ភ្នំពេញៈ គម្រោង​វិនិយោគ​ចំនួន ៣ ក្នុងនោះ ២ ជា​គម្រោង​វិនិយោគ​លើ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង ១ ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​វេច​ខ្ចប់ ដែលមាន​ទុនវិនិយោគ​សរុប ១៧,៦​ លាន​ដុល្លារ​ និង​បង្កើត​ការងារ​បាន ​៦ ៤៨២​ កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) អនុម័ត​ឱ្យ​ចាប់ផ្តើម​ដំណើរការ​សាងសង់​។​

​បណ្តាញ​សង្គម​ផ្លូវការ​របស់ CDC កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ បានឱ្យដឹងថា យោងតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​​វិនិយោគ ឱ្យ​ក្រុមហ៊ុន​ចំនួន ៣ ដែល​រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន Pengjiao (Cambodia) Industrial Co., Ltd​មាន​ទីតាំង​វិនិយោគ​នៅ​ស្រុក​បាទី ខេត្តតាកែវ ក្រោម​ទុន​វិនិយោគ​ប្រមាណ ៧​លាន​ដុល្លារ អាចបង្កើត​ការងារ​បាន ៣ ២៥៨ ​កន្លែង​ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ របស់ SshCb Sustainable Fashion Co., Ltd នៅក្នុង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ ៥,១ ​លាន​ដុល្លារ អាចបង្កើត​ការងារ​បាន ២ ១៤៨​ កន្លែង​ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​វេច​ខ្ចប់ របស់​ក្រុមហ៊ុន Zhong Shan TengFei (Cambodia) Packaging Material Co., Ltd​ នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ក្នុង​ទុនវិនិយោគ ៥,៥​ លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១ ០៧៦​ កន្លែង​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​២៣ ខែកុម្ភៈ​ថា បើទោះបី​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក នៅពេលនេះ​នៅ​មិនទាន់​ល្អប្រសើរ​ដូច​មុន​មាន​វិបត្តិ​កូ​វីដ​១៩ ក៏​កម្ពុជា​នៅតែ​អាច​ទទួលបាន​នូវ​កំណើន​នៃ​ការ​ចូលមក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​។

កត្តា​សំខាន់ៗ​ដែល​កំពុង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ឱ្យ​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ឱ្យ​សម្រេច​បញ្ចេញ​ទុនវិនិយោគ​នៅ​កម្ពុជា ដែលមាន​ដូចជា កត្តា​ស្ថិរភាព​នយោបាយ​ កំណើនសេដ្ឋកិច្ច​រឹងមាំ​ ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយផល មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធគយ​ពី​ប្រទេស​ធំៗ​ មានច្បាប់​វិនិយោគ​អំណោយផល និង​សម្បូរ​កម្លាំង​ពលកម្ម​ជំនាញ និង​មានតម្លៃ​សមរម្យ ជាដើម​។​

​លោក​បន្ថែមថា ក្រៅពីនោះ​កម្ពុជា​ក៏​ទទួលបាន​ភាព​ចំណេញ​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​មហាអំណាច តាមរយៈ​ការប្តូរ​ទីតាំងរ​ចេញពី​ប្រទេស​ទាំងអស់នោះ មក​បើក​ដំណើរការ​នៅ​កម្ពុជា​ផងដែរ​។

​លោក​លើកឡើងថា​៖«​ជាមួយនឹង​អ្វីដែល​កម្ពុជា​កំពុង​បាន​នៅពេលនេះ ខ្ញុំ​រំពឹងថា​នឹងមាន​ក្រុមហ៊ុន​ធំៗ​លំដាប់​អន្តរជាតិ​ជាច្រើន​ទៀត​ចូលមក​វិនិយោគ​នៅ​កម្ពុជា​​។ ការ​មក​បើក​រោងចក្រ ឬ​អាជីវកម្ម​ដោយផ្ទាល់​បែបនេះ គឺ​បាន​នាំមក​នូវ​ចំណុច​វិជ្ជមាន​ជាច្រើន​សម្រាប់​សេដ្ឋកិច្ចជាតិ​ដូចជា​ការបង្កើត​ឱកាស​ការងារ កាត់បន្ថយ​ការធ្វើ​ចំណាយ​ស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ និង​ក៏បាន​នាំ​ចំណូល​ពន្ធគយ និង​ពន្ធដារ​ផងដែរ​»​។​

​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្តា​សោភា ក្នុងអំឡុង​កិច្ចប្រជុំ​លើក​ទី​២៥ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ព​ន្លឿ​ន​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ការពង្រឹង​ភាព​ធន់​នៃ​មូលដ្ឋាន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការបង្កើត​បរិស្ថាន​អនុគ្រោះ​សម្រួល​ដល់​ការវិនិយោគ​។

​លោក​បាន​ថ្លែងថា​៖ «​ក្នុងនាម​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការងារ​ពាណិជ្ជកម្ម និង​វិនិយោគ យើង​ប្ដេជ្ញា​កែលម្អ​នីតិវិធី​រដ្ឋបាល​ទាំងឡាយ​ក្នុង​គោលបំណង​ឱ្យ​កម្ពុជា​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​»។

​ទិន្នន័យ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​២០២១ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ទឹកប្រាក់​សរុប ៤១ ពាន់​លាន​ដុល្លារ​៕