​ភ្នំពេញៈ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល លោក ម៉ៅ ហាវ​ណ្ណា​ល់ បានបញ្ជាក់​ច្បាស់​ថា ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ ​(SAI) ជា​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​របស់​កម្ពុជា ដែល​នឹង​ព​ន្លឿ​ន​ចក្ខុវិស័យ និង​បេសកកម្ម​ក្នុងការ​ពង្រឹង និង​ពង្រីក​សេវា​ដឹក​អ្នកដំណើរ និង​ទំនិញ​តាមផ្លូវ​អាកាស ខណៈ​បម្រើ​ដល់​លំហូរ​ចូល​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ភ្ញៀវទេសចរ​បរទេស ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​ ក្នុង​រយៈពេល​ ២ ឆ្នាំ​ចុង​ក្រោយនេះ​។​

​ការអត្ថាធិប្បាយ​នេះ​បានធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្នែក​បច្ចេកទេស​របស់លោក និង​ណែនាំ​ដល់​ក្រុមការងារ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ (SAI)​ កាល​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ខេត្តសៀមរាប​។​

​យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) គិតដល់​ពេលនេះ ​(​ខែកុម្ភៈ​)​ ការងារ​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ (SAI)​ សម្រេចបាន ៧៥​ ភាគរយ​នៃ​ការងារ​ទាំងមូល និង​ចំណាយ​សរុប ៦២០ លាន​ដុល្លារ​(​តួលេខ​នៃ​ការវិនិយោគ​សរុប​កើន​ពី ៨៨០​ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ ដល់ ១ ១០០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២ ០២២)​។​

​ការកសាង​គម្រោង​ទាំងមូល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ​ ២០២៣ ហើយ​បើសិន​គ្មានអ្វី​ប្រែប្រួល ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ (SAI) នឹង​បើក​ដំណើរការ និង​ប្រតិបត្តិការ​នៅ​ខែតុលា ឆ្នាំ​ ២០២៣​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន AIAI​។​

​លោក ម៉ៅ ហាវ​ណ្ណា​ល់ បានឱ្យដឹងថា ក្នុងស្ថានភាព​ពិភពលោក​បច្ចុប្បន្ន ដែល​ឧស្សាហកម្ម​អាកាសចរណ៍​កំពុង​ទទួល​បានការ​ស្ទុះ​ងើបឡើង​វិញ​មិន​ស្មើគ្នា​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ឧស្សាហកម្ម​មួយ​នេះ ក៏​កំពុង​ស្ទុះ​ងើបឡើង​វិញ និង​បន្ត​រីកចម្រើន​ជា​វិជ្ជមាន ជារួម​នៅ​ឆមាស​ទី​ ២ ឆ្នាំ​ ២០២២​។​

​លោក​បន្តថា ប្រទេស​ជាច្រើន​បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ការធ្វើដំណើរ និង​បើក​ប្រទេស​របស់​ពួកគេ​ឡើងវិញ រួមទាំង​ប្រទេស​មួយចំនួនធំ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ ដែល​នឹង​ជំរុញ និង​បង្កើន​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ឧស្សាហកម្ម​អាកាសចរណ៍ ដោយ​គេ​រំពឹងថា ឧស្សាហ​កម្មនេះ នឹង​ឈានដល់​កម្រិត​ធម្មតា​ដូច​ឆ្នាំ​ ២០១៩ វិញ​ក្នុង​ឆ្នាំ​ ២០២៣-២០២៤ ខាងមុខ​។​

​លោក​បញ្ជាក់ថា​៖« ​ជាមួយនឹង​ការ​ស្ទុះ​ងើបឡើង​វិញ​ជា​បន្តបន្ទាប់​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​ក្នុងស្រុក អន្តរជាតិ ក្នុង​តំបន់ និង​ពិភពលោក រួម​ជាមួយនឹង​ភាពប្រសើរ​នៃ​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ស្ទុះ​ងើប​វិញ​លឿន​ជាង​ការរំពឹងទុក​នៅ​ឆ្នាំ ២០២១ ហើយ​ជាមួយ​ការវិលត្រឡប់​មករក​ភាពប្រក្រតី​វិញ ពិសេស​វិស័យ​ទេសចរណ៍ មានការ​បង្កើន​ឱកាស​ការវិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវអាកាស​»​។​

​លោក ហាវ​ណ្ណា​ល់ បានលើកឡើង​ទៀតថា ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ បង្ហាញ​សញ្ញា​វិជ្ជមាន​សម្រាប់​ការលើកកម្ពស់​កំណើន និង​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​របស់​កម្ពុជា ពិសេស​ការបង្កើន​សម​ត្ថ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​បរិបទ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ដែល​វិស័យ​ឯកជន​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើប នវានុវត្តន៍ ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ស្របតាម​ការអនុវត្ត​ល្អ​បំផុត​ជា​អន្តរជាតិ ដើម្បី​រួមចំណែក​ដល់​ការផ្តល់​សេវាសាធារណៈ ក៏ដូចជា​ការគ្រប់គ្រង​ហានិភ័យ និង​ការកាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​២១ ខែកុម្ភៈ​ថា ព្រលានយន្តហោះ​នេះ នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ស្វាគមន៍​ជើងហោះហើរ​ផ្លូវ​ឆ្ងាយ ហើយនឹង​បង្វែរ​ទិសដៅ​របស់​ប្រទេស​នេះ​ទៅកាន់​តំបន់ និង​ពិភពលោក​។​

​លោក​ថ្លែងថា​៖ «​ប្រសិនបើ​ព្រលានយន្តហោះ​នេះ​អាច​ដំណើរការបាន​ក្នុងឆ្នាំនេះ វា​នឹង​ជា​កម្លាំង​ជំរុញ​មួយ ក្នុងការ​ផ្តល់​ជម្រើស​កាន់តែច្រើន សម្រាប់​អ្នកធ្វើដំណើរ ដោយសារ​វា​កំពុង​ងើបឡើង​វិញ​បន្តិច​ម្តងៗ នៅពេលនេះ​។ ទន្ទឹមនឹងនោះ យើង​សង្ឃឹមថា​ព្រលានយន្តហោះ​នេះ​នឹង​ត​ភ្ជាប់​ទៅ​គោលដៅ​កាន់តែច្រើន​ក្នុងការ​នាំមក​ប្រទេស​កម្ពុជា​បន្ថែមទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​»​។​

​ព្រលានយន្តហោះ​នេះ​បានចាប់ផ្ដើម​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ទី​ ១៥ ខែមីនា ឆ្នាំ ​២០២០ ដោយមាន​ផ្ទៃដី​ទំហំ ៧០០,០៦​ហិកតា និង​បែង​ចែកជា ៣ ​ដំណាក់កាល មាន​ទុនវិនិយោគ ៨៨០ ​លាន​ដុល្លារ ក្នុងនោះ​ទឹកប្រាក់​ជាង ៥០០​ លាន​ដុល្លារ​ត្រូវ​ចំណាយ​ក្នុងដំណាក់កាល​ទី​ ១ និង​ទី​ ២​។​

​ព្រលានយន្តហោះ​នេះ ស្ថិតក្នុង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​ខាងកើត​ក្រុង​សៀមរាប ហើយ​បើតាម​សេចក្ដីរាយការណ៍ វា​អាច​ទទួល​អ្នកដំណើរ​បា​ន​ប្រមាណ ៧ ​លាន​នាក់​នៅក្នុង​ឆ្នាំ​ដំបូងៗ​, ចំនួន ១០​ លាន​នាក់​នៅ​ឆ្នាំ​ ២០៣០ និង ២០ ​លាន​នាក់​នៅ​ឆ្នាំ ២០៥០​។ ដូចគ្នានេះដែរ​សមត្ថភាព​ដឹកទំនិញ​ប្រចាំឆ្នាំ ក៏ត្រូវ​បាន​គេ​រំពឹងថា នឹង​កើនឡើង​ពី ១០ ០០០​ តោន​ នៅ​ឆ្នាំ​ដំបូង​ដល់ ៦០ ០០០ ​តោន​ នៅ​ឆ្នាំ ​២០៥០៕