ភ្នំពេញៈ ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​នៅក្នុង​ខែ​ដំបូង ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប​ជិត ៣,៥​ ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ​ជិត ១/៣ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ នេះ​បើតាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ក្នុង​ខែមករា ឆ្នាំ​ ២០២៣ ការនាំ​ចេញចូល​ទំនិញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក មាន​ទឹកប្រាក់​សរុប ៣ ៤៩០,១៩៨ ​លាន​ដុល្លារ ធ្លាក់ចុះ ២៨.៨ ​ភាគរយ ពី ៤ ៨៩៩,៧៤៤​ លាន​ដុល្លារ​កាលពី​ខែមករា ឆ្នាំ​ ២០២២​។ សម្រាប់​ទឹកប្រាក់​នាំចេញ​ទំនិញ​នៅក្នុង​ខែមករា ឆ្នាំ​ ២០២៣ គឺ ១ ៥៦៧,៨៦៧ ​លាន​ដុល្លារ ធ្លាក់ចុះ ១៣,៩​ ភាគរយ និង​ការ​នាំចូល​ទំនិញ ១ ៩២២,៣៣១​ លាន​ដុល្លារ ធ្លាក់ចុះ ៣៧,៥ ​ភាគរយ​។ បើតាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុ​ជាមាន​ឱនភាព​ចំនួន ៣៥៤,៤៦៣​ លាន​ដុល្លារ​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ និយាយថា តាម​អ្វីដែល​លោក​ដឹង គឺ​ចំនួន​នៃ​ការបញ្ជាទិញ​ទំនិញ​សក្តានុពល​កម្ពុជា​ពី​ទីផ្សារ​គោលដៅ​ធំៗ​បានចាប់ផ្តើម​ធ្លាក់ចុះ​តាំងពី​ឆមាស​ទី ​២ ឆ្នាំ​ ២០២២ ដែល​បញ្ហា​នេះ​គឺ​ទាក់ទង​នឹង​កំណើន​សេដ្ឋកិច្ចពិភពលោក​ដែល​ស្ថិតក្នុង​ភាពមិនប្រាកដប្រជា​។ ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​បង្កើន​ការ​រឹតត្បិត​ការចំណាយ​របស់ខ្លួន​។​

​លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២០ ខែកុម្ភៈ ថា​៖ «​វិបត្តិ​សុខភាព និង​សេដ្ឋកិច្ចពិភពលោក​កំពុង​ដាក់បន្ទុក​កាន់តែខ្លាំង​លើ​តម្រូវការ​ផលិតផល​ដែល​មិនចាំបាច់​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ ​(​ក្រៅពី​ម្ហូបអាហារ​)​។ ដោយសារ​ផលិតផល​នាំចេញ​របស់​កម្ពុជា​ភាគច្រើន គឺ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កង់​ជាដើម ដូច្នេះ​ការបញ្ជាទិញ​ធ្លាក់ចុះ​នៅពេលនេះ​គឺជា​រឿង​ពិបាក​ចៀសផុត​»​។ លោក​បន្តថា​៖«​សម្រាប់​សមត្ថភាព​ខ្សែចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា គឺ​មិន​ថយចុះ​នៅឡើយ​»​។​

​ទោះយ៉ាងណា លោក​បញ្ជាក់ថា នេះ​គឺ​គ្រាន់តែ​ជា​តួលេខ​ក្នុង​ខែ​ដំបូង​ឆ្នាំ ​២០២៣ ​ប៉ុណ្ណោះ ដោយ​អ្វីៗ​អាច​នឹងមាន​ភាពល្អប្រសើ​រ​ឡើងវិញ ប្រសិនបើ​វិបត្តិ​ដែល​កំពុង​កើតមាន​ពេលនេះ ពិសេស​ជម្លោះ​ប្រដាប់អាវុធ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​អាច​បញ្ចប់​ទៅវិញ​ឆាប់រហ័ស​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង មិនអាច​ទាក់ទង​បានទេ ប៉ុន្តែ​លោក​ធ្លាប់​លើកឡើងថា កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​ជា​បន្តបន្ទាប់ ដោយ​មិន​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​ធ្វើដំណើរ ដូច​ទសវត្សរ៍​មុន​ទៀត​ទេ ព្រោះ​ពេលនេះ​ក្រៅពី​ផលិតផល​វាយ​ន​ភណ្ឌ កម្ពុជា​ក៏បាន​នាំចេញ​ផលិតផល​ជាច្រើន​មុខ​ទៀត​ដូចជា គ្រឿង​បង្គុំ​អគ្គិសនី​អេឡិចត្រូនិក​, កង់ និង​ផលិតផល​កសិកម្ម ជាដើម​។​

​លោក​អះអាងថា​៖ «​ក្នុង​ឆ្នាំ ២០២៣ នេះ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​នឹង​បន្ត​កើនឡើង​ធៀប​នឹង​ឆ្នាំ​ ២០២២ ដោយ​ក្នុងនោះ​ផលិតផល​នាំចេញ​របស់​កម្ពុជា​កាន់​តែមាន​លក្ខណៈ​ចម្រុះ​ជាង​មុន ខណៈ​ការ​នាំចូល ភាគច្រើន​គឺជា​វត្ថុធាតុដើម ឬ​ធាតុ​ផ្សំ​សម្រាប់​ដំណើរ​ការផលិត ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​»​។​

​ការ​ព្យាករ​ចុងក្រោយ​បំផុត​របស់​រាជរដ្ឋាភិបាល​បង្ហាញថា ក្នុង​ឆ្នាំ ២០២៣ ​នេះ សេដ្ឋកិច្ចកម្ពុជា​នឹង​បន្ត​និន្នាការ​កើន​ក្នុង​រង្វង់ ៥,៦​ភាគរយ ដោយ​ធ្លាក់ចុះ​ពី ៦,៦​ ភាគរយ​នៃ​ការ​ព្យាករ​កាលពី​ខែ​ខែតុលា ឆ្នាំ​ ២០២២ ដោយសារតែ​ភាពមិនប្រាកដប្រជា​នៃ​កំណើនសេដ្ឋកិច្ច​សកល​ដែល​បណ្តាលមកពី​សង្គ្រាម​រុស្ស៊ី​អ៊ុយ​ក្រែ​ន ការប្រែប្រួល​អាកាសធាតុ និង​ការបន្ត​អូសបន្លាយ​ពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។​

​ធនាគារពិភពលោក (WB) កាលពី​ថ្ងៃទី​ ៧ ខែធ្នូ ឆ្នាំ​ ២០២២ បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ដល់​ ៤,៨ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ និង​នៅ​ឆ្នាំ​ ២០២៣ កំណើនសេដ្ឋកិច្ច​នឹង​កើន​ដល់ ៥,២ ​ភាគរយ​៕