ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដា​រនា​ថ្ងៃទី ១៦ កុម្ភៈ ​បានចេញ​សេចក្តី​បំភ្លឺ​មួយ ក្រោយពី​មាន​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​ផ្សព្វផ្សាយ​រូបភាព​នៃ​ការចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ ២០២២ របស់​សាខា​ពន្ធដារ​ខេត្ត​ស្វាយរៀង ដោយបាន​លើកឡើង​ថា "​ភូមិ​ពភ្លា សង្កាត់​សង្ឃ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​ប្លែក​ទៀតហើយ មន្ត្រី​ពន្ធដារ​និង​ប៉ូលិស ចរាចរណ៍​ចុះទៅ​សួរសុខទុក្ខ​បងប្អូន​តាម​វាលស្រែ ក្នុង​គោយន្ត​មួយគ្រឿង​ត្រូវ​ផាកពិន័យ ២០០ ០០០ រៀល”។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​លើកឡើងថា ក្នុង​គោលដៅ​ធានាបាន​នូវ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​, ស្របតាម​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ជាពិសេស​ដើម្បី​ធានា​បាន​នូវ​សមធម៌​និង​តម្លាភាព​នៃ​ការបំពេញ​កាតព្វកិច្ច​ពន្ធ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ ២០២២​។ នេះ​ស្របតាម​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ស្តីពី​ការចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ ២០២២ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ។

​យោងតាម​ប្រកា​សលេខ ៥៣១ សហវ​.​ប្រក ចុះ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៨ ស្ដីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ ម្ចាស់​យានយន្ត រួមទាំង​ម្ចាស់​រថយន្ត​កែច្នៃ​ក្នុងស្រុក ត្រូវមាន​កាតព្វកិច្ច​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​។ បន្ថែម​ពីនេះ ឧបសម្ព័ន្ធ I ចំណុច ខ នៃ​ប្រកាស​នេះ ក៏បាន​កំណត់ថា រថយន្ត​ដែល​បំប្លែង​មកពី​គោយន្ត និង​រថយន្ត​កែច្នៃ​កង់បី (​បំពាក់​ដោយ​ម៉ាស៊ីនរថយន្ត​) ត្រូវ​កំណត់​ជា​រថយន្ត​ដឹកទំនិញ​ដល់ ៣​តោន ដែល​ត្រូវ​បង់ពន្ធ​ចំនួន ២០០ ០០០ រៀល​ក្នុង ១ ឆ្នាំ​ក្នុង ១ គ្រឿង។​

​ចំពោះ​ការលើកឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បំភ្លឺថា នៅ​ថ្ងៃទី ១៥ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ក្រុម​ការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ ដឹកនាំ​ដោយ​សាខា​ពន្ធដារ​ខេត្ត​ស្វាយរៀង បាន​ចុះ​ត្រួតពិនិត្យ​តាម​ដងផ្លូវ​នៅ​ជិត​ទីតាំង​ដែល​រថយន្ត​កែច្នៃ​នោះ​កំពុង​ចរាចរ និង​ប្រកប​សកម្មភាព​អាជីវកម្ម​ដឹកដី ហើយ​បាន​ពិនិត្យ​ឃើញថា​ម្ចាស់​រថយន្ត​កែច្នៃ​ទាំងនោះ ពុំទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ស្របតាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជាធរមាន​នៅឡើយ ទើប​កម្លាំងចម្រុះ​ធ្វើការ​ណែនាំ និង​អញ្ជើញ​ម្ចាស់​រថយន្ត​កែច្នៃ​ទាំងនោះ មក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​នៅ​គោលដៅ​កំណត់។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បញ្ជាក់ថា​៖ «​ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រី​ពន្ធដារ​គឺ​ត្រូវ​អនុលោម​តាមច្បាប់​និង​បទប្បញ្ញត្តិ ស្តីពី​ពន្ធដារ​ជា​ធរមាន ក្នុង​ករណី​មន្ត្រី​ពន្ធដារ​រូប​ណា​អនុវត្ត​ខុសពី​ច្បាប់​និង​បទប្បញ្ញត្តិ​ជា​ធរមាន​នឹងត្រូវ​ទទួលរង​ពិន័យ​ឬ ទោសទណ្ឌ​តាមច្បាប់»។

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​អំពាវនាវ​ឱ្យមាន​ការចូល​រួមសហកា​រ​អនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ជាធរមាន​ឱ្យបាន​ខ្ជាប់ខ្ជួន​។ ជាមួយគ្នា​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏សូម​ជំរុញ​ដល់​ម្ចាស់​យានយន្ត ដែល​ខកខាន​មិនបាន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ ២០២២ សូមមេត្តា​រួសរាន់​មក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​នេះ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ៕​