ភ្នំពេញៈ និយតករ​មូល​ប​ត្រ​កម្ពុជា (SERC) និង​និយតករ​មូល​ប​ត្រ​ម៉ាឡេស៊ី បាន​សហការគ្នា​ក្នុងការ​សម្របសម្រួល ត្រួតពិនិត្យ និង​អនុ​វត្តបទ​ប្បញ្ញត្តិ និង​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៃ​ប្រទេស​អាស៊ាន​ទាំង​២​នេះ ស្របទៅនឹង​ភាព​រីកចម្រើន​នៃ​សកលភាវូបនីយកម្ម និង​សកម្មភាព​វិនិយោគ​ឆ្លងដែន​របស់​ឯក​ត្ត​បុគ្គល ឬ​នីតិបុគ្គល​ដែល​ស្ថិតក្រោម​និយតកម្ម​របស់​ប្រទេស​ទាំង​២​។​

​និយតករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) និង​គណៈកម្មការ​មូល​ប​ត្រ​ម៉ាឡេស៊ី (SCM) ​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) នៅ ​SCM​ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត និង​ការត្រួតពិនិត្យ​ផ្នែក​ច្បាប់​ឱ្យ​កាន់តែ​ប្រសើរឡើង​រវាង​និយតករ​ទាំង​២​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម សម្រាប់ MOU នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ស៊ូ សុជាតិ អគ្គនាយក SERC និង​លោក Awang AdekHussin ប្រធាន​របស់ SCM មាន​វិសាលភាព​គ្របដណ្ដប់​លើ​កិច្ច​គាំទ្រ​ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្ត​ច្បាប់​ឆ្លងដែន ការរៀបចំ​បទ​ប្បញ្ញត្តិ និង​ការត្រួតពិនិត្យ​អន្តរការី​ទីផ្សារ​មូល​ប​ត្រ និង​ការសម្របសម្រួល​ព័ត៌មាន​អាជ្ញាប័ណ្ណ នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​សម្រាប់​កិច្ចការ​និយតកម្ម​ទីផ្សារ​។​

« MOU​ នេះ ក៏បាន​លើកឡើង​អំពី​ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស ក៏ដូចជា​ការចែករំលែក​ចំណេះដឹង​បច្ចេកទេស និង​ជំនាញ​នៃ​ការធ្វើ​និយតកម្ម​ ដើម្បី​ជួយ​សម្រួល និង​លើកទឹកចិត្ត​ដល់​ការអភិវឌ្ឍ​ទីផ្សារ​មូលធន ​រៀងៗ​ខ្លួន ស្រប​ជាមួយ​នឹង​ការបន្ត​រីកចម្រើន និង​ការអភិវឌ្ឍ​នៃ​ទីផ្សារ​មូលធន​ម៉ាឡេស៊ី និង​កម្ពុជា​»​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​។​

​លោក​ Awang AdekHussin​ បានឱ្យដឹងថា ខណៈពេលដែល​ការតភ្ជាប់​រវាង​ទីផ្សារ​មូលធន​អាស៊ាន​មាន ការរីកចម្រើន ការបង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​និយតកម្ម​រវាង​អាជ្ញាធរ​ទាំង​២ គឺ​កាន់តែ​ចាំបាច់​។​

​លោក​​ថ្លែងថា​៖ «​សម្រាប់ MOU នេះ​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាជ្ញាធរ​ទាំង​២ ហើយនឹង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក នៅពេល​យើង​អភិវឌ្ឍ និង​គ្រប់គ្រង​ទីផ្សារ​មូលធន​រៀងៗ​ខ្លួន​»​។​

​លោក ស៊ូ សុជាតិ បានឱ្យដឹងថា ក្រោម​ក្របខ័ណ្ឌ​នៃ​ការចុះ MOU ថ្ងៃនេះ កិច្ចសហប្រតិបត្តិការ​រវាង​អាជ្ញាធរ​របស់​យើង​ទាំង​២ មានតម្លៃ​ធំធេង បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​គួរឱ្យ​ទុកចិត្ត និង​ចែករំលែក​ព័ត៌មាន​ផ្សេងៗ ជាពិសេស​ពាក់ព័ន្ធ​នឹង​បទ​ប្បញ្ញត្តិ និង​ការគ្រប់គ្រង​។​

​លោក​ថ្លែងថា​៖ «​ទីផ្សារ​របស់​ប្រទេស​ទាំង​២ នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​កិច្ចសហប្រតិបត្តិការ​នេះ ដែល​នឹង​បង្កើត​អត្ថប្រយោជន៍​រយៈពេល​វែង​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​របស់​យើង​នៅក្នុង​បរិការណ៍​នៃ​សកលភាវូបនីយកម្ម​ទីផ្សារ​ហិរញ្ញវត្ថុ​នេះ​»​។​

​បន្ទាប់ពី​ការចុះ MOU​នេះ មន្ត្រីជាន់ខ្ពស់ ន​.​ម​.​ក​. និង​ SC បានធ្វើការ​ពិភាក្សា​ទ្វេភាគី​ជា​ជំហាន​នៃ​ការចាប់ផ្តើម ដើម្បី​ស្វែងយល់​ពី​គោលបំណង​របស់​MOU ដើម្បី​សម្រួល​ដល់​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​រៀងៗ​ខ្លួន​។ ផ្នែក​សំខាន់ៗ​ដូចជា​ការការពា​រវិ​និ​យោគិន ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ និង​ការបោះ​ផ្សាយ​លក់​ផលិតផល ត្រូវបាន​លើកយក​មក​ពិភាក្សា​។ បន្ថែម​ពីនេះ ន​.​ម​.​ក​. និង SC បាន​ព្រមព្រៀងគ្នា​ថា ការពិគ្រោះ​យោបល់​ជា មួយ​​អ្នកចូលរួម​ក្នុង​ទីផ្សារ​ក្នុងស្រុក នឹង​អាចឱ្យ​ភាគី​ពាក់ព័ន្ធ​វាយតម្លៃ​ពី​លទ្ធភាព និង​តម្រូវការ​ទីផ្សារ​។​

​យោងតាម​របាយការណ៍​បាន​ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) គិត​ត្រឹម​ថ្ងៃទី​១៩​ ខែមករា មាន​ក្រុមហ៊ុន​សរុប​ចំនួន​ ១៨ ចុះបញ្ជី​នៅលើ​ទីផ្សារ​មូល​ប​ត្រ​ក្នុងស្រុក ដែល​ក្រុមហ៊ុន​ចំនួន​៩​បាន​ចុះបញ្ជី​ភាគហ៊ុន ខណៈដែល​ក្រុមហ៊ុន​ផ្សេងទៀត​បានចេញ​មូល​ប​ត្រ​បំណុល​។ ក្រុមហ៊ុន​ទាំងនេះ បាន​ប្រមូល​មូលនិធិ​សរុប​ចំនួន​៣១៧​លាន​ដុល្លារ​តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ​របស់​ពួកគេ​។​

​រហូតមកដល់​បច្ចុប្បន្ន​នេះ គណនី​ជួញដូរ​ CSX ប្រមាណ​៣៦ ០០០ ត្រូវបាន​បើក​។ លោក​បញ្ជាក់ថា តម្លៃ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​នៅលើ​ផ្សារ​ហ៊ុន​បាន​កើន​ឡើងដល់​ប្រហែល ៥០០ ០០០ ​ដុល្លារ​កាលពី​ឆ្នាំមុន។

​យោងតាម​ព្រឹត្តិបត្រ សមិទ្ធផល​ចក្ខុវិស័យ ឆ្នាំ​២០២២ និង​ផែនការ​សម្រាប់​ឆ្នាំ​២០២៣​របស់​ CSX ទីផ្សារ​មូល​ប​ត្រ​ក្នុងស្រុក​មួយ​នេះ បានបង្ហាញ​ពី​គោលដៅ​ជំរុញ​ការ​តម្លៃ​នៃ​ការជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​ដល់​១​លាន​ដុល្លារ​៕