចពិភាក្សា​លើក​ទី​ ១ របស់​ក្រុមការងារ​ចំពោះ​ការសិក្សា​ពី​លទ្ធភាព និង​សម្របសម្រួល​ការនាំចេញ​ផលិតផល​ខ្មែរ​ទៅកាន់​ទីផ្សារ​អន​ឡាញ​បរទេស តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​ក្រុមហ៊ុន Alibaba​។​

​លោក​ថ្លែងថា​៖ «​ក្រសួងពាណិជ្ជកម្ម​បាន​ខិតខំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង Alibaba ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​ ១ ​ផលិតផល ​១ ហើយ​ជា​លទ្ធផល​បឋម​ក្រុមការងារ​បាន​ចូលរួម​ប្រជុំ​ចំនួន​៣​លើក​ជាមួយ Alibaba រហូត​ឈានដល់​ការសម្រេចបាន​នូវ​សេចក្ដីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។

​សម្រាប់​ការត្រៀម​ចូល eWPT របស់ Alibaba ក្រសួងពាណិជ្ជកម្ម​បាន​សហការ​ជាមួយនឹង​វិស័យ​ឯកជន ដោយបាន​នាំចេញ​ផ្លែ​មៀន​ទៅ​ប្រទេស​ចិន​ដោយ​ដាក់លក់​នៅលើ​ថ្នាល​បច្ចេកវិទ្យា​របស់ Alibaba ដែលជា​លទ្ធផល ត្រឹម​រយៈពេល ៣ ថ្ងៃ ផ្លែ​មៀន​របស់​កម្ពុជា​លក់បាន​រហូតដល់ ១៨ ​តោន​។

​លោក នាង សំរិត​កុមារ អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បានឱ្យ​ Fresh News ដឹង​នៅ​ថ្ងៃទី ​២១ ខែធ្នូ​ថា មៀន​ប៉ៃលិន​កម្ពុជា បានចាប់ផ្តើម​ដាក់លក់​នៅលើ​ទីផ្សារ​អន​ឡាញរ​បស់ Alibaba Group កាលពី​ថ្ងៃទី ​១២ ខែធ្នូ ឆ្នាំ​ ២០២២ នៅ​ទីក្រុង​ហាន់​ចូ​វ ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន​។​

​កាលពី​ថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ក្រសួងពាណិជ្ជកម្ម​ក៏បាន​ចុះ MOU ជាមួយ​ក្រុមហ៊ុន Lanton Cloud ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា ព្រមទាំង​ជំរុញ​ដល់​ការផ្សព្វផ្សាយ​ផលិតផល​របស់​កម្ពុជា​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ពិភពលោក​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ លោក សូរ​ស័ក្តិ បាន​លើកឡើងថា MoU នឹងចូលរួម​កសាង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ជំរុញ​ការផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​ទៅកាន់​ពិភពលោក​។ MoU នេះ​នឹង​បង្កើតឱ្យមាន​ការតភ្ជាប់​រវាង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួងពាណិជ្ជកម្ម ជាមួយនឹង​Platform ដែល​បង្កើត​ដោយ​វិស័យ​ឯកជន​នៅក្រោម​កម្មវិធី Lanton Cloud ក្នុងន័យ​ជំរុញ​ឱ្យ​ទំនិញ​កម្ពុជា​មានលទ្ធភាព​ពង្រីក​ទីផ្សារ​កាន់តែ​ធំ​៕