ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ២៧ ដែលមាន​ទុន​វិ​និ​​យោគ​សរុប ១៩៨,២​ លាន​ដុ​​ល្លារ និង​អាចបង្កើត​ការងារ​បាន ៣៩ ៩១៤​ កន្លែង នា​រយៈពេល ​២ ​ខែ​ឆ្នាំ​ ២០២៣ ក្នុងនោះ ១៩ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។​

​យោងតាម​ការ​គណនារ​បស់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ដោយ​ផ្អែកលើ​ព័​ត៌​មាន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ CDC គឺ​ក្នុង​ខែមករា​-​កុម្ភៈ ក្នុង​ឆ្នាំ ​២០២៣ មាន​គម្រោង​វិនិយោគ​ចំនួន​ ២៧ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​ឱ្យ​វិនិយោគ ដែលមាន​ដូចជា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​, ស្បែកជើង​, កាបូប​, សម្ភារ​កីឡា​, សម្ភារ​កា​រិ​យា​​ល័យ​, អំពូល​ភ្លើង​, ឧបករណ៍​អគ្គិសនី​, កេស​កា​តុង​, និង​សង្ហារិម ជាដើម​។

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​មាន​អ្នកវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​កាន់តែច្រើន​បានបង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​កា​រវិ​និ​យោគ​នៅ​កម្ពុជា ខណៈ​ការវិនិយោគ​នៅទីនេះ​មាន​លក្ខណៈ​អំណោយផល​ទាំង​កត្តា​ខាងក្នុង និង​ខាងក្រៅ​។

កត្តា​ខាងក្នុង​សំដៅ​ដល់​វិធានការ និង​ច្បាប់​នានា​ដែល​រដ្ឋាភិបាល​បានធ្វើ​បច្ចុប្បន្ន​ភាព និង​បង្កើត​ថ្មីៗ​ក្នុងន័យ​លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគិន​ចូលមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា ស្របពេល​កម្ពុជា​ជា​ប្រទេស​មាន​លក្ខខណ្ឌ​ភូមិសាស្ត្រ​ល្អ​​ប្រសើរ និង​ជា​ប្រទេស​មាន​កម្លាំង​ពល​​កម្ម​ជំនាញ​វ័យក្មេង​ច្រើន​។

លោក​បន្តថា ចំណែក​កត្តា​ខាងក្រៅ គឺ​កម្ពុជា​ក្រៅពី​មាន​ទំនាក់ទំនង​ទីផ្សារ​ល្អជា​មួយ​ប្រ​ទេស​ជាច្រើន កម្ពុជា​ក៏មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ប្រទេស​ជាច្រើន ដែល​កិច្ច​ព្រម​ព្រៀង​នេះ​បានផ្តល់​លក្ខខណ្ឌ​ពិសេស​ផ្នែក​ពន្ធគយ​សម្រាប់​ទំនិញ​នាំ​ចេញពី​ប្រទេស​កម្ពុជា​។​

​លោក​បាន​បន្ថែមថា ម្យ៉ាងទៀត​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច និង​អសន្តិសុខ​ក្នុងប្រទេស​មួយចំនួន​ក៏បាន​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ទីតាំង​រោងចក្រ​មួយចំនួន​មក​កម្ពុជា​ដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​នឹងមាន​គម្រោង​វិនិយោគ​កាន់តែច្រើន​បន្ថែមទៀត​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ក្នុងការ​​ស្វាគមន៍​ពួកគេ​»​។​

​អ្នកសេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា នៅពេល​ប្រទេសមួយ​មាន​ស្ថិរភាព​នយោបាយ​ល្អប្រសើរ ទីផ្សារ​នាំចេញ​ធំ​ទូលាយ និង​មាន​ពលកម្ម​សម្បូរបែប គឺជា​សក្តានុពល​ដ៏​ខ្លាំង​ក្នុងការ​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​។ ការខិតខំ​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឱ្យ​កាន់តែ​ល្អ និង​សម្បូរបែប ​(​ផ្លូវថ្នល់ អាកាសយានដ្ឋាន​...​កំពង់​​ផែ​) គឺជា​ផ្នែក​មួយ​ធ្វើឱ្យ​អ្នកវិនិយោគ​សម្រេចចិត្ត​មក​បើក​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា​។

លោក​បន្ថែមថា កម្ពុជា​ក៏មាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល​ផងដែរ ព្រោះ​មិនមាន​គ្រោះធម្មជាតិ​ធំៗ ដែល​អាចជា​ឧបសគ្គ​សម្រាប់​ការ​បើក​រោងចក្រ​/​សហគ្រាស​។​

​លោក​ប្រាប់ថា​៖ «​ការធ្វើ​បច្ចុប្បន្ន​ភាពជា​បន្តបន្ទាប់​នៃ​ច្បាប់​នានា និង​ការ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​នានា​កំពុង​ក្លាយទៅជា​កម្លាំងចលករ​ក្នុងការ​ទាក់ទាញ​ឱ្យ​គម្រោង​វិនិយោគ​កាន់តែច្រើន​មក​កម្ពុជា​»​។​

​លោក​បន្ថែមថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ត្រូវបាន​រំពឹងថា នឹងមាន​សម្ទុះ​កាន់តែខ្លាំង​ចាប់​ពី​ពេលនេះ​តទៅ ព្រោះ​ក្រៅពី​ទទួល​​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល GSP ពី​អាមេរិក និង EBA ពី​សហភាព​អឺរ៉ុប បច្ចុប្បន្ន​កម្ពុជា​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​ប្រទេស​ចិន កូរ៉េខាងត្បូង និង​កិច្ចព្រមព្រៀង RCEP ដែលមាន​ប្រទេស ១៥​ ជា​សមាជិក​។​

​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ចំនួន ៥២ ៤២៤,៥៣៩​ លាន​ដុល្លារ កើនឡើង ៩,២​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ២២ ៤៨២,៩៣៧​ លាន​ដុល្លារ កើន ១៦,៤ ​ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំចូល មាន​ចំនួន ២៩ ៩៤១,៦០២​ លាន​ដុល្លារ កើន ៤,៣​ភាគរយ​។​

​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ ​២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប ៤១​ ពាន់​លាន​ដុល្លារ កើនឡើង ១១,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ក្នុងនោះ​វិស័យ​ហិរញ្ញវត្ថុ មាន​ចំនួន ៩,៤​ ពាន់​លាន​ដុល្លារ ស្មើនឹង ២២,៩ ​ភាគរយ​, កម្មន្តសាល ៨,៥​ ពាន់​លាន​ដុល្លារ ស្មើ ២០,៨ ​ភាគរយ​, អចលន​​ទ្រព្យ ៤,៩​ ពាន់​លាន​ដុល្លារ ស្មើ ១២​ ភាគរយ​, សណ្ឋាគារ និង​ភោជនីយ​ដ្ឋា​ន ៤,៤​ ពាន់​លាន​ដុល្លារ ស្មើ ១០,៧​ ភាគរយ​, កសិកម្ម ៤,២​ លាន​ដុល្លារ ស្មើ ១០,៣​ ភាគរយ​, អគ្គិសនី ២,៦ ​ពាន់​លាន​ដុល្លារ ស្មើ ៦,២ ​ភាគរយ​, សំណង់ ១,៦ ​ពាន់​លាន​ដុល្លារ ស្មើ ៤,១ ​ភាគរយ និង​ផ្នែក​ផ្សេងៗ​ ៥,៣​ ពាន់​លាន​ដុល្លារ ស្មើ ១៣ ​ភាគរយ​៕