​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​កំពុង​ព្យាយាម​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​ការកែច្នៃ ពិសេស​ផលិតផល​កសិកម្ម​ឱ្យ​កាន់តែច្រើន​ដើម្បី​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម ប៉ុន្តែ​ទន្ទឹមនឹងនោះ​កម្ពុជា​ក៏ត្រូវ​តែ​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស​របស់ខ្លួន​ឱ្យ​ឆ្លើយតប​នឹង​ទីផ្សារការងារ​ផងដែរ​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​និស្សិត​បច្ចេកទេស និង​និស្សិត​នៃ​វិទ្យា​ស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស​ជាង​ ៥ ​ពាន់​នាក់​ដែល​បានបញ្ចប់​ការ​​សិក្សា នៅឯ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ជ្រោយចង្វារ​កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ លោក ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា គឺ​កំពុង​ខិតខំ​ទាក់ទាញ​អ្នក​​វិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​គ្រប់​វិស័យ ជាពិសេស​ឧស្សាហកម្ម​កែច្នៃ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ដែលមាន​ស្រាប់​ដើម្បី​នាំចេញ​ជា​ផលិតផល​សម្រេច​។ ឧស្សាហកម្ម​កែច្នៃ​ក្នុងស្រុក គឺ​មិន​ត្រឹមតែ​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បង្កើត​តម្លៃបន្ថែម និង​លើកកម្ពស់​សមត្ថភាព​នាំចេញ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​បើ​កម្ពុជា​អាច​នឹង​ទាក់ទាញ​អ្នកវិនិយោគ​សម្រាប់​វិស័យ​ឧស្សាហកម្ម​កែច្នៃ​វត្ថុធាតុដើម​ក្នុងស្រុក វា​នឹង​ផ្តល់ឱកាស​ឱ្យ​កសិករ​របស់​យើង​ដាំ​ដុះ​ហើយ​មាន​ទីផ្សារ គឺ​រោងចក្រ​នៅទីនេះ ដោះស្រាយ​ការងារ​ធ្វើឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​យើង​ផង ផ្តល់នូវ​តម្លៃបន្ថែម​សម្រាប់​ផលិតផល​របស់​យើង​ផង ដែល​នេះ​ជា​ផ្នែក​ទី១ ដែល​យើង​ចង់បាន ឯ​ផ្នែក​ទី២ ដែល​យើង​ចង់បាន​ក្នុង​គោលនយោបាយ​ឧស្សាហកម្ម គឺ​ទាក់ទាញ​ឧស្សាហកម្ម​បច្ចេកទេស​ខ្ពស់​ដែល​សព្វថ្ងៃ​បានធ្វើ​ដំណើរ​មក​បណ្តើរៗ​ដូចជា​ក្រុមហ៊ុន​ជប៉ុន Minebea ដែល​មុននេះ​វិនិយោគ​ត្រឹម​ជាង ៣០​ លាន​ដុល្លារ ឥឡូវ​ក្រុមហ៊ុន​នេះ​វិនិយោគ​ឡើង​ជិត​ដល់ ១ ០០០​ លាន​ដុល្លារ​ហើយ​»​។​

​ទន្ទឹមនឹងនោះ​កម្ពុជា​ក៏ត្រូវ​ខំ​ពង្រឹងសមត្ថភាព​ប្រជាជន​ឱ្យមាន​សមត្ថ​ភាព​គ្រប់គ្រាន់​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិនិយោគិន​ផងដែរ​។ នេះ​បើតាម​លោក ហ៊ុន សែន​។​

​លោក​បន្ថែមថា ក្នុង​ ១ ​ឆ្នាំៗ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​មិនទាន់​កែច្នៃ​ប្រហែល ១​ លាន​តោន​ទៅ​ក្រៅ​ប្រទេស ​(​វៀតណាម​) ដូច្នេះ​បើ​កម្ពុ​ជាមាន​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​គ្រប់គ្រាន់ គឺ​កម្ពុជា​នឹង​អាច​ក្លាយជា​អ្នកផ្គត់ផ្គង់​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​។ ចំណែក​ផលិតផល​មួយចំនួនទៀត​ដូចជា ស្រូវ អង្ករ និង​កៅស៊ូ ក៏​ការនាំចេញ​បាន​ជួប​បញ្ហា​ច្រើន​ដោយសារ​ចង្វាក់​ផលិតកម្ម​កែច្នៃ​ឱ្យទៅជា​ផលិតផល​សម្រេច​នៅមានកម្រិត​នៅឡើយ​។​

​លោក​អះអាងថា​៖ «​ទៅមុខ​បើ​កម្ពុជា​មានលទ្ធភាព កម្ពុជា​អាច​ក្លាយទៅជា​ប្រទេស​ចែកចាយ​គ្រាប់ស្វាយចន្ទី សឹងតែ​ក្លាយជា​អ្នកខ្លាំង​មួយ​នៅក្នុង​ចំណោម​អ្នកខ្លាំង​នៃ​ការ​ចែកចាយ ព្រោះ​ក្នុង​ ១ ​ឆ្នាំៗ​ កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ដែល​មិនទាន់​កែច្នៃ ១​ លាន​តោន​។ យើង​កែច្នៃ​ខ្លួនឯងបាន​តិចតួច​ណាស់​»​។​

​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ី​ឡុ​ត បាន​ប្រាប់ ​ភ្នំពេញ​​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៧ ខែកុម្ភៈថា ទិន្នផល​គ្រាប់ស្វាយចន្ទី​កម្ពុជា​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ ខណៈ​កំណើន​ទិន្នផល​នេះ​បានធ្វើឱ្យ​សមាគម​ស្វាយចន្ទី​នៅ​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្រ្វិក​ព្រួយ​បារម្ភ​ថា​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​ទីផ្សារ​របស់ខ្លួន​។

លោក​និយាយថា​៖​ «​ទោះយ៉ាងណា សមាគម​បាន​ប្រាប់​ពួកគេ​កុំឱ្យ​បារម្ភ ព្រោះ​ផលិតផល​ស្វាយចន្ទី​កម្ពុជា គឺ​មិនមែនជា​ក្តីបារម្ភ ឬ​ជា​គូ​ប្រ​ជែង​សំខាន់​សម្រាប់​ទីផ្សារ​គ្រាប់ស្វាយ​ចន្ទី​អាហ្រ្វិក​ឡើយ​។ បច្ចុប្បន្ន​សមាគម​កំពុង​ស្វែងរក​ទីផ្សារ​ទៅកាន់​ទីផ្សារ​អារ៉ាប់ អឺរ៉ុប និង​អាមេរិកជាដើម​»​។​

​បើតាម​លោក ស៊ី​ឡុ​ត កាលពី​ថ្ងៃទី​ ២៣-២៥ ខែកុម្ភៈ សមាគម​ស្វាយចន្ទី​​កម្ពុជា ក៏​ទើប​ត្រូវបាន​អញ្ជើញ​ឱ្យទៅ​ចូលរួម​សន្និសីទ​ស្វាយចន្ទី​ពិភពលោក World Cashew Conference នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ស្វាយ​ចន្ទី​កម្ពុជា​ទៅកាន់​ពិភពលោក​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​អន្តរ​ជាតិ​កម្ពុជា មាន​ទឹកប្រាក់​សរុប ៥២ ៤២៤,៥៣៩ ​លាន​ដុល្លារ កើន ៩,២​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំចេញ ២២ ៤៨២,៩៣៧​ លាន​ដុល្លារ កើន ១៦,៤​ ភាគរយ និង​នាំចូល​ចំនួន ២៩ ៩៤១,៦០២ ​លាន​ដុល្លារ កើន ៤,៣ ​ភាគរយ​៕