
ការបើកដំណើរការជាផ្លូវការរបស់រោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិក ដែលមានទុនវិនិយោគ ៣២ លានដុល្លាររបស់ក្រុមហ៊ុន Meko Intelligent (Cambodia) Co., Ltd ។ រូបថត Hun Manet Page
រោងចក្រផលិតអំពូលភ្លើង និងគ្រឿងអេឡិចត្រូនិក តម្លៃជាង ៣២លានដុល្លារ បើកដំណើរការផ្លូវការ
ភ្នំពេញៈ ការបើកដំណើរការជាផ្លូវការរបស់រោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិក ដែលមានទុនវិនិយោគ ៣២ លានដុល្លាររបស់ក្រុមហ៊ុន Meko Intelligent (Cambodia) Co., Ltd ត្រូវបានអ្នកជំនាញចាត់ទុកថា ជាផ្នែកមួយនៃការលើកកម្ពស់ការធ្វើពិពិធកម្មផលិតផលនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
គម្រោងវិនិយោគរបស់ Meko Intelligent (Cambodia) Co., Ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ដោយមានទីតាំងនៅក្នុងស្រុកសំរោង ខេត្តតាកែវ និងអាចបង្កើតការងារបាន ១ ៨២៨ កន្លែង។
ក្នុងពិធីសម្ពោធរោងចក្រ Meko Intelligent (Cambodia) Co., Ltd កាលពីថ្ងៃទី២០ ខែកុម្ភៈ លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងថា ការដាក់ឱ្យដំណើរការរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិក របស់ Meko Intelligent (Cambodia) Co., Ltd គឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលមានរោងចក្រកាន់តែច្រើនបើកដំណើរការ ដែលធ្វើឱ្យកម្ពុជាកាលពីអំឡុងទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០ ជាប្រទេសនាំចូលសម្ភារប្រើប្រាស់ស្ទើរទាំងអស់ពីក្រៅប្រទេស ប្រែវិវឌ្ឍខ្លួនទៅជាប្រទេសអាចផ្គត់ផ្គង់ដោយខ្លួនឯងបានស្ទើរគ្រប់មុខទំនិញ និងនាំចេញទៅលក់នៅក្រៅប្រទេសបានវិញកាន់តែច្រើន។ អ្វីដែលកម្ពុជាកំពុងមាននៅពេលនេះ គឺសុទ្ធតែកើតចេញពីម្លប់នៃសុខសន្តិភាព។

លោកហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធរោងចក្រ Meko Intelligent (Cambodia) Co., Ltd កាលពីថ្ងៃទី២០ ខែកុម្ភៈ។ រូបថត Hun Manet Page
លោកបានថ្លែងថា៖ «បច្ចុប្បន្ននេះកម្ពុជាយើងបានអភិវឌ្ឍសមត្ថភាពក្នុងការផលិត និងដំឡើងផលិតផលជាច្រើននៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជាគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ស្បែកជើង កាបូប និងវ៉ាលិស គ្រឿងសង្ហារិម គ្រឿងឧបករណ៍សម្ភារអគ្គិសនី កង់ ម៉ូតូ រថយន្ត ជាដើម»។
បើយោងតាមលោក ហ៊ុន ម៉ាណែត ផលិតផលដែលរោងចក្រ Meko Intelligent (Cambodia) Co., Ltd ផលិតបាន គឺសម្រាប់នាំចេញទៅទីផ្សារអាមេរិក កាណាដា និងប្រទេសមួយចំនួនទៀត។
រដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ ទើបប្រកាសដាក់ចេញនូវផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដែលផែនទីបង្ហាញផ្លូវនេះ មានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅក្រៅប្រទេស ដូចជា ខ្សែបង្គុំអគ្គិសនី កៅអី និងគ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គិសនី ជាដើម។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវវិនិយោគិន និងធុរជនទាំងក្នុង និងក្រៅស្រុក ឱ្យចូលមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន ខណៈច្បាប់វិនិយោគនៅកម្ពុជា គឺមានការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញបំផុត។

លោកហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធរោងចក្រ Meko Intelligent (Cambodia) Co., Ltd កាលពីថ្ងៃទី២០ ខែកុម្ភៈ។ រូបថត Hun Manet Page
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២១ ខែកុម្ភៈ ថា ការវិនិយោគលើឧស្សហកម្មផលិតគ្រឿងអេឡិចត្រូនិក-អគ្គិសនី និងគ្រឿងបង្គុំ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ គឺកំពុងបង្ហាញវត្តមានកាន់តែច្រើននៅកម្ពុជា ហើយវាក៏ជួយធ្វើឱ្យចន្ទល់សេដ្ឋកិច្ចកម្ពុជាកាន់តែធន់ និងរឹងមាំជាងមុន ដោយមិនពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចេញផលិតផលវាយនភណ្ឌ (មិនសូវមានស្ថិរភាព និងរយៈពេលវែង)ទៀតទេ។ ការវិនិយោគរបស់រោងចក្រប្រភេទនេះ (ឧស្សាហកម្មធុនមធ្យម) នឹងនាំមកនូវផលចំណេញយ៉ាងច្រើន ព្រមទាំងមាននិរន្តរភាពយូរអង្វែងផងដែរសម្រាប់កម្ពុជា។
លោកបានបញ្ជាក់ថា៖«ខ្ញុំគិតថា ការវិនិយោគលើរោងចក្រផលិតកម្មអំពូលភ្លើង គ្រឿងអេឡិចត្រូនិក-អគ្គិសនី និងឧស្សហកម្មធុនមធ្យម និងធ្ងន់ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន និងអាចឈានជើងចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសអភិវឌ្ឍន៍កាន់តែលឿន ជាពិសេសការឈានទៅសម្រេចគោលដៅដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០»។
លោកបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ព្រមទាំងការធ្វើបច្ចុប្បន្នភាពច្បាប់វិនិយោគ និងលក្ខខណ្ឌអនុគ្រោះដល់ការបណ្តាក់ទុន ជាបន្តបន្ទាប់នោះ គឺនឹងមានគម្រោងវិនិយោគកាន់តែច្រើនចូលមកបណ្តាក់ទុននៅកម្ពុជា។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉រ បាននិយាយថា បើសិនកម្ពុជាអាចធ្វើឱ្យតម្លៃអគ្គិសនីកានតែទាបថែមទៀតនោះ វានឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគឱ្យបញ្ចេញទុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា។ នៅពេលតម្លៃអគ្គិសនីទាប វានឹងជួយកាត់បន្ថយចំណាយថ្លៃដើម ដែលធ្វើឱ្យសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិកាន់តែខ្ពស់។
លោកអះអាងថា៖«តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនក្រៅប្រទេស ព្រោះប្រេង និងអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ផ្នែកផលិតកម្ម ក្រៅពីការចំណាយទៅលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ កាលណាតម្លៃប្រេង រួមទាំងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាប អ្នកវិនិយោគក្រៅស្រុកនឹងមើលឃើញឱកាសផ្សេងៗចេញពីកត្តាទាំងអស់នោះ»។
អគ្គនាយកនៃអគ្គិសនីកម្ពុជាលោក កែវ រតនៈ ថ្មីៗនេះបាននិយាយថា បើទោះបីបច្ចុប្បន្នតម្លៃប្រេង និងថាមពល នៅប្រទេសភាគច្រើន រួមទាំងប្រទេសជិតខាងកម្ពុជា បានកើនឡើងក៏ដោយ ក៏កម្ពុជាមិនដំឡើងថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឡើយ។ ការមិនដំឡើងថ្លៃ គឺដោយសារបច្ចុប្បន្នកម្ពុជាមានសមត្ថភាពផលិតថាមពលអគ្គិសនីស្អាតបានចំនួនជាង ៦០ភាគរយទៅហើយ៕