ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​រួមគ្នា​ដាក់ឱ្យ​ដំណើរ ការ​គម្រោង​ស្តីពី «​ការពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍​» កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ក្នុង​គោលបំណង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សិទ្ធិ និង​កិច្ចការពារ​អតិថិជន​តាម​សហគមន៍​ក្នុង​ឃុំ​-​សង្កាត់​។

យោងតាម​សេចក្តីប្រកាស​ព៏​ត៌មាន​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ បានឱ្យដឹងថា គម្រោង «​ការពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍​» សំដៅ​លើកកម្ពស់ លទ្ធភាព​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ប្រកបដោយ​សុវត្ថិភាព​នៅតាម​សហគមន៍ ដែល​នឹងចូលរួម​ជំរុញ​គោលនយោបាយ​ជាតិ​ស្តីពី ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ គម្រោង «​ការពង្រឹង​សុវត្ថិ ភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍​» នឹងត្រូវ​អនុវត្ត​សាកល្បង ក្នុង​ខេត្តកំពង់ធំ -​កំពង់ស្ពឺ -​ស្វាយរៀង និង​ខេត្តបាត់ដំបង ចាប់ ពី​ឆ្នាំ​២០២៣​នេះ ហើយនឹង​បន្ត​ពង្រីក​វិសាលភាព​នៅ​ឆ្នាំ​បន្តបន្ទាប់​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បន្តថា ការបង្កើត​គម្រោង​នេះ គឺ​ផ្អែកលើ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ផ្សេងៗ ធ្វើឡើង​ក្នុង​ឆ្នាំ​២០២២ ដោយ អង្គការ​JICA និង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដោយមាន​ការគាំទ្រ​ពី Cerise+SPTF និង​អង្គការ​ADA ប្រទេស​លុច​ហ្សំ​បួរ​។ ការសិក្សា រួមទាំង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ដែល​បាន​ធ្វើឡើង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​រកឃើញ​ស្រដៀង គ្នា​អំពី​សារៈសំខាន់​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដែល​នាំទៅដល់​ការជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្រិត​មូលដ្ឋាន​។​

​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លើកឡើងថា​៖«​លទ្ធផល​នៃ​ការស្រាវជ្រាវ​បាន​ឆ្លុះបញ្ចាំង​តួនាទី​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការជួយ​លើកកម្ពស់ និង បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​ប្រកបដោយ​សុវត្ថិភាព ដើម្បី​រួម ចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​របស់​ប្រជាជន នៅតាម​មូលដ្ឋាន​»​។​

​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បន្តថា​៖ «​ការអនុវត្ត​គម្រោង​នេះ ចាំបាច់​ឱ្យមាន​ការចូលរួម​យ៉ាង​សកម្ម និង​ការគាំទ្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ទីភ្នាក់ងារ​រដ្ឋាភិបាល អាជ្ញាធរ អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ផ្សេងទៀត​»​។

​លោក រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា ថ្លែងថា «​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ក្នុងការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ជា​កត្តា​ចម្បង​ដែល​ធនាគារជាតិ​នៃ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​បន្ត​អនុវត្ត​ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ពង្រឹង​កិច្ច ការពារ​អតិថិជន ក្នុង​គោលដៅ​រក្សា​ស្ថិរភាព​ប្រព័ន្ធ​ធនាគារ​ទាំងមូល និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​ផងដែរ​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក សុខ វឿន ក៏បាន​បញ្ជាក់ដែរថា​៖ «​ការអនុវត្ត គម្រោង​នេះ ទាមទារ​ការសម្របសម្រួល និង​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ យើង​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​ធានា​នូវ​ការអនុវត្ត​គម្រោង ប្រកបដោយ​ប្រសិទ្ធភាព ហើយ​យើង​ជឿជាក់ថា វា​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សិទ្ធិ និង​កិច្ចការពារ​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បញ្ជាក់ថា គម្រោង​នេះ​នឹង​រួមចំណែក​ដល់​ការលើកកម្ពស់​កម្រិតជីវភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់​សាកល្បង​គម្រោង ព្រមទាំង បន្ត​ពង្រីក​សកម្មភាព​ទូទាំងប្រទេស​កម្ពុជា ក្នុង​គោលដៅ​រយៈពេល​វែង តាមរយៈ​យន្តការ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែលមាន​ស្រាប់​។ គម្រោង​នេះ​ក៏​នឹង​ពង្រឹង​ភាពជា​ដៃគូ និង​ការប្រមូល​ធនធាន​ដើម្បី​បង្កើន​គុណភាព​នៃ​ការអនុវត្ត ការ​ចងក្រង​ឯកសារ​ភ័ស្តុតាង និង​គំរូ​នៃ​ការអនុវត្ត​ល្អ​បំផុត សំដៅ​ពង្រីក​វិសាលភាព​គម្រោង​នាពេល​អនាគត​។​

​ គម្រោង «​ការពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍​» គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​ពី​វិស័យ​ហិរញ្ញវត្ថុ ដែល​រួម​ពង្រឹង បន្ថែម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ​។ គម្រោង​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការលើកកម្ពស់ ការរួមបញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ សិទ្ធិ និង​កិច្ចការពារ​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។ ភាពជោគជ័យ​របស់​គ​ម្រោ​ង នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួល បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​គណៈកម្មាធិការ​ដឹកនាំ​គម្រោង មាន​ធនាគារជាតិ​នៃ​កម្ពុជា ជា​ប្រធាន ព្រមទាំង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ជា​សហប្រធាន នឹង​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង និង​ធានា​ឱ្យបាន​នូវ​លទ្ធផល​ស្របតាម​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥៕