​ភ្នំពេញៈ ​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​តំបន់​សេន​ដៃ​ប្រទេស​ជប៉ុន នឹង​ក្លាយជា​ចំណែក​សំខាន់​ក្នុង​ការជួយ​ធ្វើឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា និង​ជប៉ុន មានដំណើរ​ការ​ទៅមុខ​កាន់តែ​លឿន ខណៈ​កម្ពុជា​-​ជប៉ុន គឺជា​ប្រទេស​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​កម្ពុជា​។​

​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​សភាពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២៣ បានធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​តំបន់​សេន​ដៃ ប្រទេស​ជប៉ុន​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើកសម្ពោធ និង​បោះឆ្នោត​ជ្រើស​​តាំង​សមាជិក​តំណាង​សភាពាណិជ្ជកម្ម​នៅ​តំបន់​សេន​ដៃ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​​ ២៨ ខែកុម្ភៈ​ថា ការិយាល័យ​តំ​​ណា​ង​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​តំបន់​សេន​ដៃ នឹង​ជួយ​ឱ្យ​ទំនាក់ទំនង​សេដ្ឋ​កិច្ច​រវាង​កម្ពុជា និង​ជប៉ុន មាន​ទំហំ​កាន់​តែ​ធំ ព្រោះ​ទីនោះ​នឹង​ជួយ​ត​ភ្ជាប់​រវាង​អ្នកវិនិយោគ​ជប៉ុន​-​កម្ពុជា ព្រមទាំង​ជំរុញ​ឱ្យ​ការអនុវត្ត​កិច្ចព្រមព្រៀង RCEP កាន់​តែមាន​ប្រសិទ្ធភាព និង​ការ​ទាក់​ទាញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យមក​បណ្តាក់​ទុន​កាន់តែច្រើន​នៅ​កម្ពុជា​។ លោក​បន្តថា ការភ្ជាប់​ទំនាក់ទំនង​គ្នា​កាន់តែ​ជិត​​ស្និទ្ធ​នេះ ក៏​ជួយ​ធ្វើឱ្យ​ដំណើរការ​ចរចា​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ ២ លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កាន់​តែមាន​ភាពងាយស្រួល​ផងដែរ​។​

​លោក​អះអាងថា​៖ «​សភាពាណិជ្ជកម្ម​កម្ពុជា ត្រៀមខ្លួន​ជានិច្ច​ដើម្បី​គាំទ្រ​ដល់​ការិយាល័យ​តំណាង​នៅ​តំបន់​សេន​ដៃ ក្នុង​ការតភ្ជាប់​ទំនាក់​ទំនង​ជាមួយ​វិស័យ​ឯកជន​នៅ​កម្ពុជា​។ សក្តានុពល​វិនិយោគ​នៅ​កម្ពុ​ជាមាន​វិសាលភាព​ធំធេង ហើយ​មាន​កិច្ចការ​ជាច្រើន​ដែល​ភាគី​ទាំង​ ២ អាចធ្វើ​រួមគ្នា​ដើម្បី​ទាញយក​ផល​ប្រ​​យោជន៍​ជា​អតិបរមា​សម្រាប់​វិស័យ​ឯក​ជន​ប្រទេស​ទាំង ​២»​។​

​នៅក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នោះ លោក លឹម ហេង និង​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា ក៏បាន​ធ្វើ​ទស្សនកិច្ច​ក្រុមហ៊ុន​ជប៉ុន​ចំនួន ៣​ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នៃ​ធុរកិច្ច​ជប៉ុន និង​ពិនិត្យ​លទ្ធភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន​ជប៉ុន និង​កម្ពុជា​ផងដែរ​។​

​លោក​និយាយថា​៖ «​ខ្ញុំ​សង្កេតឃើញ​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ចាប់អារម្មណ៍​ក្នុងការ​ស្វែងរក​ដៃគូ​ស​ហ​ការ ឬ​មក​បើក​ដំណើរការ​ផ្ទាល់​នៅ​កម្ពុជា​។ នេះ​ជា​ចំណុច​ល្អ​ដែលជា​សមាជិក​កា​រិ​យា​ល័យ​របស់​យើង​មាន​ឆន្ទៈ​ក្នុងការ​បង្កើន​កិច្ចសហការ​កាន់តែខ្លាំង​ជាមួយគ្នា​»​។​

​សភាពាណិជ្ជកម្ម​កម្ពុជា កាលពី​ចុងខែឧសភា ឆ្នាំ​ ២០២២ បាន​បើក​កា​រិ​យា​ល័យ​តំណាង​របស់ខ្លួន​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា​ផងដែរ​។​

​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ ជប៉ុន គឺជា​ប្រទេស​ដែល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​លំដាប់​ទី៥ ដោយមាន​ទឹកប្រាក់ ២,៤​ ពាន់​លាន​ដុល្លារ​, តាម​ពីក្រោយ​ប្រទេស​ចិន​មាន​ទឹកប្រាក់ ១៨​ ពាន់​លាន​ដុល្លារ​, កូរ៉េ ៤,៩​ពាន់​លាន​ដុល្លារ​, សិង្ហ​បុរី ២,៧​ ពាន់​លាន​ដុល្លារ និង​វៀតណាម ២,៥​ ពាន់​លាន​ដុល្លារ​។ វិនិយោគិន​ជប៉ុន​ភាគច្រើន​វិ​និយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់ និង​អចលនទ្រព្យ ជាពិសេស​វិស័យ​លក់រាយ ផ្សារ​ទំនើប វិស័យ​សេវាកម្ម និង​វិស័យ​ភោជនីយដ្ឋាន ជាដើម​។​

​ក្នុង​ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន មាន​ចំនួន ១ ៧៣៤,១៤​ លាន​ដុល្លារ កើន ១,២ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២០ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន មាន​ទឹកប្រាក់ ១ ០៩៣,៦២​ លាន​ដុល្លារ កើន​ ៣ ​ភាគរយ និង​ការនាំ​​ចូល​ចំនួន ៦៤០,៥១​លាន​ដុល្លារ ធ្លាក់ ១,៦​ ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​អគ្គ​​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕