ភ្នំពេញៈ អ្នកសេដ្ឋកិច្ច​លើកឡើងថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​មក​កម្ពុជា គឺ​មិន​ត្រឹមតែ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​អាល្លឺម៉ង់​ឱ្យ​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​ធ្វើឱ្យ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាល្លឺម៉ង់​មាន​ទឹកប្រាក់​កាន់តែច្រើន ខណៈ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ កាលពី​ឆ្នាំ​ ២០២២ សម្រេចបាន​លើសពី ១​ ពាន់​លាន​ដុល្លារ​។​

​ប្រធានាធិបតី​ប្រទេស​អាល្លឺម៉ង់ លោក FrankWalter Steinmeier ព្រមទាំង​គណៈប្រតិភូ បានធ្វើ​ដំណើរ​មក​បំពេ​ញ​ទស្សនកិច្ច រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា ពីថ្ងៃ​ទី​ ១៤-១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៣ តាម​ការអញ្ជើញ​របស់ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី​។ លោក FrankWalter Steinmeier គឺជា​ប្រធានាធិបតី​អាល្លឺម៉ង់​ទី​១ ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា​។​

​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​ទំនិញ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​កម្ពុជា​អាល្លឺម៉ង់ ក្នុង​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​សរុប ១ ២៤៦,៩០៤​ លាន​ដុល្លារ កើនឡើង ១៩,៣​ ភាគរយ​ពី ១ ០៤៥,៣៦៦​ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២១​។ ទំហំ​ទឹកប្រាក់​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ គឺ​ស្មើនឹង ២,៣៧៨ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ ​២០២២​។​

​យោងតាម​ទិន្នន័យ​ខាងលើ គឺ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាល្លឺម៉ង់ ក្នុង​ឆ្នាំ​ ២០២២ មាន​ចំនួន ១ ០៨៣,៦២៤ ​លាន​ដុល្លារ កើន ២៣​ភាគរយ (​ឈរ​លេខ​៦ ជា​ប្រទេស​ទទួល​ទិញ​ទំនិញ​ច្រើន​ពី​ប្រទេស​កម្ពុជា​) ចំណែក​ទំនិញ​នាំចូល​ពី​អាល្លឺម៉ង់ មាន ១៦៣,២៨០​លាន​ដុល្លារ ធ្លាក់ចុះ ០,៨​ ភាគរយ ​(​ឈរ​លេខ​ ១៨ ជា​ប្រទេស​នាំចូល​ទំនិញ​មក​កម្ពុ​ជាច្រើន​)​។ បើតាម​ស្ថិតិ​គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ៩២០,៣៤៤​ លាន​ដុល្លារ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៦ ខែកុម្ភៈ​ថា អាល្លឺម៉ង់ ជា​ប្រទេស​រីកចម្រើន និង​មាន​សេដ្ឋកិច្ច​ធំ​ជាង​នៅក្នុង​ទ្វីបអឺរ៉ុប ហើយ​តែងតែ​បញ្ជា​ទិញ​ទំនិញ​ច្រើន​ពី​កម្ពុជា​ដោយ​មិនសូវ​ផ្តោតលើ​បញ្ហានយោបាយ​ឡើយ​។ ទឹកប្រាក់​នៃ​ការនាំ​ចេញពី​កម្ពុជា​ដែលមាន​រហូតដល់​ជាង ១​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២២ គឺ​ដោយសារ​គុណភាព និង​កេរ្តិ៍ឈ្មោះ​ផលិតផល​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​នៅ​ទីនោះ និង​មានតម្លៃ​សមរម្យ​។ លោក​បន្តថា សម្រាប់​ចំនួន​ទឹកប្រាក់​ទំនិញ​នាំ​ពី​អាល្លឺម៉ង់ មាន​តិច គឺ​ដោយសារ​ផលិតផល​អាល្លឺម៉ង់​មានតម្លៃ​ខ្ពស់​។​

​លោក​បន្ថែមថា ទំនាក់ទំនង​ការទូត​ដែលមាន​កន្លងមក និង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាល្លឺម៉ង់​នៅ​កម្ពុជា នឹង​ជួយ​ជំរុញ​ឱ្យ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជា​អាល្លឺម៉ង់ មាន​ទំហំ​កាន់តែ​ធំ ពិសេស​ការនាំ​ទំនិញ​កម្ពុជា​ទៅកាន់​ទីផ្សារ​អា​ល្លឺ​មង់​។​

​លោក​អះអាងថា​៖ «​សេដ្ឋកិច្ច និង​នយោបាយ​តែង​ដើរ​ជាមួយគ្នា ដូច្នេះ​បើ​ប្រទេស​ទាំង ​២ មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​កាន់តែ​ល្អ កម្ពុជា​ក៏មាន​ឱកាស​កាន់តែច្រើន​ក្នុង​ការនាំ​ផលិតផល​ខ្លួន​ទៅ​ប្រទេស​អាល្លឺម៉ង់​ដែរ​។ ដោយសារ​អាល្លឺម៉ង់​ជា​បងធំ​ក្នុង​សហគមន៍​អឺរ៉ុប ​(​សេដ្ឋកិច្ច​ធំជាងគេ​) ដូច្នេះ​តាមរយៈ​ទំនាក់ទំនង​ល្អ​នេះ ក៏​អាចជួយ​ឱ្យ​ទំនិញ​កម្ពុជា​ហូរ​បន្តទៅ​ទីផ្សារ​អឺរ៉ុប​កាន់តែច្រើន​ដែរ​»​។​

​បើតាម​លោក វណ្ណៈ ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​អាល្លឺម៉ង់​ភាគច្រើន គឺ​សម្លៀកបំពាក់ ស្បែកជើង ទំនិញ​សម្រាប់​ធ្វើដំណើរ កង់ និង​ផលិតផល​កសិកម្ម ចំណែក​ទំនិញ​ដែល​អាល្លឺម៉ង់ នាំមក​កម្ពុជា គឺ​រថយន្ត គ្រឿងអគ្គិសនី អេឡិចត្រូនិក និង​គ្រឿងសំណង់​។​

​កាលពី​ថ្ងៃទី ​១៥ ខែកុម្ភៈ ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​ធុរកិច្ច​អាល្លឺម៉ង់ ដែល​ដឹកនាំ​ដោយ​លោក Michael Kellner រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​បរិស្ថាន​អាល្លឺម៉ង់ នៅ​ទីស្តីការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ CDC បាន​ស្នើឱ្យ​អ្នកវិនិយោគ​អាល្លឺម៉ង់​ចូលមក​សិក្សា​ពី​កាលានុវត្តភាព​វិនិយោគ​របស់​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ប្រទេស​កម្ពុជា​បាន​បើកចំហ​សម្រាប់​បរិយាកាស​វិនិយោគ ដោយ​អនុញ្ញាតឱ្យ​វិនិយោគិន​បរទេស​អាច​បណ្តាក់ទុន​វិនិយោគ​នៅលើ​គ្រប់​វិស័យ ដោយ​មិនមាន​ការតម្រូវ​ឱ្យមាន​ការចូលរួម​ទុន​ពី​វិនិយោគិន​ក្នុងស្រុក​ទេ​»​។​

​លោក Michael Kellner បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាល្លឺម៉ង់ និង​បាន​ប្រាប់ថា រដ្ឋាភិបាល​អាល្លឺម៉ង់​កំពុង​ជំរុញ​វិនិយោគិន​របស់ខ្លួន​ឱ្យមក​បណ្តាក់ទុន​នៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ ខ្ញុំ​សង្ឃឹមថា វិនិយោគិន​អាល្លឺម៉ង់​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពេលនេះ​នឹង​ចាប់យក​ឱកាស​ពី​បរិយាកាស​វិនិយោគ​បើកចំហ និង​អំណោយផល​ធ្វើការ​បណ្តាក់ទុន​នៅ​កម្ពុជា​»៕