
វិភាគដោយ៖ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី

ចាប់តាំងពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ តម្លៃមាសបានធ្លាក់ចុះពីកម្រិតខ្ពស់ ១ ៩៥៩ ទៅ ១ ៨១៨ ដុល្លារ (ក្នុង ១ អោនស៍) ជាមួយនឹងតម្លៃបើកផ្សារថ្ងៃព្រហស្បតិ៍ ១ ៨២៤,២៩ ដុល្លារ។ ទំនោរនេះទំនងជាបន្ដទៀត ដោយសារវិធានការបន្ធូរបន្ថយអតិផរណារបស់សហរដ្ឋអាមេរិក តាមរយៈការដំឡើងអត្រាការប្រាក់។
គេហទំព័រ Investing.com បានរាយការណ៍ថា តម្លៃមាសបានឡើងថ្លៃបន្តិចពីលើកម្រិតទាបរយៈពេល ៦ សប្តាហ៍កាលពីថ្ងៃពុធ ដោយទីផ្សារនៅតែមានការប្រុងប្រយ័ត្នជាមួយលទ្ធផល នៃកិច្ចប្រជុំក្នុងខែកុម្ភៈរបស់ធនាគារកណ្ដាល សហរដ្ឋអាមេរិក ខណៈស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិកមានភាពល្អប្រសើរជាងការរំពឹងទុក។ កត្ដានេះ បានគាំទ្រប្រាក់ដុល្លារ ដែលធ្វើឱ្យតម្លៃមាសត្រូវបានជួញដូរក្នុងកម្រិតដ៏តឹងតែងមួយសម្រាប់សប្តាហ៍នេះ។ ការព្រួយបារម្ភជាថ្មីអំពីការដំឡើងអត្រាការប្រាក់របស់ធនាគារសហរដ្ឋអាមេរិក ក៏ជាកត្តាជំរុញដ៏សំខាន់មួយ។
ម្យ៉ាងទៀត សកម្មភាពអាជីវកម្មនៅសហរដ្ឋអាមេរិកក្នុងខែកុម្ភៈ ក៏បានស្ទុះងើបឡើងវិញខ្ពស់ជាងការវិភាគ រហូតដល់កម្រិតខ្ពស់ក្នុងរយៈពេល ៨ ខែ ដោយកើនឡើងដល់ ៥០,២ ខណៈកម្រិតក្នុងខែមករា ៤៦,៨ នេះបើយោងតាមការស្ទង់មតិមួយ។ ផ្អែកលើការវិភាគបច្ចេកទេស ក្រាបតម្លៃរយៈពេល ៤ ម៉ោង និង ១ សប្តាហ៍ បានបង្ហាញថា ទំនោរតម្លៃមាសបាន និងកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ដោយតម្លៃប្រចាំសប្តាហ៍គឺ ១ ៨៧០ ទៅ ១ ៧៨៨ ដុល្លារ។ សម្រាប់ការវិភាគជួញដូរ គួររង់ចាំលក់នៅតម្លៃ ១ ៨៦០ ដុល្លារ ដោយកំណត់មុខងារទាញយកប្រាក់ចំណេញនៅតម្លៃ ១ ៨២៥ ដុល្លារ និងមុខងារការពារហានិភ័យនៅតម្លៃ ១ ៨៧៥ ដុល្លារ៕
