ភ្នំពេញៈ សមាគម​ស្វាយចន្ទី​កម្ពុជា ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ ព​ន្លឿ​ន​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្វាយចន្ទី​ឱ្យបាន​ឆាប់ ខណៈ​បញ្ហា​អាកាសធាតុ​មិន​អំណោយផល ដូច​ការ​ព្យាករ​កាលពីដើមឆ្នាំ​ដែល​នឹង​ធ្វើឱ្យ​ទិន្នផល​ស្វាយចន្ទី ទំនងជា​មិន​ប្រសើរ​ជាង​ឆ្នាំ​ ២០២២​ឡើយ​។

លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា (​ស​សក​)​បាន​ប្រាប់​ឱ្យដឹងថា អាកាសធាតុ​មិន​អំណោយផល ដូច​ការ​ព្យាករ​កាលពីដើមឆ្នាំ​២០២៣​ទេ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មេឃ​មិន​អំណោយផល ដោយសារ​មាន​ភ្លៀង​ធ្លា​ក់ដោយ​អន្លើៗ ធ្វើឱ្យ​ចន្ទី​គាំង​ក្តឹប ខូច​ផ្កា​។​ដូចនេះ​សមាគម សូម​ទម្លាក់​ការ​ព្យាករ​ទិន្នផល​ចន្លោះ​ពី ៥០​ម៉ឺន​តោន ទៅ ៧០​ម៉ឺន​តោន នៅ​ឆ្នាំ​២០២៣​នេះ​។​

លោក​បាន​បន្ថែមថា អាកាសធាតុ​មិន​អំណោយផល នោះ​គឺ​ដោយសារ​អាកាសធាតុ​ត្រជាក់​អូសបន្លាយ​ភ្លៀង​ច្រើន​ដោយ​អន្លើ (​អំឡុង​ខែមករា​- កុម្ភៈ​)​មេឃ​អួអាប់​ខ្លាំង​ធ្វើឱ្យ​ចន្ទី​គាំង​ក្តឹប ដែល​ធ្វើឱ្យ​សមាគម​មានការ​បារម្ភ​ថា កសិករ​នឹង​បន្ត​កាប់​ដើម​ស្វាយចន្ទី​ចោល​បន្ថែមទៀត​។​

លោក​អួន ស៊ី​ឡុ​ត​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​តម្លៃ​ឆ្នាំនេះ​ល្អ​នា​ដើមរដូវ​ប្រមូល​ផល​ដោយសារ​ផលិត​បាន​តិច តម្លៃ​ចន្លោះ​ពី ៥០០០​រៀល ទៅ ៦២០០​រៀល សម្រាប់​គ្រាប់​ស្រស់​។ មិនដឹង​ទៅ​ថ្ងៃមុខ​យ៉ាងណាទេ គ្រាប់​សើម ស​សក មិនអាច​ជួយ​បាន ស​សក ជួយ​បានតែ​គ្រាប់​ស្ងួត​។​ខាង​ខ្ញុំ​មិនទាន់​ឃើញ​ចំណាត់ការ​ជាក់លាក់​ណាមួយ​ចេញ​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោយ​អនុលោម​តាម​គោលនយោបាយ​ជាតិ​ស្តីពី​ចន្ទី​នៅឡើយ​ទេ​។​យើង​ចង់ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្វាយចន្ទី ឱ្យបាន​ឆាប់​»​។​

លោក ប៉ែន ប៉ោ​សេង ប្រធាន​សមាគម​ស្វាយចន្ទី​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការដាំដុះ​ស្វាយចន្ទី​នៅ​ឆ្នាំនេះ​ហាក់​ប្រសើរ​ជាង​ឆ្នាំ​២០២២​បន្តិច ប៉ុន្តែ​អាកាសធាតុ​នៅតែ​ជា​បញ្ហា ដែល​អាចធ្វើឱ្យ​ការប្រមូល​ផល​ស្វាយចន្ទី​ឆ្នាំនេះ មិនសូវ​ជា​ប្រសើរ​ជាង​ឆ្នាំមុន​ប៉ុន្មាន​ទេ​»​។​

លោក​បាន​ឱ្យដឹងទៀតថា មេឃ​ត្រជាក់ មិន​អំណោយផល​ដល់​ដំណាំ​ស្វាយចន្ទី​ទេ ព្រោះ​ស្វាយចន្ទី​ត្រូវការ​អាកាសធាតុ​ក្តៅ ទើប​លូតលាស់​បានល្អ ប៉ុន្តែ​អាកាសធាតុ​ត្រជាក់ លាយឡំ​នឹងមាន​ភ្លៀង​ធ្លាក់​ផង​នោះ នឹង​ធ្វើឱ្យ​ទិន្នផល​ស្វាយចន្ទី​ធ្លាក់ចុះ​។​តែ​យ៉ាងណាមិញ នៅ​មិនទាន់​អាច​ព្យាករ​បាន​ជាក់លាក់​នៅឡើយ​ទេ ព្រោះ​វា​អាស្រ័យទៅលើ​ពូជ​ដែល​កសិករ​ដាំ​ដុះ និង​អាកាសធាតុ​នាពេលខាងមុខ​ទៀត​។​

លោក​ ប៉ែន ប៉ោ​សេង បាន​បញ្ជាក់ថា​៖«​នៅក្នុង​ឆ្នាំ​២០២២ មាន​ទឹកភ្លៀង​ធ្លាក់​ច្រើន តែ​ឆ្នាំនេះ​ថ្វីដ្បិតតែ​មេឃ​ចុះ​ត្រជាក់ តែ​មេឃ​មាន​កម្ដៅ​ច្រើនជាង ប៉ុន្តែ​អាកាសធាតុ​ត្រជាក់​អូសបន្លាយ​នេះ វា​ធ្វើឱ្យ​ចន្ទី​ចេញ​ផ្កា ចេញ​ក្តឹប មិន​ស្រុះគ្នា ដែល​ធ្វើឱ្យ​ការប្រមូល​ផល​ត្រូវ​ចំណាយពេល​យូរ​។​ក្រៅពី​បញ្ហា​អាកាសធាតុ​ហើយ បញ្ហា​កើនឡើង​នៃ​ការចំណាយ​ថ្លៃដើម​ទៅលើ​ជី​ថ្នាំ​កសិកម្ម និង​ប្រេងឥន្ធនៈ ក៏​នៅជាប​ញ្ហា​មួយទៀត​សម្រាប់​កសិករ​ដែរ »​។​

ទោះជា​ជួប​បញ្ហា​ទាំងនេះ​ក៏ដោយ បើតាម​តាម​លោក​ប៉ែន ប៉ោ​សេង ខាង​សមាគម​ស្វាយចន្ទី​ខេត្តកំពង់ឆ្នាំង តែងតែ​ណែនាំ ដល់​កសិករ ពី​វិធីសាស្ត្រ​មួយចំនួន ក្នុងការ​កាត់បន្ថយ​ការ​ចំណាយបាន​មួយចំណែក​។​លោក​ក៏​ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ស្វាយចន្ទី​ឱ្យបាន​ឆាប់ ដោយ​លោក​យល់ឃើញថា គោលនយោបាយ មានការ​លើកទឹកចិត្ត​ច្រើន​ដល់​អ្នក​ដាំ​ដុះ​ស្វាយចន្ទី ជាពិសេស​ការពង្រីក​ទីផ្សារ​បន្ថែម​។​

កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាល​បានអនុម័ត​លើ​សេចក្តីព្រាង “​គោល​យោ​បាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ឆ្នាំ​២០២២-២០២៧” ដើម្បី​អភិវឌ្ឍ​ផលិតកម្ម កែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង​ប្រកបដោយ​បរិ​យា​ប័ន្ន ធានា​នូវ​និរន្តរភាព និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។

គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី មាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​ផលិតកម្ម កែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង​ប្រកបដោយ​បរិ​យា​ប័ន្ន ធានា​នូវ​និរន្តរភាព និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​មាន​គោលបំណង​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​សា្វ​យ​ចន្ទី​ដ៏​សំខាន់​មួយ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក ខណៈដែល​បច្ចុប្បន្ន​ផលិតផល​ស្វាយចន្ទី​ភាគច្រើន​បាន​នាំចេញ​ជា​ផលិតផល​មិនទាន់បាន​កែច្នៃ​ដែលនាំឱ្យ​កម្ពុជា​ទទួលបាន​តម្លៃបន្ថែម​ទាប​។

បើតាម​ក្រសួងកសិកម្ម ស្វាយចន្ទី​ជា​ដំណាំ​ឧ​ហ្សា​ហ​កម្ម​រយៈពេល​វែង ដែល​មិន​រើស​ដី ងាយស្រួល​ដាំ​ដុះ ធន់​នឹង​អាកាសធាតុ ដែល​ឃើញ​មាន​ភាគច្រើន​ដាំ​ដុះ​នៅ​តំបន់​ខ្ពង់រាប នៃ​ប្រទេស​កម្ពុជា ដូចជា​ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧ​ត្ត​រ​មានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង​ខេត្តកោះកុង​។ ដំណាំ​ស្វាយចន្ទី​ក៏មាន​ការដាំដុះ​នៅតាម​តំបន់​វាលទំនាប​មិន​លិច​ទឹក​ផងដែរ ដូចជា​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និង​ខេត្តសៀមរាប​។

ស្វាយចន្ទី​ជា​ដំណាំ​ឧស្សាហកម្ម​ដែលមាន​សារៈសំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ​។ បច្ចុប្បន្ន ស្វាយចន្ទី​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ជា​កសិផល​នាំ​ចេញទៅ​ក្រៅប្រទេស​ច្រើនជាងគេ បន្ទាប់ពី​ដំណាំ​ស្រូវ និង​ដំណាំ​ដំឡូង​មី​។ បើតាម​របាយការណ៍​បូកសរុប​ការងារ​របស់​ក្រសួងកសិកម្ម (២០២១-២០២២) ដំណាំ​ស្វាយចន្ទី​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​សរុប​ចំនួន ៤០៥ ៩៩១​ហិកតា និង​ទទួលបាន​បរិមាណ​ផល​សរុប ៤៧២ ៦៣៦ តោន​៕