
ឡូហ្គោក្រុម Toyota Motor Corp របស់ប្រទេសជប៉ុន ត្រូវបានដាក់បង្ហាញនៅហាងចែកចាយ នៅក្នុងទីក្រុងតូក្យូនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២២ ។ AFP
ការផលិតរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា កើនឡើង ៨,៨% នៅក្នុងខែមករា ប៉ុន្តែមិនគ្រប់តាមផែនការនៅឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ២៧ ខែកុម្ភៈ។
ក្រុមហ៊ុន Toyota Motor Corp ជំរុញផលិតកម្មរថយន្តទូទាំងពិភពលោកឱ្យកើនដល់ចំនួន៩ % នៅក្នុងខែមករា ប៉ុន្តែផលិតកម្មរថយន្ដនៅតែតិចជាងផែនការរបស់ខ្លួន ដោយសារតែកង្វះខាតគ្រឿងបន្លាស់ និងបញ្ហាបណ្ដាលមកពីវិធានការប្រឆាំងជំងឺCOVID-19 ។
Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលើពិភពលោក បាននិយាយថា ក្នុងខែមករាកន្លងទៅនេះ រោងចក្រតូយ៉ូតាទូទាំងពិភពលោក ផលិតរថយន្តបានចំនួន ៦៨៩, ០៩០គ្រឿង ពោលគឺកើនឡើង ៨,៨% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។
តូយ៉ូតាធ្លាប់រំពឹងថា ខ្លួននឹងផលិតរថយន្តចំនួន ៧០០ ០០០ គ្រឿងជារៀងរាល់ខែនៅឆ្នាំនេះ។ ចំនួននេះមិនរាប់បញ្ចូលការផលិតពីក្រុមហ៊ុន Daihatsu Motor Corp និងក្រុមហ៊ុន Hino Motors Ltd របស់ខ្លួនទេ។
ចំពោះផលិតកម្មក្នុងស្រុកវិញ បានកើនឡើងយ៉ាងខ្លាំង ដោយកើនឡើង ៣០% ឬប្រមាណ២១១៥៧២ គ្រឿង។ កាលពីឆ្នាំមុនផលិតកម្មរបស់ក្រុមហ៊ុននេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយកង្វះបន្ទះឈីប និងវិធានការដែលទាក់ទងនឹង COVID-19។ក្រុមហ៊ុនតូយ៉ូតា លើកឡើងថាការលក់រថយន្តបានធ្លាក់ចុះ ៥,៦ %នៅទូទាំងសកលលោក៕