ចាប់តាំងពី​ដើមឆ្នាំ​ ២០២៣ តម្លៃ​ប្រេង​ឆៅ​បាន​ជួញដូរ​ក្នុង​ចន្លោះ​ពី ៧២ ទៅ ៨២ ដុល្លារ (​ក្នុង ​១ ​បារ៉ែល​)​។ ជាមួយនឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​លើសពី​ការរំពឹងទុក និង​ការប្រើប្រាស់​ថាមពល​ឡើងវិញ​ទាប​ជាង​ការរំពឹងទុក​នៅក្នុង​ប្រទេស​ចិន តម្លៃ​ប្រេង​ឆៅ​ទំនងជា​ប្រែប្រួល​ក្នុងទិសដៅ​ធ្លាក់ចុះ​។​

​គេហទំព័រ Bloomberg បានឱ្យដឹងថា​៖ «​តម្លៃ​ប្រេង​បាន​នៅ​ទ្រឹង​ក្នុង​សប្តាហ៍​នេះ នៅពេលដែល​ប្រឈមមុខ​នឹង​ទិសដៅ​ធ្លាក់ចុះ ដោយសារ​ការកើនឡើង​នៃ​ស្តុក​ប្រេង​នៅ​សហរដ្ឋអាមេរិក និង​ការ​ស្ទុះ​ងើប ឡើងវិញ​នៃ​តម្រូវការ​ប្រើប្រាស់​ដែល​តិចជាង​ការរំពឹងទុក​។

ស្តុក​ប្រេង​ឆៅ​របស់​អាមេរិក​បាន​កើនឡើង​ជិត ២៤ លាន​បារ៉ែល​ ក្នុង​រយៈពេល​ ២ ​សប្តាហ៍​ចុងក្រោយ​នេះ ដោយ​បន្ថែម​ទៅលើ​ទីផ្សារ​ដែល​ផ្គត់ផ្គង់​លើស​តម្រូវការ​រួចទៅហើយ​។ ម្យ៉ាងទៀត OILPRICE.com ក៏បាន​រាយការណ៍​ថា ប្រទេស​ចិន​ បាន​បើកទ្វារ​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​ការ​អនុវត្ដ​គោលនយោបាយ Zero-Covid ដ៏​យូរ​របស់ខ្លួន​។ ប៉ុន្តែ​ឥឡូវនេះ រដ្ឋាភិបាល និង​ក្រុមហ៊ុន​ថាមពល​ជុំវិញ​ពិភពលោក​កំពុង​រង់ចាំ​មើលថា តើ​វា​នឹង​ទៅជា​យ៉ាងណា​ទាំង​សម្រាប់​ឧស្សាហកម្ម​ថាមពល និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​។​

​ផ្អែកលើ​ការវិភាគ​បច្ចេកទេសវា​បង្ហាញថា ​តម្លៃ​ប្រេង​នៅតែ​ប្រែប្រួល​ក្រោម​កម្រិត​មធ្យម​នៃ​តម្លៃ​ក្នុង​រយៈពេល ២០០ ថ្ងៃ ហើយ​វគ្គ​ជួញដូរ​ពេលព្រឹក​ថ្ងៃ​ចន្ទ គឺ​លើសពី ៧៥ ដុល្លារ ដែល​នៅ​ជិត​កម្រិត​ទាប​ប្រចាំ​សប្តាហ៍​នៃ​តម្លៃ ៧២ ដុល្លារ​។ សម្រាប់ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ អ្នកជួញដូរ​ប្រេង​ឆៅ​អាច​បន្ត​លក់​ក្នុង​រយៈពេល​ខ្លី នៅពេលដែល​តម្លៃ​ដល់ ៧៦ ដុល្លារ ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ៧៨ ដុល្លារ និង​មុខងារ​ទាញយក​ប្រាក់ចំណេញ​នៅ​តម្លៃ ៧២ ដុល្លារ​៕