ភ្នំពេញៈ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេស​ចរណ៍បាន​លើកឡើងថា ការអនុញ្ញាតឱ្យ​ភ្ញៀវ​បរទេស​តាម​នាវា យន្តហោះ ឬ​រថភ្លើង ចូលមក​កម្សាន្ត​នៅ​កម្ពុជា​រយៈ​ពេល​ខ្លី ដោយ​ប្រើ​ទិដ្ឋាការ​ឆ្លងកាត់​ប្រ​ភេទ D នឹង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន ខណៈ​កម្ពុជា​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ស្តារ​វិស័យ​ទេសចរណ៍​របស់ខ្លួន​ឡើងវិញ​ពី​ការ​ធ្លាក់ចុះ​យ៉ាងគំហុក​ប្រមាណ ៣​ ឆ្នាំ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។​

​សេចក្តីជូនដំណឹង​ក្រសួង​ទេសចរ​ណ៍ ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​ ២៤ ខែកុម្ភៈ ដែល​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ទេស​​ចរណ៍ ភ្ញៀវ​អន្តរជាតិ និង​សាធារណ​ជន​ទាំងអស់ បាន​រៀបរាប់ថា ស្របតាម​ការសម្រេចរ​បស់​ក្រសួងមហាផ្ទៃ ទេសចរ​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លង​កាត់​កម្ពុជា​តាមរយៈ​នាវា​ទេសចរណ៍ ហើយ​ចូលមក​ទស្សនកិច្ច​ក្នុង​រយៈពេល​ខ្លី គឺ​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នើសុំ​ប្រភេទ​ទិដ្ឋាការ​ឆ្លងកាត់ ​(D)​ ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​ប្រ​ភេទ​ទិដ្ឋាការ​ឆ្លងកាត់ ​(D)​ ត្រូវបាន​ផ្តល់ជូន​សម្រាប់​ជនបរទេស​មិនមែន​អន្តោ​ប្រវេសន៍​ដែលជា​អ្នកដំណើរ​ឆ្លងកាត់ អ្នកបើកបរ បុគ្គលិក និយោជិត និង​កម្មករ​លើ​យានយន្ត រថភ្លើង នាវា ឬ​យន្តហោះ និង​អាច​ស្នាក់នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​រយៈពេល ៥ (​ប្រាំ​)​ថ្ងៃ ស្របតាម​អនុក្រឹត្យ​លេខ ​១២៣ អនក្រ​.​បក ចុះ​ថ្ងៃទី ​១០ ខែមិថុនា ឆ្នាំ​ ២០១៦ ស្តីពី​បែបបទ​សម្រាប់​អនុវត្ត​ចំពោះ​ការ​អនុញ្ញាតឱ្យ​ជនបរទេស​មិនមែន​អន្តោ​ប្រវេសន៍​ចូល ចេញ និង​ស្នាក់អាស្រ័យ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមា​គម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១ ខែ​មីនា​ថា ការសម្រេច​របស់​រដ្ឋា​ភិ​បាល​ចំពោះ​ការផ្តល់​ទិដ្ឋាការ​ឆ្លងកាត់​ប្រភេទ D ដល់​អ្នកបើកបរ បុគ្គលិក និយោជិត និង​កម្មករ​លើ​យានយន្ត រថភ្លើង នាវា ឬ​យន្តហោះ​សម្រាប់​ការ​ស្នាក់នៅ​រយៈ​ពេល​ខ្លី​ (៥​ថ្ងៃ​) នឹង​ជួយ​ឱ្យ​កម្ពុជា​កាន់​​តែ​អាច​ទាក់ទាញ​ភ្ញៀវ​បរទេស​ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​។​

​លោក​ថ្លែងថា​៖ «​ការសម្រេច​បន្ធូរ​បន្ថយ​របស់​រដ្ឋាភិបាល​នៅពេលនេះ នឹង​រួមចំណែក​បន្ថែមទៀត​ក្នុងការ​ទាក់​ទាញ​ភ្ញៀវ​ឱ្យធ្វើ​ដំណើរ​មក​កម្ពុ​ជាកា​ន់​តែ​ច្រើន​»​។ លោក​បន្តថា​៖«​ទោះ​យ៉ាង​ណា​ខ្ញុំ​មិនអាច​វាយតម្លៃថា កម្ពុជា​នឹង​ទទួលបាន​កំណើន​ភ្ញៀវ​កម្រិតណា​ទេ​ព្រោះ​កន្លងមក​កម្ពុជា គឺ​មិនមែនជា​គោលដៅ​ចម្បង​ដែល​ភ្ញៀវ​ធ្វើដំណើរ​តាម​នាវា​ចូលមក​កម្សាន្ត​ដូច​ប្រទេស​ថៃ វៀតណាម និង​សិង្ហ​បុរី ឡើយ​»​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​​ណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវ​លីន បាន​ប្រាប់ថា ការសម្រួល​នីតិវិធី​សម្រាប់​ការមកដល់​នៃ​ភ្ញៀវ​បរទេស​រយៈពេល​ខ្លី ដោយ​ប្រើ​ត្រឹម​ទិដ្ឋាការ​ប្រភេទ D ព្រម​ទាំង​ការប្រកាស​របស់​រដ្ឋាភិបាល​ចិន​ស្តីពី​ការអនុញ្ញាតឱ្យ​ជនជាតិ​ខ្លួន​អាចធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស ​(​រួមទាំង​កម្ពុជា​) នឹង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​កាន់​តែ​ច្រើន​។​

​លោកស្រី​លើកឡើងថា​៖ «​នៅពេល​សាមី​ប្រទេស​បង្ក​ភាពងាយស្រួល ការធ្វើដំណើរ​របស់​ភ្ញៀវ​បរទេស​ទៅ​កម្សាន្ត ក៏មាន​កាន់តែច្រើន​ដែរ​»៕