អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​ឱ្យ​ដឹង​ថា ក្នុង​ខែមករា ដើម​ឆ្នាំ ២០២៣ ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ ប្រមូល​បាន​ប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក ស្មើ​នឹង ៨ % នៃ​ផែនការ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣។

ការបង្ហាញ​តួលេខ​ចំណូល​ពន្ធ​នេះ ត្រូវបាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​មករា ឆ្នាំ២០២៣ ព្រម​ទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០២៣ ដែល​ដឹកនាំ​ដោយ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ លោក គង់ វិបុល។

លោក គង់ វិបុល បាន​ឱ្យ​ដឹង​ថា៖«ចំពោះ​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ក្នុង​ខែ​មករា ឆ្នាំ២០២៣ ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ ដែល​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ជាក់ស្តែង​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អនឡាញ​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​មាន​ចំនួន ១ ២១៧,៣៨ ប៊ីលាន​រៀល (ប្រមាណ​ជា ៣០០,៥៩ លាន​ដុល្លារ ស្មើ​នឹង ៨,៤២ % នៃ​ផែនការ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣»។

លើសពី​នេះ ក្នុង​ខែ​មករា ឆ្នាំ ២០២៣ ចំណូល​ពី​ប្រភេទ​ពន្ធ​សំខាន់ៗ​បាន​រក្សា​កំណើន​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២២ ក្នុងនោះ​ពន្ធ​លើ​ប្រាក់​ចំណូល ២០,៧៣ % អាករ​លើ​តម្លៃ​បន្ថែម ៨,៥៧ % និង​ពន្ធ​លើ​ប្រាក់​បៀវត្ស ១៨, ០៧ %។

លោក គង់ វិបុល បាន​ឱ្យ​ដឹង​ថា អគ្គ​នាយក​ដ្ឋាន​ពន្ធដារ បាន​ចាប់​ផ្តើម​ឆ្នាំ២០២៣ ជាមួយនឹង​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​ខែ​មករា ឆ្នាំ២០២៣ ធៀបនឹង​ខែ​មករា ឆ្នាំ២០២២ ក៏ដូចជា​ផែនការ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២៣។

លោក​ថា៖ «ហើយ​សម្រាប់​រដូវកាល​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​រំពឹង​ថា ការប្រកាស​និង​បង់ប្រាក់​ពន្ធ​លើ​ប្រាក់​ចំណូល សម្រាប់​ឆ្នាំ២០២២ នឹង​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ និង​មិនមាន​ការថមថយ​ឡើយ តាមរយៈ​ប្រព័ន្ធ​ពន្ធដារ E-Filing និង ToI E-Filing ដែលជា​ប្រព័ន្ធ​ដ៏រឹងមាំ​និង​មាន​តម្លា​ភាព និង​ជាយន្តការ​យ៉ាង​សំខាន់ ក្នុង​ការពង្រឹង​ការផ្ទៀងផ្ទាត់​ការដាក់​លិខិត​ប្រកាស និង​បង់​ប្រាក់​ពន្ធ (Cross check)»។

នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា​លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា ការបង្កើន​សមត្ថភាព​របស់ រដ្ឋា​ភិបាល ជាពិសេស​អគ្គ​នាយកដ្ឋាន​ពន្ធដារ និង​ស្ថាប័ន​ដទៃទៀត​ដែល​ដើរ​តួនាទី​ក្នុង​ការប្រមូល​ចំណូល​ចូល​រដ្ឋ​ឃើញ​មានការកើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដែល​ជាដំណើរ​វិវត្តន៍​ដ៏ល្អ​មួយ​សម្រាប់​កម្ពុជា ដែល​អាច​ឱ្យ​យើង​ប្រមូល​ចំណូល​ផ្ទាល់ខ្លួន​ដើម្បី​ដាក់​ចូល​ថវិកា​ជាតិ យក​ទៅ​ប្រើប្រាស់​តាម​ផែនការ​ដែល​ច្បាប់​ថវិកា​ជាតិ​អនុវត្ត​ប្រចាំ​ឆ្នាំ។ លោក​ថា៖«ការបង្កើន​សមត្ថភាព​នេះ​ទីមួយ​អាច​ឱ្យ​យើង​កាត់​បន្ថយ​នូវ​ការពឹងពាក់​ទៅ​លើ​កម្ចី​បរទេស ទី២ អាច​ឱ្យ​យើង​កាត់​បន្ថយ​ការពឹងពាក់​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​លើ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ដែល​យើង​តែងតែ​ប្រើប្រាស់​កន្លងមក​ដោយសារ​យើង​ខ្វះ​ថវិកា​ប្រចាំ​ឆ្នាំ ហើយ​អាច​ឱ្យ​យើង​ឈរ​ជើង​ដោយ​ខ្លួនឯង​ផ្នែក​ហិរញ្ញវត្ថុ»។

ពាក់ព័ន្ធ​ការគ្រប់គ្រង​ពន្ធ​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ ២០២៣ បាន​កោត​សរសើរ​ចំពោះ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​ទាំងអស់​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​បំពេញ​បេសកកម្ម​ដ៏ជោគជ័យ ដោយ​បាន​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃ​ក្នុង​ជូន​រដ្ឋ​បាន​គ្រប់ និង​លើស​ផែនការ​កំណត់​ដោយ​ច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២ ប្រកប​ដោយ​មោទនភាព​៕​