​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បានបង្ហាញ​ការគាំទ្រ​ចំពោះ​ក្រុមហ៊ុន​កសិកម្ម និង​ធនាគារ​ជប៉ុន ដែលមាន​ផែនការ​ចង់​បណ្តាក់ទុន​លើ​ការ​​ «​ដាំ​ជីរប​ន្លា​» ​ក្នុងផ្ទះ​សំណាញ់​តាម​ស្តង់ដា​ជប៉ុន និង​សម្រាប់​នាំ​ចេញទៅ​ប្រទេស​ជប៉ុន​។​

​ការគាំទ្រ និង​លើកទឹកចិត្ត​ចំពោះ​គម្រោង​ខាងលើ ត្រូវបាន លោក ឌិ​ត ទីណា លើកឡើង​ក្នុងឱកាស​នៃ​ជំនួប​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​កសិកម្ម និង​ធនាគារ​ជប៉ុន មានដូចជា ក្រុមហ៊ុន Maru Co., Ltd, ក្រុមហ៊ុន CJCG Co., Ltd និង​ធនាគារ AFP Bank Subsidiary កាលពី​ថ្ងៃទី​ ២១ ខែ​កុ​ម្ភះ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​។​

​លោក ឌិ​ត ទីណា បាន​លើកឡើងថា ក្រសួងកសិកម្ម​សូម​គាំទ្រ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំពោះ​ការដាំ​ជី​របន្លា​ក្នុងផ្ទះ​សំណាញ់​តាម​ស្តង់ដា​របស់​ជប៉ុន សម្រាប់​នាំទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​ជប៉ុន ខណៈ​បច្ចុប្បន្ន​ការនាំចេញ​កសិផល​ពី​កម្ពុជា​ទៅ​បរទេស​បង្ហាញ​ភាព​វិជ្ជមាន​ជា​បន្តបន្ទាប់​។ ក្រសួង​នឹង​ត្រៀមខ្លួន​ជួយ​ជំរុញ​ការងារ​នេះ​ឱ្យ​សម្រេច​ជោគជ័យ​តាម​ផែនការ​គ្រោងទុក​។

លោក​បន្តថា ជាមួយគ្នានេះ​ក្រសួងកសិកម្ម ក៏​នឹង​ជួយ​សម្របសម្រួល​រវាង​កសិករ និង​ក្រុមហ៊ុន​ឱ្យ​កសាង​ទំនុកចិត្ត​គ្នា តាមរយៈ​ការផ្ដល់​បច្ចេកទេស ការធានា​នូវ​ការវិនិយោគ ពិសេស​ទីផ្សារ​សម្រាប់​កសិករ​នៅពេល​ប្រមូល​ផល​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា ក្រសួងកសិកម្ម​បាន​ត្រៀ​ម​ខ្លួន​ហើយ ដើម្បី​ជួយ​ឱ្យ​ដំណើរការ​នេះ​ប្រព្រឹត្តទៅបាន​រលូន និង​ទទួលបាន​ជោគជ័យ​»​។​

​របាយការណ៍​ក្រសួងកសិកម្មបង្ហាញថា រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប ៥ ២២២ ០៥៦,១៩​ តោន ដែល​ក្នុងនោះ​បន្លែ​ចម្រុះ ​(​ទៅ​ទីផ្សារ​តំបន់​អឺរ៉ុប និង​នូ​វែ​ល​សេ​ឡង់​)​ មាន​ចំនួន ៨៨,៣៣ ​តោន​។​

​លោក សុខ យ៉​ន អនុប្រធាន​សមាគម​សុ​វត្ថិ​ភាព បន្លែ ត្រី សាច់ បាន​ប្រាប់​ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ​ថា ដោយសារ​ទីផ្សារ​បច្ចុប្បន្ន​មានការ​ប្រកួតប្រជែង​ខ្លាំង ​(​បន្លែ​មួយចំនួន​ត្រូវបាន​នាំចូល​ពី​ប្រទេសជិតខាង​)​ និង​មិនសូវមាន​តម្រូវការ បានធ្វើឱ្យ​សកម្មភាព​ដាំ​បន្លែ​ក្នុងស្រុក​មិនសូវមាន​ច្រើន​ទេ​។​

​លោក​បន្តថា ដើម្បី​ជំរុញ​ការដាំដុះ​បន្លែ​ឱ្យបាន​បរិមាណ​កាន់តែច្រើន និង​គុណភាព​កម្រិតស្តង់ដា គឺ​ទាមទារ​ឱ្យមាន​ការវិនិយោគ​ជា​ទ្រង់ទ្រាយ​ធំ និង​មាន​ការធ្វើ​កិច្ចសន្យា​កសិកម្ម​ជាដើម​។ ការធ្វើ​បែបនេះ នឹង​ជួយ​ឱ្យ​កសិកម្ម​អ្នក​ដាំ​ដុះ​មាន​ទំនុកចិត្ត​លើ​តម្លៃ និង​ទីផ្សារ​។​

​លោក​ថ្លែងថា​៖ «​កម្ពុ​ជាមាន​កត្តា​អាកាសធាតុ និង​គុណភាព​ដី​ល្អប្រសើរ​សម្រាប់​ការដាំដុះ ដូច្នេះ​បើ​មានការ​វិនិយោគ​កាន់តែច្រើន វា​នឹង​ជួយ​បង្កើត​ការងារ និង​ប្រាក់ចំណូល​ឱ្យ​កសិករ​បាន​មួយកម្រិត​ថែមទៀត​»​។​

​ទាក់ទង​ទៅនឹង​ការនាំចេញ លោក សុខ យ៉​ន បាន​ប្រាប់ថា ដើម្បី​នាំ​បន្លែ​ទៅ​ទីផ្សារ​អន្តរជាតិ និង​ធានា​និរន្តរភាព​ទីផ្សារ គឺ​ទាមទារ​ឱ្យ​មានការ​ចងក្រង​ជា​សហគមន៍​អ្នក​ដាំ​ដុះ​, ការធ្វើ​កិច្ចសន្យា​កសិកម្ម​រវាង​កសិករ និង​អ្នកទទួល​ទិញ​, ការផ្តល់​ពូជ​, និង​បច្ចេកទេស​ដាំ​ដុះ​ជាដើម​។​

​យោងតាម លោក សុខ យ៉​ន នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ សមាគម​របស់លោក​នឹងមាន​ជំនួប​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​កូរ៉េ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការ​នាំចេញ​ផលិតផល​មួយចំនួន​ទៅ​ទីផ្សារ​កូរ៉េ​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ី​លីន កាលពី​អំឡុង​ខែមករា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការវិនិយោគ​លើ​ការដាំដុះ​បន្លែ​ដែលមាន​គុណភាព និង​គោរព​តាម​គោលការណ៍​សុវត្ថិភាព​ចំណីអាហារ គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​សុខភាព​ប្រជាជន​ក្នុងស្រុក​ល្អប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ចំណែក​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​ផងដែរ​។​

​គុណភាព​បន្លែ ឬ​ម្ហូបអាហារ​មិនល្អ នឹងធ្វើ​ឱ្យ​ភ្ញៀវ​មិន​ចង់​ធ្វើដំណើរ​មក​ឡើយ​។ លោកស្រី​បន្តថា កំណើន​ភ្ញៀវ​ក៏​ជួយ​ធ្វើឱ្យ​តម្រូវការ​បន្លែ​កើនឡើង ដែល​ជួយ​ឱ្យ​អ្នក​ដាំ​ដុះ​បាន​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​៕