ភ្នំពេញៈ​ ក្រុម​ហ៊ុន​យក្ស​ចំនួន ​៦ បាន​សន្យា​ថា​ នឹង​ទាក់​ទាញ​អ្នក​វិនិយោគ​ទុនរ​អាមេរិក​ឱ្យបាន​ច្រើន​ថែម​ទៀត សម្រាប់​ចូល​រួម​ជួយ​អភិវឌ្ឍ​វិស័យ​សារ​ធា​រណកា​រ និង​ដឹកជ​ញ្ជូន​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង​ដើម្បី​ដើរ​ឱ្យ​ទាន់​តម្រូវការ​សង្គម​-​សេដ្ឋ​កិច្ច​ ដែល​កំពុង​មាន​ការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន​។

ការ​សន្យា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូ​នៃ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អា​មេ​រិច​-​អាស៊ាន​(US-ASEAN​Busi​ness Council – US-ABC) កាល​ពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

​ក្រុម​ហ៊ុន​ធំៗ​ចំនួន​៦​នេះ ​គឺជា​សមា​ជិក​នៃ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អា​មេ​រិច​-​អាស៊ាន ​(US-ASEAN Business Council–US-ABC)រួម​មាន​៖ ក្រុម​ហ៊ុន Con​oco​Phi​llips, ក្រុម​ហ៊ុន ​Ford,​ក្រុម​ហ៊ុន RMA Group, ក្រុម​ហ៊ុន Pfizer,​ក្រុម​ហ៊ុន​ Visa និង​ក្រុម​ហ៊ុន Vriens& Partners​។​

​នា​ឱកាស​នោះ លោក​ ស៊ុន ចាន់​ថុល ​រដ្ឋមន្ត្រី​ក្រសួង​សា​ធារណ​ការ ​និង​ដឹក​ជញ្ជូន​បា​នឱ្យដឹង​ថា ជំនួប​នេះ​ដើម្បី​ពិភាក្សា​ការងារ​សំដៅ​ឈាន​ទៅ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​ស្ថា​ប័ន​រដ្ឋ និង​វិស័យ​ឯកជន ​ពិសេស​វិស័យ​ដឹក​ជញ្ជូន និង​សា​ធា​រណ​ការ​ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​។​

​លោក​បានប​ន្តថា​៖ «​ជំនួប​ពិភាក្សា​នេះ ចង់​ស្វែង​យល់​បន្ថែម​អំពី​សក្តានុ​ពល ​និង​កាលានុវ​ត្ត​ភាព​ពាណិជ្ជក​ម្ម​-​វិនិ​យោគ​នៅ​ក្នុង​តំបន់​អាស៊ា ន​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​-​ពាណិជ្ជ​កម្ម​បន្ថែម​ទៀត​នៅ​ពេល​ខាងមុខ​សំដៅ​ចូល​រួម​ចំណែក​ក្នុងការ​ស្ថា​រ​សេដ្ឋ​កិច្ច​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក៏ដូច​ជា​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​របស់​កម្ពុជា ​ពិសេស​បង្ហាញ​នូវ​ការ​គាំទ្រ​របស់​សហ​គម​ន៍​អ្នក​ជំនួញ​អាមេរិក​សម្រាប់​ការ​កសាង​សមត្ថ​ភាព​សហ​គ្រាស​ធុន​តូច និង​មធ្យម និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​»​។​

​លោក​ស៊ុន ចាន់​ថុល ​បាន​បន្ថែម​ថា ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន ​និង​ភ័ស្តុ​ភា​រកម្ម នៅ​តែ​ជា​យុទ្ធ​សាស្ត្រ​ចម្បង​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ដែល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋ​កិច្ច​ជាតិ ​។

ជាក់​ស្តែង​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​សីហនុ ដែល​កំពុង​បើក​ដំណើរកា​រ​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ក៏​គ្រោង​នឹង​បើក​ការ​ដ្ឋាន​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៣ ​ខណៈ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀម​រាប ​ក៏បាន​រៀបចំ​សិក្សា ព្រម​ទាំង​គម្រោង​លើក​កម្រិត​ផ្លូវ​រថ​ភ្លើង ​ភ្នំពេញ​-​ប៉ោយ​ប៉ែត ​ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ក៏​កំពុង​ស្វែង​រក​ដៃគូ​វិនិ​យោគ​លើ​កិច្ចកា​រងារ​នេះ​ថែម​ទៀត​។​

​ជាង​នេះ​ទៀត​លោក​បាន​លើក​ឡើង​ពី​គម្រោង​ជីក​ព្រែក​ត​ភ្ជាប់​ទន្លេ​បាសាក់​ទៅ​កាន់​កំពង់ផែ​សមុទ្រ​នៃ​ខេត្ត​កំពត ដើម្បី​សម្រួល​ដល់​ការដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹកឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ​ចំណេញ​ពេល​វេលា និង​កាត់​បន្ថយ​ការ​ចំណាយ ​ដែល​កំពុង​ត្រូវ​ការ​ដៃគូ​អភិ​វឌ្ឍន៍​ធ្វើឱ្យ​លេច​ចេញ​ជា​រូប​រាង​ផង​ដែរ​។​

​ឆ្លៀត​ឱកាស​នោះ ​លោក​ស៊ុន ​ចាន់​ថុល ក៏បាន​ស្នើ​ឱ្យ​ប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អា​មេ​រិក​-​អាស៊ាន​ជួយ​ពិនិត្យ​លទ្ធ​ភាព​ក្នុង​ការ​ចាត់​អ្នក​ជំនាញ​ការ​មក​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់​ឬ​តាម​ប្រព័ន្ធ​ Online ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង និង​បទ​ពិសោធន៍​លើ​ការ​កសាង​សមត្ថ​ភាព​របស់​មន្ត្រី​រា​ជកា​រ​ក្រសួង​។ ជា​ពិសេស​មន្ត្រី​ជំនាញ​បច្ចេក​ទេស​ទាក់​ទង​នឹង​ភាព​ជា​អ្នក​ដឹក​នាំ​ក៏ដូច​ជា​ជំនាញ​បច្ចេក​ទេស​ផ្សេងៗ​ដើម្បី​ជួយ​ឱ្យ​ពួក​គាត់​អាច​បំពេញ​ការងារ​រប​ស់​ខ្លួន​កាន់​តែមាន​ប្រសិទ្ធ​ភាព​ថែម​ទៀត និង​ចែក​ជូន​ទៅ​និស្សិត​នៃ​វិទ្យា​ស្ថាន​តេ​ជោ​សែន​សា​ធារណ​ការ​ និង​ដឹក​ជញ្ជូន ​ដើម្បី​បង្កើន​ចំណេះ​ដឹង និង​បណ្តុះ​ផ្នត់​គំនិត​ល្អៗ​បន្ថែម​។

​ជា​ការ​ឆ្លើយ​តប លោក Michael W. Michalak អនុ​ប្រធាន​ជាន់​ខ្ពស់​ និង​ជានា​យក​គ្រប់​គ្រង​ប្រចាំ​តំបន់ ​និង​សមា​ជិក US-ABC​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍ​នភាពនិ​ង​ការអ​ភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ​ជា​ពិសេស​ក្នុង​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័ន​ដឹក​ជញ្ជូន​។​

​លោក​Michae​l W. Michalak ដែល​ជាតំ​ណាងឱ្យ​ក្រុម​ហ៊ុន​ធំៗ​ចំនួន៦ ​នេះ​ ក៏បាន​សន្យា​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន ក៏​ដូចជា​វិនិយោគិ​ន​របស់​អាមេរិក​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ដើម្បី​ផ្ទេរ​ក៏ដូច​ជា​ចែករំលែក​ចំណេះដឹ​ងនិង​បច្ចេក​វិទ្យា​ថ្មីៗ​សំដៅ​ជំរុញ​ការអ​ភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រីកច​ម្រើន​ថែម​ទៀត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រ​សួងពាណិជ្ជ​កម្ម​កម្ពុ​ជា ធ្លាប់​បាន​វាយ​តម្លៃ​ខ្ពស់​លើ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង២ ដែ​លមានការ​កើន​ឡើង​គួរឱ្យកត់​សម្គាល់​នៅក្នុង​ឆ្នាំ​២០២១​ទោះបី​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ក៏​ដោយ។

​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​ កាលពី​ឆ្នាំ​២០២១​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក​សម្រេច​បាន​៧,៨​ពាន់​លាន​ដុល្លារ កើន​ឡើង​ប្រមាណ​៤២% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០ ​ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​៥,៥​ពាន់​លាន​ដុល្លារ​។​

​ពាក់​ព័ន្ធ​នឹង​អ្នក​វិយោគ​នេះដែ​រ ​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ក៏បាន​លើក​ឡើងដែ​រថា កម្ពុជា​ត្រូវការ​បណ្តា​វិនិយោ​គិន​អន្ត​រជា​តិមក​បោះ​ទុន​វិនិយោគ​លើ​វិស័យ​ជាច្រើន​ពិសេស​លើ​គម្រោង​ហេ​ដ្ឋ​រចនា​សម្ព័ន្ធ​ធំៗ ដូច​ជា​៖​ គម្រោង​ផ្លូវដែក​ល្បឿន​លឿន ផ្លូវ​រថភ្លើង​អាកាស ​និង​ផ្លូវ​រថភ្លើង​ក្រោម​ដី​ជាដើម​ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​ឱ្យ​កាន់​តែ​មាន​ភាព​រឹងមាំ​៕