
ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។
ដើម្បីអបអរសារទរដល់ការបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួនធនាគារ វីង បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃដល់អតិថិជនជានិយោជកទាំងអស់។
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣៖ ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មីបំផុតរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងឥស្សរជនកិត្តិយសជាច្រើនរូបទៀត។
ដើម្បីអបអរសារទរដល់ការបើកសម្ពោធសាខាថ្មីនេះ ធនាគារ វីង បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដ៏ពិសេស ដែលអនុញ្ញាតឱ្យអតិថិជនជានិយោជកទាំងអស់អាចចូលប្រើប្រាស់កម្មវិធីប្រាក់បៀវត្សរ៍បានតាមរយៈប្រព័ន្ធ iBanking របស់ធនាគារ វីង ដោយឥតគិតថ្លៃ។

និយោជិតទាំងអស់ក៏អាចធ្វើការដកប្រាក់បៀវត្សរ៍ពីភ្នាក់ងារ វីង សាខាធនាគារ ការិយាល័យកណ្តាល និងទូ ATM របស់ធនាគារ វីង ទូទាំងប្រទេសដោយឥតគិតថ្លៃផងដែរ។
ទាំងនិយោជកនិងនិយោជិតក៏មានសិទ្ធិទទួលបានប្រាក់កម្ចីឌីជីថលដោយមិនត្រូវការទ្រព្យបញ្ចាំ ខណៈធនាគារ វីង ក៏មានការផ្តល់ជូនអត្រាប្រាក់សមរម្យសម្រាប់គណនីសន្សំផងដែរ។ បន្ថែមពីនេះអតិថិជនដែលមានគណនីប្រាក់បៀវត្សរ៍អាចធ្វើការស្នើសុំកាតឥណទាននិងកាតឥណពន្ធវីងវីសាដោយឥតគិតថ្លៃសេវាសម្រាប់ឆ្នាំដំបូង។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖«តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមជ្ឈមណ្ឌលដ៏ធំមួយសម្រាប់ក្រុមហ៊ុនអន្តរជាតិក្នុងប្រទេសកម្ពុជា។ យើងបានបង្កើតផលិតផលក៏ដូចជាសេវាកម្មនានាជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅទីនេះ»។
បន្ទាប់ពីសម្ពោធអាជ្ញាបណ្ណធនាគារពាណិជ្ជជាផ្លូវការធនាគារ វីង បានពង្រីកបណ្តាញធនាគាររបស់ខ្លួនទៅកាន់ទីតាំងយុទ្ធសាស្រ្តចំនួន ៩ បន្ថែមពីលើទីស្នាក់ការកណ្តាលរបស់ខ្លួនដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។

កាលពីឆ្នាំ២០២២ កន្លងទៅនេះ ធនាគារ វីង បានបើកដំណើរការសាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក សាខាបឹងត្របែក និងសាខាព្រះយុគន្ធរ ដែលសាខាទាំងអស់នេះស្ថិតនៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះគឺស្ថិតនៅខេត្តព្រះសីហនុ។ កាលពីខែមុននេះ ធនាគារ វីង ទើបតែបានសម្ពោធសាខារបស់ខ្លួនមួយទៀតនៅខេត្តបាត់ដំបង។
ធនាគារ វីង សាខាតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក៏មានលក្ខណៈពិសេសដូចធនាគារ វីង សាខាដទៃទៀតដែរ ពោលគឺផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារយ៉ាងពេញលេញ ដែលមានដូចជា៖ សេវាប្រាក់បញ្ញើ សេវាប្រាក់កម្ចីសម្រាប់អាជីវកម្ម សេវាផ្ទេរប្រាក់ និងសេវាជាច្រើនទៀត។
គ្រប់សាខាធនាគារ វីង ត្រូវបានរចនាយ៉ាងស្រស់ស្អាត ដែលមានចំណតយានយន្តធំទូលាយ កន្លែងរង់ចាំមានផាសុកភាព ហាងកាហ្វេឈ្ងុយឆ្ងាញ់ និងបន្ទប់ប្រជុំដ៏ប្រណីត។ ធនាគារ វីង មានបុគ្គលិកដែលប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជន។
ធនាគារ វីង ដែលទើបនឹងសម្ពោធនេះ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤នៅជាប់នឹងមជ្ឈមណ្ឌលដឹកជញ្ជូននិងបណ្តុះបណ្តាលក្រុមហ៊ុនតូយ៉ូតា។
ធនាគារ វីង សាខាតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ផ្តល់ជូនសេវាកម្មធនាគារយ៉ាងពេញលេញ និងបើកទទួលស្វាគមន៍អតិថិជនចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច និងពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដោយអតិថិជនគ្រប់រូបអាចប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សូម្បីនៅថ្ងៃចុងសប្តាហ៍ក៏ដោយ។
ធនាគារ វីង តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញត្រូវបានបំពាក់ដោយម៉ាស៊ីន ATMដ៏ទំនើប ដែលអតិថិជនអាចធ្វើការដកប្រាក់បានគ្រប់ពេលវេលាដោយឥតគិតថ្លៃ៕
