ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​និង​ប្រតិភូ​ខេត្ត​ហៃ​ណាន​របស់​ចិន បាន​យល់ស្រប​លើ​គម្រោង​ក្នុងការ​បង្កើត​ឱ្យមាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​ជា​ជំហាន​ដំបូង ​លើ​កិច្ចសហ​ប្រតិបត្តិការ​ជំរុញ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​និង​វិនិយោគ​ ខណៈ​ជំហាន​បន្ទាប់ ​នឹង​បង្កើត​ឱ្យមាន​អនុស្សរណៈ​នៃ​ ការយោគយល់​គ្នា​រវាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ​និង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ខេត្ត​ហៃ​ណាន ​លើ​កិច្ចសហ​ប្រតិបត្តិការ​សម្រួល​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង​២​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ខេត្ត​ហៃ​ណាន ​កាលពី​ថ្ងៃទី​២១ ​ខែកុម្ភៈ ​លោក​សុខ សុភ័ក្ត្រ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ​បាន​ថ្លែងថា ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​តែងតែ​មាន​កិច្ចសហ​ប្រតិបត្តិការ​យ៉ាង​ស៊ីជម្រៅ ​និង​ជា​មិត្ត​ដែកថែប​ជាមួយ​កម្ពុជា​លើ​ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា ​ ជាពិសេស​នៅ​ទីក្រុង​ព្រះសីហនុ​(តំបន់​សេដ្ឋកិច្ច​ពិសេស)​។ ប្រទេស​ចិន​បានធ្វើការ​គាំពារ ​និង​ផ្តល់ជំនួយ​លើ​ការអភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ច​ដល់​កម្ពុជា ​ពិសេស​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ។​

លោក​បន្ថែមថា ​ទំនាក់ទំនង ​និង​កិច្ចសហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង​២ ​មាន​កំណើន​គួរឱ្យកត់​សម្គាល់ ​និង​កាន់តែ​ល្អប្រសើរ​ បន្ទាប់ពី​ប្រទេស​ទាំង​២​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-​ចិន ​កាលពី​ឆ្នាំ​២០២០ ​បន្ទាប់មក​បាន​ចូល​ជា​ធរមាន​កាលពី​ដើមឆ្នាំ​២០២២ ​កន្លង​ទៅ​នេះ​។​

លោក​ថ្លែងថា​៖«ការបង្កើត​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-​ចិន ​និង​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​នានា​របស់​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ទាំង​២ ​នឹង​ជំរុញ​ឱ្យ​សេដ្ឋកិច្ច ​វិនិយោគ ​ជាពិសេស​ទំហំ​ពាណិជ្ជកម្ម ​រវាង​ប្រទេស​ទាំង​២​ កាន់តែ​រីកធំឡើង​ជា​លំដាប់ ​និង​បន្ត​កិច្ចសហ​ប្រតិបត្តិការ​ជាបន្ត​បន្ទាប់ ​ដើម្បី​ជំរុញ ​និង​បើក​ទីផ្សារ ​រវាង​ប្រទេស​ទាំង​២ ​ដែលជា​ធ្នាក់​ឈានដល់​ទីផ្សារ​តំបន់​អាស៊ីអាគ្នេយ៍ ​និង​បន្ត​ដល់ទី​ផ្សារ​អន្តរជាតិ»។

លោក​Shen Danyang ​អភិបាលរង​ខេត្ត​ហៃណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​បាន​លើកឡើងថា ​គោលបំណង​សំខាន់ៗ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​និង​គណៈប្រតិភូ​នាពេលនេះ ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​ការបង្កើត​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ខេត្ត​ហៃណាន ​គ្រោង​នឹង​បញ្ចប់​នា​ចុង​ឆ្នាំ​២០២៥ ​ដែល​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ​និង​វិនិយោគ ​និង​បន្ត​កិច្ចសហ​ប្រតិបត្តិការ ​រវាង​កម្ពុជា-​ចិន (​ខេត្ត​ហៃណាន)​។​

លោក​បញ្ជាក់ថា​៖«ខេត្ត​ហៃ​ណាន​បាន​យល់ស្រប​លើ​គម្រោង​ក្នុង​ការបង្កើត​ឱ្យមាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ រវាង​កម្ពុជា​(ក្រសួង​ពាណិជ្ជកម្ម) ​និង​ចិន​(ខេត្ត​ហៃ​ណាន) ​លើ​កិច្ចសហ​ប្រតិបត្តិការ​ជំរុញ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​និង​វិនិយោគ»។​

លោក​បន្តថា​៖«ហើយ​សង្ឃឹមថា ​នឹងមាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​និង​មានការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​ រវាង​ប្រទេស​ទាំង​២ ​ជា​បន្តបន្ទាប់​នាពេល​ខាងមុខ»។​

​លោក​លឹម ហេង​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​បាន​ប្រាប់ថា នៅ​ថ្ងៃទី​២២ ​ខែកុម្ភៈ ​សភាពាណិជ្ជកម្ម​កម្ពុជា ​បានរៀបចំ​ជំនួប​ពិភាក្សា​ការងារ​ពាណិជ្ជកម្ម​ជាមួយ​គណៈ​ប្រតិភូ​ខេត្ត​ហៃ​ណាន ​របស់​ចិន​ដែរ​។ ភាគី​ទាំង​២​បាន​ចុះ​អនុស្សរណៈ​យោគយល់​មួយ​ជាមួយគ្នា ​ដើម្បី​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​ពាណិជ្ជកម្ម ​និង​វិនិយោគ​រវាង​ខេត្ត​ហៃ​ណាន ​និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​

លោក​បញ្ជាក់ថា​៖«MoU​ រវាង​ក្រសួង​ពាណិជ្ជកម្ម​ក៏ដោយ ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា​ក៏ដោយ ​គឺ​កិច្ចព្រមព្រៀង​មួយ​ល្អ ​សម្រាប់​ជំរុញ​ពាណិជ្ជកម្ម​ ទន្ទឹម​នឹង​ពេលដែល​យើង​កំពុង​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-​ចិន​ផង ​និង​ RCEP ​ផង​នេះ ​ដែលជា​ឱកាស​សម្រាប់​វិស័យ​ឯកជន​ទាំង​សងខាង​បាន​ចាប់​ដៃគូ​គ្នា ​ក្នុង​ការសហការ​លើ​ការវិនិយោគ​ទៅវិញ​ទៅមក»។​

លោក​បន្ថែមថា ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ចិន​នេះ ​មាន​ក្រុមហ៊ុន​ឯកជន​មកពី​ខេត្ត​ហៃ​ណាន ​ប្រទេស​ចិន​ចំនួន​៣៨​ក្រុមហ៊ុន ​ដើម្បី​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ​ខណៈដែល​ពាណិជ្ជករ​កម្ពុជា ​មកពី​៦០​ក្រុមហ៊ុន ​បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ក្នុង​ការចាប់យក​ឱកាស​វិនិយោគ​ពី​ភាគី​ចិន ​ក៏ដូចជា​ចូលរួម​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​សេរី ​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែម​ទៀត។​

យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ​បាន​បង្ហាញថា ​ក្នុង​ខែមករា ​ឆ្នាំ​២០២៣​នេះ ​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ​និង​ចិន​ មាន​ទំហំ​ទឹកប្រាក់​៩៧២​លាន​ដុល្លារ ​ធ្លាក់ចុះ​ជាង​១៨​ភាគរយ​៕