ភ្នំពេញៈ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន មាន​សុទិដ្ឋិនិយម​ថា បុណ្យ​ទន្លេ​លើក​ទី​​៧ ឆ្នាំ​ ២០២៣ ដែល​រៀបចំ​ក្នុង​ខេត្តកំពង់ធំ នៅ​ខែក្រោយ​នឹងមាន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ជាច្រើន​ចូលរួម ខណៈ​នេះ​ជា​លើក​ទី​១ ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​នេះ​ឡើងវិញ​ចាប់តាំងពី​ឆ្នាំ​ ២០២០​។​

​ពិធីបុណ្យ​ទន្លេ លើក​ទី៧ ឆ្នាំ ​២០២៣ នឹង​រៀបចំ​ធ្វើ​ក្នុង​បរិវេណ​សួន​ស្ទឹងសែន ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃទី ​៨-១០ ខែមីនា ក្រោម​ប្រធានបទ​ ​«​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត​»​។​

​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​២០ ខែកុម្ភៈ លោកស្រី ឆាយ ស៊ីវ​លីន បានឱ្យដឹងថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នាពេល ខាងមុខ​នឹងមាន​ភ្ញៀវ​ជាច្រើន​ចូលរួម ព្រោះ​ជា​លើក​ទី១ ហើយ​ដែល​ពិធី​នេះ​ធ្វើ​ឡើងវិញ​បន្ទាប់ពី​អាក់ខាន​រយៈពេល ២ ឆ្នាំ ដោយសារ​វិបត្តិ​នៃ​ការឆ្លង​រាលដាល​កូ​វីដ ​១៩​។ បច្ចុប្បន្ន​ដំណើរការ​នៃ​ការរៀបចំ​កំពុងដំណើរការ​ទៅមុខ​យ៉ាង​រលូន​។ លោកស្រី​បន្តថា ក្នុង​ខេត្តកំពង់ធំ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ទាំង​បែប​ប្រវត្តិសាស្ត្រ ធម្មជាតិ និង​អេកូ​ទេសចរណ៍ ដូចជា ភ្នំ​សន្ទុក​, ប្រាសាទសម្បូរព្រៃគុក​, ព្រៃ​ប្រស់​, ភូមិ​បណ្តែត​ទឹក ​(​ផាត់​សណ្តាយ​)​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​នឹងមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ​នាពេលខាងមុខ ខណៈ​នេះ​ជា​ឆ្នាំ​ដំបូង​ដែល​រដ្ឋាភិបាល​សម្រេច​រៀប​ចំ​ពិធី​នេះ​ឡើងវិញ បន្ទាប់ពី​វិបត្តិ​កូ​វីដ​ ១៩»​។​

​លោកស្រី ស៊ីវ​លីន បានឱ្យដឹង​ទៀតថា ក្រៅពី​បំផុសគំនិត​ប្រជាជន​ឱ្យធ្វើ​ដំណើរ​កម្សាន្ត​ក្នុងប្រទេស ពិធី​នេះ​ក៏​ជាការ​ផ្សព្វផ្សាយ​ទៅកាន់​ភ្ញៀវ​អន្តរជាតិ​ឱ្យធ្វើ​ដំណើរ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​ផងដែរ​។​

​លោកស្រី​ប្រាប់ទៀតថា បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ គឺ​ក្រសួង​នឹង​ជំរុញឱ្យមាន​ការរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា ឱ្យបាន​កាន់តែច្រើន​នៅ​ទូទាំងប្រទេស ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​។​

​ក្នុង​សប្តាហ៍​កន្លងមក អភិបាលខេត្ត​កំពង់ធំ លោក ងួន រតនៈ ក៏បាន​ជួបប្រជុំ​ជាមួយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក យូ ស៊ុនឡុង រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី ដើម្បី​ត្រួតពិនិត្យ​ការងារ​រៀបចំ​ពិធីបុណ្យ ទន្លេ​លើក​ទី​ ៧ ដែល​នឹងមាន​ការចូលរួម​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​ពិធីបុណ្យ​ទន្លេ​ត្រូវបាន​រៀបចំ​លើក​ទី​១ ក្នុង​ឆ្នាំ​ ២០១៥ នៅ​ខេត្តក្រចេះ​, ឆ្នាំ​ ២០១៦ នៅ​ខេត្តស្ទឹងត្រែង​, ឆ្នាំ​ ២០១៧ នៅ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​, ឆ្នាំ​ ២០១៨ នៅ​ខេត្តកណ្ដាល​, ឆ្នាំ​ ២០១៩ នៅ​ខេត្តកំពង់ឆ្នាំង និង​ឆ្នាំ​ ២០២០ នៅ​ខេត្តបាត់ដំបង​។ វិបត្តិ​នៃ​ជំងឺ​កូ​វីដ​ ១៩ រាជរដ្ឋាភិបាល​បាន​ផ្អាក​កម្មវិធី​នេះ​ក្នុង​ឆ្នាំ​ ២០២១ និង​ឆ្នាំ ​២០២២៕