តាកែវ​: ​សត្វ​គោ​ពូជ Holstein Heifer ចិញ្ចឹម​យក​ទឹកដោះ​ជាង ៥០០ ក្បាល បាន​ជិះ​យន្ដហោះ​ពី​អូស្ដ្រាលី​មកកាន់​កសិដ្ឋាន​គិរី​​សួគ៌ ស្ថិតក្នុង​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្ដឹង​ស្រុក​បាទី ខេត្តតាកែវ​ ​កាលពី​អំឡុង​សម័យ​កូ​វីដ​ឆ្នាំ ​២០២០ ហើយ​សព្វថ្ងៃនេះ សត្វ​គោ​ទាំង​​នេះ កើត​បាន​កូនចៅ​រហូត​ដល់​ជំនា​ន់ទី​ ៣ ដែលមាន​ចំនួន​សរុប​ជាង ១ ពាន់​ក្បាល​។

​សត្វ​គោ​ទាំងនេះ​ត្រូវបាន​ចិញ្ចឹម​ដើម្បី​យក​ទឹកដោះគោ​ជាមួយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចាប់ពី​ការប្រើប្រាស់​គ្រឿងចក្រ​ដាំ​ដុះ ច្រូតកាត់ ចម្ការពោត ចម្ការ​ស្មៅ​ម៉ុម​បា​សា ប្រព័ន្ធ​ស្រោច​ទឹក អាង​ស្ដុក​ទឹក និង​ស្ថានីយ​បូមទឹក រហូតដល់​ការបំពាក់​នូវ​បន្ទះ​ឈី​ប​នៅ​កជើង​គោ​នីមួយៗ​ដើម្បី​តាមដាន​ពី​សុខភាព​។​

​លោក​ឈរ រិទ្ធី​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន Khmer Fresh Milk (Kirisu Farm) បានឱ្យដឹងថា​៖ «​គ្រប់​សត្វ​គោ​ទាំងអស់​ដែលមាន​អាយុ​ពី ១២ ខែ​ឡើង ត្រូវបាន​បំពាក់​ឈី​ប​នៅ​កជើង ដើម្បី​តាមដាន​សុខភាព​គោ​រៀងរាល់​ពេលវេលា​។ ​ឧទាហរណ៍​គោ​ណា​មិនសូវ​ស្រួលខ្លួន ដែល​មនុស្ស​មិនអាច​មើល​ដឹង តែ​បច្ចេកវិទ្យា​ឈី​ប​អាច​ដឹង​អំពី​ការដើរ​តិច ឈរ​យូរពេក ដេក​ច្រើនពេក ស៊ី​មិន​គ្រប់គ្រាន់ និង​ខុស​ប្រក្រតី​»​។

​លោក​បន្ដថា បញ្ហា​ទាំងនេះ​នឹង​បង្ហាញ​សារ​ព្រមាន​លើ​ប្រព័ន្ធគ្រប់គ្រង​ភ្លាម ហើយ​នៅពេល​ពួកវា​ទៅ​មុជទឹក​និង​ត្រឡប់មកវិញ គោ​សុខភាព​មិនល្អ​នោះ​នឹង​ជាប់​នៅត្រង់​ទ្វារ​មន្ទីរពេទ្យ និង​បើក​ឱ្យ​ពួកវា​ចូល​ពេទ្យ​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ​។

​លោក​រិទ្ធី​និយាយថា​៖ «​អ៊ីចឹង​ចំពោះ​ចំនួន​សត្វ​គោ​រាប់រយ​រាប់ពាន់ អ្នក​ថែទាំ មិនចាំបាច់​ទៅរក​វា​នៅឯណា​ទេ អញ្ជើញ​វា​ទៅ​ពេទ្យ ហើយ​ទៅដល់​នោះ​មាន​ពេទ្យ​ត្រួតពិនិត្យ​សុខភាព​របស់​ពួកវា​»​។

​ការបំពាក់​សេន​ស័​រ នៅលើ​កជើង​នេះ​បានផ្ដល់​នូវ​ដំណោះ​ស្រាយ ៥ យ៉ាង គឺ​ស្វែងរក​កម្ដៅ​អត្ដ​សញ្ញាណ​សត្វ ការ​ប្រាប់​ឱ្យដឹងពី​ការកើត​កូន សម្រាក និង​សុខុមាលភាព​របស់​ពួកវា​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដែល​បំពាក់​បច្ចេកវិទ្យា​នេះ​។ វា​បង្កើន​អត្រា​មាន​ផ្ទៃពោះ​តាមរយៈ​ការ​កំណត់សម្គាល់​ពីស​ត្វ​ដែល​ដល់ពេល​វេលា​ត្រូវ​បង្កាត់​ពូជ ដែល​ធ្វើការ​តាមដាន​រយៈពេល ​២៤​ ម៉ោង ​ក្នុង​ ១ ​ថ្ងៃ និង ៧ ថ្ងៃ​ ក្នុង ១ សប្ដាហ៍​។

​បច្ចេកវិទ្យា​ទំនើប​នេះ ក៏បាន​កត់សម្គាល់​ពី​អត្ដ​សញ្ញាណ​សត្វ​នីមួយៗ​នៅតាម​ជួរ​ច្របាច់​ទឹក​ដោះ និង​នៅ​រង​បែងចែក​ពពួកសត្វ​តាម​ប្រភេទ​ផ្សេងៗ​។

​ការ​ប្រាប់​អំពី​ការ​បង្កើតកូន ដែល​ផ្ដល់ព័ត៌មាន​ពេល​គោ​ចាប់ផ្ដើម​កើតកូន និង​នៅពេល​ការកើត​កូន​ដោយ​ប្រើ​រយៈពេល​យូរ​។ ការប្រើប្រាស់​បច្ចេកវិទ្យា​គឺ​ក្នុង​បំណង​ផ្ដល់​កិច្ច​អន្ដរាគមន៍​ទាន់ពេលវេលា ដែល​បញ្ចៀស​រាល់​បញ្ហា​ស្មុគស្មាញ និង​ការ​ងាប់​កូន​គោ​។

​លោក​ ជី សិលា សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ខ្មែរ ហ្រ្វេសមី​ល ឯ​.​ក កសិដ្ឋាន​គិរី​សួគ៌​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖​ «​ចំពោះ​ការ​ពពោះ​របស់​សត្វ​គោ​ចិញ្ចឹម​យក​ទឹកដោះ​ទាំងនេះ មាន​រយៈពេល​ជាង ៩ ខែ​ដូច​មនុស្ស​ដែរ​»​។ លើសពីនេះ ប្រព័ន្ធ​តាមដាន​សុខភាព បានកំណត់​សម្គាល់​នូវ​បញ្ហា​សុខភាព និង​កត្ដា​សុខុមាលភាព​មួយចំនួន​ដូចជា​ហ្វូងគោ​ជួបជុំ​ច្រើនពេក​មិនសូវ​ដេក​ធ្វើ​សកម្មភាព​ច្រើនពេក ឬ​បញ្ហា​ផ្សេងៗ ដែល​រំខាន​សេចក្ដីសុខ​របស់​គោ​និង​អាច​ប៉ះ​​ពាល់​ផលិតផល​របស់​ពួកវា​។

​អ្នកនាង​ ឆែម ភី​ណា ជា​ជំនួយ​ការ​អ្នកគ្រប់គ្រង​កសិដ្ឋាន​គិរី​សួគ៌ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ចំពោះ​ការបំពាក់​បន្ទះ​ឈី​ប នៅ​កជើង​គោ​នៅ​អាយុ ១២ ខែ​ពួកវា​ឈានដល់​ពេញវ័យ ដែល​អាច​បង្កាត់​ពូជ ពីព្រោះ​កជើង​នេះ មាន​អត្ថប្រយោជន៍​សំខាន់​សម្រាប់​តាមដាន​សកម្មភាព​គោ​ដែល​ត្រូវ​ការរក​ឈ្មោល និង​ធ្វើការ​បង្កាត់​ពូជ​ត្រឹមត្រូវ​តាម​ទិន្ន​​ន័យ​ឈី​ប​ផ្ដល់ព័ត៌មាន​ទៅកាន់​កុំព្យូទ័រ​»​។

​លោក រិទ្ធី​ បានឱ្យដឹងថា ចំពោះ​ការ​បឺត​ទឹកដោះគោ​ចេញមក​ដែល​បច្ចុប្បន្ននេះ​ទទួលបាន​បរិមាណ​ជាង ​១ ​ម៉ឺន​លីត្ រ​ក្នុង ​១ ​ថ្ងៃ​ ក​សិ​ដ្ឋា​ន​មាន​មី​នី​ឡេ​ប ហើយ​ពេល​វា​រកឃើញថា ទឹកដោះគោ​មាន​បញ្ហា​វា​នឹង​ច្រាន​ចេញ​ដោយ​មិន​អនុញ្ញាតឱ្យ​ហូរ​ចូល​ធុង​ឡើយ​។

​លោក​បន្ដថា មុនពេល​ចេញ​ជា​ផលិតផល​ទឹកដោះគោ​ផ្សេងៗ ដូចជា​ទឹកដោះគោ​ស្រស់ ទឹកដោះ​គោ​គ្មាន​ជាតិ​ស្ករ ទឹកដោះគោ​សូកូឡា ទឹកដោះគោ​កាហ្វេ ក៏ដូចជា​យ៉ា​អួ​រសជាតិ​ផ្សេងៗ​ត្រូវ​ឆ្លង​កាត់​ការធ្វើ​តេស្ដ​រហូតដល់ ៥ ដង​។ ទី​១ ទឹកដោះគោ​ត្រូវ​ឆ្លង​-​កាត់​មី​នី​ឡេ​ប ទី​២ ​មុន​ចូល​កម្ដៅ​សម្លាប់​មេរោគ ​(pasteurize) វា​ត្រូវ​ធ្វើតេស្ដ​ជារួម​ម្ដង​ទៀតហើយ​ដល់​ដំណាក់​ទី​៣ ពេល​សម្លាប់​មេរោគ​ត្រូវធ្វើ​តេស្ដ​ម្ដង​។ មុន​ច្រក​ដប​ត្រូវធ្វើ​តេស្ដ​ម្ដង​ហើយ ៤៨ ម៉ោង​ធ្វើតេស្ដ​ម្ដងទៀត​។

​នាយក​ប្រតិ​ប​ត្ដិគិរី​សួគ៌រូប​​នេះ លើកឡើងថា​៖ «​បើសិន​ឆ្លង​កាត់​តេស្ដ​ទាំង​ ៥ ​ដង​ជាប់ យើង​អាច​នាំ​ផលិតផល​ទាំងនោះ​ទៅកាន់​ទីផ្សារ​បាន​។ យើង​អាច​ធានា​នូវ​អនាម័យ និង​គុណភាព​ទាំង​ការ​វេច​ខ្ចប់​ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​លើ​ផលិតផល​ខ្មែរ​»​។

​លោក​ ជី សិលា បាន​រំឭកថា តាំងពី​ការសាងសង់​រហូតដល់​ទទួលបាន​ទឹកដោះគោ ១​ តំណក់​ដំបូង មាន​រយៈពេល​ ៤ ឆ្នាំ​ជាង​និង​បាន​ចែកចាយ​នៅលើ​ទីផ្សារ​រួមទាំង​ផ្សារ​ទំនើប ផ្សារ​ធម្មតា​ចន្លោះ​ពី ២ ពាន់ ទៅ ៣ ពាន់​កន្លែង​។ លោក​បន្តថា​៖ «​ក្នុងន័យនេះ​ក៏​យើង​គិតថា វា​ជាការ​​ជោគជ័យ​ជំហាន​ទី​ ១ ដែល​យើង​បាន​ឈរ​ក្នុងនាម​ជា​ក្រុម​ហ៊ុន​ក្នុងស្រុក​ ១ ហើយក៏​ជាក​សិ​ដ្ឋា​ន​ផលិត​ទឹកដោះគោ​ទី​ ១​ ដែល​យើង​មាន​ទំហំ​ចែកចាយ​ធំ​ហើយ​មាន​ការផលិត​ធំ​»​។

​សហ​ស្ថាប​និក​រូបនេះ​បានឱ្យដឹងថា ក្រោយ​វិបត្ដិ​កូ​វីដ​ ១៩ បាន​ធូរស្រាល កសិដ្ឋាន​បាន​បើកទ្វារ​ទទួល​សិស្សសាលា ទទួលភ្ញៀវ​ជា​ច្រើន ដើម្បី​ទៅ​ទស្សនកិច្ច ក៏ដូចជា​សិក្សា ដោយសារ​កសិដ្ឋាន​គិរី​សួគ៌ ជា​កសិដ្ឋាន​ប្រើ​បច្ចេក​វិទ្យា​ទំនើប Big Data Technology មិន​ត្រឹមតែ​គ្រឿងចក្រ​ម៉ាស៊ីន​និង​បច្ចេកវិទ្យា AI ក្នុងការ​តាមដាន​សុខភាព​សត្វ​គោ ទាំង​ការ​ផឹកទឹក ឬ​មិន​ផឹកទឹក សូម្បីតែ​ការស្រោចស្រព​ដំណាំ ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​តាម IoT (Internet of Things)​។

​លោក ​រិទ្ធី នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន Khmer Fresh Milk បាន​បន្ថែមថា​៖ «​យើង​នាំ​មនុស្ស​ម្នាក់​ទៅ​មើល​កសិដ្ឋាន ហើយ​មនុស្ស​ម្នាក់​នោះ បន្ដ​ផ្សព្វផ្សាយ​ទៅកាន់​មនុស្ស​យ៉ាងតិច ១០ នាក់​ទៀត​»​។

លោក​និយាយថា ចំពោះ​ការ​រក្សាទុក​ទឹកដោះគោ កសិដ្ឋាន​ផលិត​ទឹកដោះគោ​ក្នុងស្រុក​នេះ ចង់​កែ​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ដោយសារ​ទឹកដោះ​គោ​នេះ ជា​ប្រភេទ​ទឹកដោះគោ​ស្រស់​សុទ្ធ​ដែល​មិនអាច​ទុក​នៅ​បរិយាកាស​ខាងក្រៅ​បានយូរ​នោះទេ​។

​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​ថ្លែង​នៅពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅកាន់​កសិដ្ឋាន​គិរី​សួគ៌ កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ​ថា ការចិញ្ចឹម​គោ​យក​ទឹកដោះ ដោយមាន​កិច្ចសហការ​ជាមួយ​អ្នកបច្ចេកទេស​អ៊ី​ស្រា​អែល​មួយ​នេះ បាន​ជួយ​ពង្រីក​នូវ​អាហា​រូប​ត្ថ​ម្ភ​សម្រាប់​កុមារ​តាមរយៈ​ការ​ទទួលទាន​ទឹកដោះគោ​ល្អ ដែលមាន​ជីវជាតិ​គ្រប់គ្រាន់​ឱ្យ​អាច​ក្លាយជា​កីឡាករ​មាន​សមត្ថភាព និង​ក្លាយជា​អ្នកស្រាវជ្រាវ​ដែលមាន​ខួរក្បាល​ល្អ​។​

​ទាំងនេះ​បានធ្វើឱ្យ​កសិដ្ឋាន​គិរី​សួគ៌ ឈ្នះ​ពាន​សហគ្រិនភាព​ថ្នាក់ជាតិ ឆ្នាំ​ ២០២២ និង GREEN AWARD ពី​កម្មវិធី ASEAN Young Entrepreneur Awards ២០២២៕