កំ​ពតៈ អភិបាល​ខេត្តកំពត លោក ​ម៉ៅ ធនិន លើកឡើងថា អតីត​ទីតាំង​សមរភូមិ​ប្រយុទ្ធ​ដ៏​ក្តៅគគុក​រវាង​កងទ័ព​រដ្ឋាភិបាល និង​កងកម្លាំង​ទ័ព​ខ្មែរក្រហម នៅ​ខេត្តកំពត បានក្លាយ​ទៅជា​តំបន់​ទេសចរណ៍ និង​ចម្ការ​ចេកអំបូង​លឿង ដែល​ទទួល​ទិន្នផល​បាន​ ២០០០-២ ៥០០​ តោន ក្នុង​ ១​ ខែ សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស និង​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាង​ ២ ០០០ ​នាក់ រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។

​លោក​ ម៉ៅ ធនិន ថ្លែង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ភាពជោគជ័យ​ក្នុង​រយៈពេល ​៥ ​ឆ្នាំកន្លងមក​» ​របស់​រដ្ឋបាល​ខេត្តកំពត រៀបចំដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​ ១៦ ខែកុម្ភៈ​។

​លោក​ថ្លែងថា​៖ «​ទីកន្លែង​នោះ​ពីមុនមក​ជាទី​កន្លែង​សមរភូមិ​ប្រយុទ្ធ ប៉ុន្តែ​ឥឡូវ​ប្រែ​ក្លាយទៅជា​ចម្ការចេក ហើយ​មិន​ត្រឹមតែ​ចម្ការចេក​ទេ វា​ទៅជា​កន្លែង​ទេសចរណ៍​ទៀត​។ ភ្ញៀវ​ចេញចូល​មិន​ដាច់​ទេ​ទៅ​មើល​ការដាំដុះ​ចេក​នេះ ហើយចេក​នេះ​ធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស​ផង និង​ធ្វើការ​នាំចេញ​នៅនឹងកន្លែង​ផង​។ នាំចេញ​នៅនឹងកន្លែង​មានន័យថា ការបញ្ជាទិញ​ពី​បងប្អូន​ប្រជាពលរដ្ឋ​»​។

​លោក​អភិបាលខេត្ត​ឱ្យដឹងថា មាន​ក្រុមហ៊ុន​ចំនួន​ ២ ទទួលបាន​ផ្ទៃដី ដែល​ទទួលស្គាល់​ដោយ​ច្បាប់​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ការដាំដុះ​ចេកអំបូង​លឿង​។ ប៉ុន្តែ​ដោយសារ​ទីផ្សារ​ល្អ​ដូច​ការលើកឡើង​មកនេះ និង​តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន ក្រុមហ៊ុន​ដាំចេក​អំបូង​ខេត្តកំពត​គ្រោង​នឹងធ្វើ​ការពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែមទៀត​ក្នុងពេល​ខាងមុខ​។

​លោក​បញ្ជាក់ថា​៖ «​បញ្ហា​នេះ​ក្នុងនាម​អាជ្ញាធរខេត្ត ក៏ដូចជា​មន្ទីរជំនាញ​របស់​យើង គឺ​យើង​មានការ​គាំទ្រ​ណាស់​ទៅលើ​ផ្នែក​នេះ​។ ឥឡូវនេះ​ក្រុមហ៊ុន​កំពុងមាន ការជំរុញ​បន្ថែម​ទៅលើ​ការដាំដុះ​។ ខ្ញុំ​សង្ឃឹមថា បើសិនជា​ការដាំដុះ​នេះ​ល្អ នឹង​អាច​ពង្រីក​បាន​លើ​ផ្ទៃដី​មួយចំនួន​ដែល​ពាក់ព័ន្ធ​នៅ​ទីនោះ​ថែមទៀត ដោយមាន​ការចូលរួម​ពី​សហគមន៍ ពី​បងប្អូន​ប្រជាពលរដ្ឋ​ជុំវិញ​នោះ​»​។

​លោក​ ម៉ៅ ធនិន លើកឡើងថា ចេក​មិនមែន​ដាំ​តែ​ក្នុង​ខេត្តកំពត​ទេ សូម្បី​ដីសណ្ត​នៅតាម​ទន្លេមេគង្គ​ប៉ែក​ខាងលើ​ពី​ក្រចេះ​មក​កំពង់ចាម​ក៏មាន​ការដាំដុះ​ចម្ការចេក​ផងដែរ ប៉ុន្តែ​លោក​ថា ការដាំដុះ​ចេក​តំបន់​នោះ គេ​យក​ទឹកទន្លេ​មេគង្គ​ស្រោចស្រព​។ ដោយឡែក​ចម្ការចេក​នៅ​ខេត្តកំពត គឺ​ប្រើប្រាស់​ទឹក​ស្រោចស្រព ដោយ​ទឹកជ្រោះ​ដែលជា​ទឹក​ល្អ គ្មាន​ជាតិគីមី ផ្សេង​លាយឡំ​ចូល​។ ហេតុនេះ​រសជាតិ​ចេក​ខេត្តកំពត​ឆ្ងាញ់​ប្លែក​ពី​ចេក​កន្លែង​ផ្សេងៗ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនបាន​បង្អាប់ទេ​ណា ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការហូប​របស់ខ្ញុំ​។ ខ្ញុំ​ហូប​ចេក​ខ្ញុំ និង​ហូប​ចេក​កន្លែង​ផ្សេង​មិន​ថា កន្លែងណា​ទេ​ឃើញថា ខ្ញុំ​ហូប​ចេក​នៅ​ខេត្ត​ខ្ញុំ និង​ហូប​ចេក​កន្លែង​ផ្សេង គឺ​ឱជា​រស​ខុសគ្នា​។ ចេក​កន្លែង​ខ្ញុំ​ក្រអូប ឈ្ងុយ ហើយ​មុត​»​។

​លោក​អភិបាលខេត្ត​បន្តថា ការពង្រីក​ផ្ទៃដី​ដាំ​ដុះ​ចេក​នៅ​ខេត្តកំពត នឹង​ទទួលបាន​ប្រាក់ចំណូល ព្រមទាំង​ជួយ​លើកកម្ពស់​ជីវភាព​ប្រចាំថ្ងៃ ប្រចាំខែ​របស់​ប្រជាពលរដ្ឋ​ផងដែរ និង​ទទួលបាន​ទីផ្សារពលកម្ម​នៅនឹងកន្លែង​បន្ថែមទៀត​។

ទិដ្ឋភាពចំការចេកអំបូងលឿង ក្នុងខេត្តកំពត។ រូបថត ឌិត ទីណា - DITH Tina

​បើតាម​លោក​អភិបាលខេត្ត ការដាំ​ចេក​នេះ មិនមែន​ពឹងផ្អែក​តែ​ទៅលើ​កត្តា​ដី​ ១ ​មុខ​ទេ គឺមាន​កត្តា​ផ្សេងៗ​បន្ថែមទៀត ដូចជា ការផ្គត់ផ្គង់​ទឹក និង​កត្តា​អាកាសធាតុ​ផងដែរ​។

​លោក​ ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា ខេត្តកំពត មាន​ក្រុមហ៊ុន ចំនួន​ ២ ដែល​ដាំ​ដុះ​ចេកអំបូង​លឿង គឺ​ក្រុមហ៊ុន វើ​ល​ទិសា របស់ ឧកញ៉ា ​សូ ងួន និង​ក្រុមហ៊ុន ឡុង ម៉េ​ត របស់​ឧកញ៉ា​ ហ៊ុន ឡាក់​។ តាមរយៈ​ការដាំដុះ​នៃ​ក្រុមហ៊ុន​ទាំង​ ២ ​ខេត្តកំពត​មាន​ចេក​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​បាន​ប្រមាណ​ជាង ​២០​ ម៉ឺន​តោន ​ក្នុង​ ១ ​ឆ្នាំ​។

​លោក​ប្រធាន​មន្ទីរ​ឱ្យដឹងថា ការដាំដុះ​ចេកអំបូង​នេះ ចិន​ជាទី​ផ្សារ​សំខាន់ ហើយ​ចិន​ក៏បាន​ដាក់​អ្នកជំនាញ​ដើម្បី​ធ្វើការ​សិក្សា​ដី និង​ទឹក ព្រមទាំង​ផ្តល់​បច្ចេកទេស​ដាំ​ដុះ​គ្រប់យ៉ាង ទាំង​ការដាក់​ជី ដែល​ធ្វើឱ្យ​ដំណាំ​ចេក​ទទួលផល​ល្អ និង​មាន​ទីផ្សារ​៕