សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ​នៅ​កម្ពុជា ជាមួយ​នឹង​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹងមាំ និង​ទំនុកចិត្ត បាន​នឹង​កំពុង​ប្តេជ្ញា​ចិត្ត​ចំពោះ​គម្រោង “ទំនួល​ខុស​ត្រូវ​សង្គម” (CSR) របស់​ខ្លួន​ទៅ​កាន់​កម្រិត​ថ្មី​មួយ​ទៀត ដោយ​ផ្តល់​ជំនួយ​ហិរញ្ញ​វត្ថុ​ដល់​សហគ្រិន​ស្ត្រី​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ខ្នាត​តូច។

ក្រុមហ៊ុន​ជឿជាក់​យ៉ាង​មុតមាំ​លើ​ថាមពល​របស់​ស្ត្រី និង​សក្តានុពល​របស់​ពួកគេ​ដែល​នឹង​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​សង្គមជាតិ ខណៈ​គម្រោង CSR របស់​ខ្លួន​នឹង​ដើរ​តួនាទី​ប្រកប​ដោយ​ផលិតភាព​ក្នុង​ការ​លើក​ស្ទួយ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ស្ត្រី។

ដោយ​ចាប់​ដៃគូ​ជាមួយ Lady Saving Group ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ Women Entrepreneurs Act ដែល​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ, សុវណ្ណាភូមិ ឡាយហ្វ៍ មាន​គោល​បំណង​បង្កើត​បរិយាកាស​មួយ​ដែល​ធ្វើ​អោយ​អាជីវករ​ជា​ស្ត្រី អាច​រីក​ចម្រើន និង​បន្ថែម​គុណ​តម្លៃ​ដល់​គ្រួសារ និង​សង្គមជាតិ​របស់​ពួកគេ។

គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹង​រៀបចំ​ព្រឹត្តិការណ៍ “ទិវា​រត់​ប្រណាំង​ស្រ្តី​ចម្ងាយ ១០គ.ម” នៅ​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ ២០២៣។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ សុវណ្ណាភូមិ ឡាយហ្វ៍ ហើយ​ក៏​គឺជា​ឱកាស​ដ៏​សំខាន់​មួយ​នៃ​គម្រោង CSR ដំបូង​របស់​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​នេះ។

សុវណ្ណាភូមិ ឡាយហ្វ៍ នឹង​ចូលរួម​វិភាគ​ទាន ៤ ០០០ រៀល រាល់​ការ​ចុះ​ឈ្មោះ​ចូលរួម​របស់​អ្នក​រត់​ប្រណាំង​ម្នាក់ ដើម្បី​ជា​ការ​ផ្តួចផ្តើម​ផ្តល់​មូលនិធិ​ដល់​គម្រោង CSR ទៅ​កាន់ Lady Saving Group ហើយ​យើង​រំពឹង​ថា នឹង​មាន​អ្នក​រត់​ប្រណាំង​ប្រមាណ ២ ០០០ នាក់​នឹង​ចូលរួម​ក្នុង​ទិវា​រត់​ប្រណាំង​ស្រ្តី​ចម្ងាយ ១០​គ.ម​នេះ។

កម្មវិធី​នេះ​ប្រារព្ធ​ឡើង​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ, ការ​រត់​ប្រណាំង​ស្ត្រី​ចម្ងាយ ១០​គីឡូម៉ែត្រ​ក្នុង​ឆ្នាំ​នេះ ក្រោម​ប្រធាន​បទ «ស្ត្រី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ» នឹង​ចាប់​ផ្តើម​នៅ​មុខ​សួន​ច្បារ​វត្ត​បទុមវត្តី វេលា​ម៉ោង ៥​និង​៣០​នាទី​ព្រឹក។ ក្នុង​នោះ​ក៏​មាន​ការ​រត់​កម្សាន្ត​ចម្ងាយ ៤​គីឡូម៉ែត្រ​ក្នុង​វេលាម៉ោង ៥​និង​៤៥​នាទី​ព្រឹក​សម្រាប់​ក្រុម​គ្រួសារ និង​កុមារ​ផងដែរ។

លោក Loke Kah Meng នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​សុវណ្ណាភូមិ ឡាយហ្វ៍ បាន​មាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន​របស់​លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​បរិច្ចាគ​ថវិកា​ដល់ Lady Saving Group ដើម្បី​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី។

«យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​សហការ​ជាមួយ Lady Saving Group ក្នុង​ឆ្នាំ​នេះ ដើម្បី​ផ្តល់​កម្ចី​អាជីវកម្ម​ខ្នាត​តូច​ដោយ​មិន​មាន​ការ​ប្រាក់»។

លោក Loke Kah Meng មាន​ប្រសាសន៍​បន្ថែម​ថា៖ «មូលនិធិ​ភាគ​ច្រើន​នឹង​ផ្តល់​ជូន​សហគ្រិន​ស្ត្រី​ចំនួន​ប្រាំ ៥​នាក់ តាម​រយៈ Lady Saving Group ជាមួយ​នឹង​ប្រាក់​កម្ចី​ខ្នាត​តូច​ដោយ​មិន​មាន​ការ​ប្រាក់ ដើម្បី​ផ្គត់ផ្គង់​ដល់​សហគ្រាស​របស់​ពួកគេ»។

Lady Saving Group ដំណើរការ​កម្មវិធី​យល់​ដឹង​អំពី​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​សហគ្រិន​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ការ​ណែនាំ​អំពី​អាជីព និង​ការ​បង្រៀន​សម្រាប់​ស្ត្រី​ជា​ប្រចាំ។

«យើង​រីករាយ​ដែល​បាន​ចាប់ដៃ​គូ​ជាមួយ សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បី​ជួយ​លើក​កម្ពស់​សហគ្រិន​ស្ត្រី​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ និង​ផ្តល់​ជូន​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ផ្គត់ផ្គង់​ដល់​អាជីវកម្ម​របស់​ពួកគេ»។

«ដោយ​មាន​បទពិសោធន៍​ធ្វើការ​ជាមួយ​ម្ចាស់​អាជីវកម្ម​ស្ត្រី​ខ្នាតតូច និង​ក្រៅ​ផ្លូវការ យើង​យល់​ថា​ចំណេះដឹង និង​ដើមទុន​គឺ​ជា​អ្វី​ដែល​ពួកគេ​ត្រូវការ​ពិត​ប្រាកដ​មែន»។

អ្នកស្រី វីរៈ ប៊ុណ្ណារ័ត្ន សហស្ថាបនិក និង​ជា​ប្រធាន​ផ្នែក​យុទ្ធសាស្រ្ត​និង​កម្មវិធី​នៃ Lady Saving Group បាន​មាន​ប្រសាសន៍​ថា ៖«សហគ្រិន​ស្ត្រី​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ​និង​សេដ្ឋកិច្ច ដូច្នេះ​ការ​រីក​ចម្រើន​អាជីវកម្ម​របស់​ពួកគេ​ក៏​នឹង​នាំ​មក​នូវ​ភាព​រុងរឿង​ដល់​សង្គមជាតិ​របស់​យើង​ផងដែរ»។

ទឹកប្រាក់​សរុប​ចំនួន ២ ០០០ ដុល្លារ​ដែល​បាន​មក​ពី​កម្មវិធី “ទិវា​រត់​ប្រណាំង​ស្រ្តី​ចម្ងាយ ១០គ.ម” នឹង​ត្រូវ​បែងចែក​សម្រាប់​គម្រោង CSR ដែល​ក្នុង​នោះ ៥០០ ដុល្លារ​នឹង​ត្រូវ​ផ្តល់​ទៅ​ឱ្យ​អង្គការ Lady Saving Group ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​សកម្មភាព​របស់ Lady Saving Group ខណៈ​ដែល​សហគ្រិន​ស្ត្រី​ចំនួន ៥នាក់​នឹង​ទទួល​បាន​ប្រាក់​កម្ចី ៣០០​ដុល្លារ ដោយ​មិនមាន​ការ​ប្រាក់។

ស្រ្តីដែល​ទទួល​បាន​ការ​កម្ចី​នឹង​ត្រូវ​សងប្រាក់​វិញ​ក្នុង​រយៈពេល ១០ខែ ដោយ​ប្រាក់​នោះ​ត្រូវ​ចែកចាយ​ឡើង​វិញ​ទៅ​ឱ្យ​សហគ្រិន​ស្ត្រី​ដែល​សមនឹង​ទទួល​បាន​ផ្សេងៗ​ទៀត។

អ្នកស្រី គឹម សុខហេង អាយុ ៤៨ឆ្នាំ ដែល​ប្រកប​អាជីវកម្ម​បោកអ៊ុត​នៅ​សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ ក្នុង​រាជធានី​ភ្នំពេញ គឺជា​អ្នក​ទទួល​ផល​ដំបូង​គេ។

ស្ត្រីដែល​ជា​ម្តាយ​កូន​ពីរ​រូបនេះ​ បើក​អាជីវកម្ម​បោកគក់ ដោយ​ប្រើ​ម៉ាស៊ីន​បោកគក់​ចំនួន​ ៤គ្រឿង​ហើយ​គ្រោង​នឹង​ប្រើ​ប្រាក់​កម្ចី​ដើម្បី​ទិញ​ម៉ាស៊ីន​បោកគក់​ថ្មី ជំនួស​ម៉ាស៊ីចាស់​ដែល​ខួច។

«កម្ចី​អាជីវកម្ម​ខ្នាតតូច​ដោយ​មិន​គិត​ការ​ប្រាក់ នឹង​ជួយ​ពង្រីក​អាជីវកម្ម​និង​បង្កើន​ប្រាក់​ចំណូល​របស់​ខ្ញុំ ដែល​នឹង​ជួយ​ឱ្យ​ខ្ញុំ​រក​ប្រាក់​ជួយ​ផ្គត់ផ្គង់​គ្រួសារ​របស់​ខ្ញុំ»។

អ្នកស្រី សុខហេង ថ្លែងថា ៖​«ក្រុមហ៊ុន​ផ្សេង​ទៀត​គួរ​តែ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​របស់​សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បី​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ និង​ធ្វើឱ្យ​ពួកគេ​កាន់​តែ​មាន​និរន្តរភាព»។

សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់​ជូន​អ្នក​ចូលរួម​ទិវា​រត់​ប្រណាំង​ស្រ្តី​ចម្ងាយ ១០​គ.ម នូវ​ការ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់ ២០​ភាគរយ លើ​ផលិតផល​ដ៏​ពេញ​និយម​របស់​ខ្លួន​គឺ SMILE Life Solutions ។

ការ​ផ្តល់​ជូន​នេះ​មាន​សុពលភាព ចាប់​ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ ២០២៣៕