ភ្នំពេញៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(CDC) លោក សុខ ចិន្តា​សោភា បាន​លើកឡើងថា វិនិយោគិន​ជប៉ុន​ជានិច្ចកាល​តែង​ផ្ដល់​ទំនុកចិត្ត​ខ្ពស់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ស្នើឱ្យ​ពួកគេ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​។​

​ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៥ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​ជប៉ុន ដែល​បានរៀបចំ​នៅ​ទីស្តីការ​របស់ CDC កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ដោយមាន​ការចូលរួម​ពី​សំណាក់​ភាគី​ជប៉ុន លោក Atsushi UENO ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ព្រមទាំង​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋាភិបាល ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ​(JICA) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​(JETRO) សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា ​(JBAC) និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​ប្រតិបត្តិ​ការវិនិយោគ​នៅ​កម្ពុជា​ជាច្រើន​ទៀត​។​

​ជា​កិច្ច​ចាប់ផ្តើម លោក ចិន្តា​សោភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា ដែល​កំពុង​ដើរតួនាទី​សំខាន់​ក្នុងការ​រួមចំណែក​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។ រាជរដ្ឋាភិបាល​បាន​ប្ដេជ្ញា​កែលម្អ​នីតិវិធី​រដ្ឋបាល​ទាំងឡាយ​ក្នុង​គោលបំណង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ផ្នែក​មួយ​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​ពិភពលោក​។​

​លោក​ឱ្យដឹងទៀតថា រដ្ឋាភិបាល​នឹង​ខិតខំ​បន្ថែមទៀត​ក្នុងការ​ព​ន្លឿ​ន​ការ​ស្តារឡើងវិញ និង​ការពង្រឹង​ភាព​ធន់​នៃ​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ការបង្កើត​បរិស្ថាន​អនុគ្រោះ​សម្រួល​ដល់​ការវិនិយោគ ព្រមទាំង​ការប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​វិនិយោគ និង​ការដាក់ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​។​

​លោក​ថ្លែងថា​៖ «​វិនិយោគិន​ជប៉ុន​ជានិច្ចកាល​តែង​ផ្ដល់​ទំនុកចិត្ត​ខ្ពស់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធានា​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ដែលជា​បុ​រេ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការសម្រេចចិត្ត​វិនិយោគ​»​។​

​ឯកអគ្គរដ្ឋទូត​ជប៉ុន លោក Atsushi UENO បាន​លើកឡើងថា ទំនាក់ទំនង​កម្ពុជា​ជប៉ុន បានកើត​ឡើង ៧០​ ឆ្នាំ​មកហើយ ដោយ​បច្ចុប្បន្ន​ទំនាក់ទំនងរ​វាង​ប្រទេស​ទាំង ​២ ​កាន់តែ​ល្អជា​លំដាប់ រហូត​ក្លាយជា​ «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។ កិច្ចប្រជុំ​នេះ គឺមាន​សារៈសំខាន់​ណាស់ ខណៈ​រដ្ឋាភិបាល​កម្ពុជា តែង​ផ្ដល់ឱកាស​ឱ្យ​វិនិយោគិន​ជប៉ុន​អាច​លើកឡើង​នូវ​បញ្ហា​ប្រឈម ក៏ដូចជា​សំណូមពរ​នានា​ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើការ​បកស្រាយ និង​ផ្តល់​ដំណោះស្រាយ​ឈ្នះ​ឈ្នះ សម្រាប់​ភាគី​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។

​លោក Atsushi UENO បញ្ជាក់ថា​៖ «​យើង​ប្ដេជ្ញា​បន្ត​ចូលរួម​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ជំរុញ និង​ទាក់ទាញ​វិនិយោគ​ផ្ទា​ល់ពី​ជប៉ុន មក​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ប្រទេស​ទាំង​ ២​ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​»​។​

​លោក Yogo Kanda ប្រធាន​សមាគម JBAC ក៏បាន​លើកឡើង​ពី​តម្លាភាព អាច​ប៉ាន់ប្រមាណ​ទុកជាមុន​បាន និង​ស្ថិរភាព​នយោបាយ​កម្ពុជា ដោយ​លោក​មាន​ក្តី​សោមនស្ស​ក្នុងនាម​តំណាង​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុងមាន​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​អះអាងថា​៖ «​ភាពជោគជ័យ​របស់​ធុរជន និង​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា​នឹង​ក្លាយជា​កាតាលីករ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ធុរជន និង​វិនិយោគិន​ជប៉ុន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC ឱ្យដឹងថា ក្នុង​កិច្ចប្រជុំ​ខាងលើ គឺមាន​ប្រធានបទ​សំខាន់ៗ​ចំនួន ៣ ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា រួមមាន បញ្ហា​ថាមពល​, ពន្ធដារ​, ភ័ស្តុភា​រកម្ម​។​

​ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​ជប៉ុន​ស្តីពី​សេរីភាវូបនីយកម្ម ការជំរុញ និង​ការការពារ​វិនិយោគ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា ឆ្នាំ​២០០៧ កិច្ចប្រជុំ​ទ្វេភាគី​នេះ​គឺជា​ផ្នែក​មួយ​នៃ​យន្តការ​ថែទាំ​វិនិយោគ​ត្រូវបាន​រៀបចំ​ឡើងជា​ទៀងទាត់​រៀងរាល់​ ៦​ ខែម្តង​ចាប់តាំងពី​ឆ្នាំ​ ២០០៩ មក​។​

​យោងតាម CDC គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ​ ២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​ឱ្យ​គម្រោង​វិនិយោគ​ជប៉ុន​ចំនួន ១៥០ ក្នុង​ទុនវិនិយោគ​ប្រមាណ ២,៩​ ពាន់​លាន​ដុល្លារ ក្នុងនោះ​គម្រោង​លេចធ្លោ រួមមាន ផ្សារ​ទំនើប​, គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​, រោងចក្រ​ផលិត​ម៉ូ​ទ័​រ​ខ្នាតតូច​, ឧបករណ៍​អគ្គិសនី និង​គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ ជាដើម​៕