ភ្នំពេញៈ កម្ពុជា​បានក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​កសិផល​សំខាន់​មួយ​សម្រាប់​ទីផ្សារ​វៀតណាម ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ ខណៈ​វៀតណាម​បាន​ចំណាយ​ប្រា​ក់ជាង ២,៤ ​ពាន់​លាន​ដុ​​ល្លា​រ លើ​ការ​នាំចូល​កសិផល​ពី​កម្ពុជា​គិត​ត្រឹម​ខែតុលា​ឆ្នាំ ​២០២២​។ នេះ​បើ​យោងតាម​សារព័ត៌មាន​វៀតណាម ដែល​បាន​រាយការណ៍​ពេល​ថ្មីៗ​នេះ​។​

​សារព័ត៌មាន​អន​ឡាញ Vietnamnet បាន​រាយការណ៍​កាលពី​ថ្ងៃទី​ ២១ ​ខែកុម្ភៈ​ថា រយៈពេល​២​ឆ្នាំ​ចុងក្រោយ​ផលិតផល​កសិកម្ម​កម្ពុ​ជា​បាន​ចូល​ទីផ្សារ​វៀតណាម​ច្រើន ហើយ​កម្ពុជា​ថែម​ទាំង​ជា​ប្រទេស​ផ្គត់ផ្គង់​កសិផល​ច្រើនជាងគេ​ទៅ​វៀតណាម​ផងដែរ​។​

​យោងតាម​ស្ថិតិ​អគ្គនាយកដ្ឋាន​គយ​វៀតណាម ក្នុង​ឆ្នាំ​ ២០១២ វៀតណាម​បាន​ចំណាយ​ប្រាក់ ២១៤,៨​ លាន​ដុល្លារ ដើម្បី​នាំចូល​កសិផល​ពី​កម្ពុជា​ចំនួន ៤ ​មុខ គឺ​ឈើ និង​ផលិតផល​ឈើ ពោត អាហារ​សមុទ្រ និង​កៅស៊ូ​។​

​ប៉ុន្តែ​កាលពី​ឆ្នាំ​ ២០២១ ត្រូវបាន​គេ​មើលឃើញថា ផលិតផល​កសិកម្ម​កម្ពុជា បាន​ចូលទៅ​ប្រទេស​វៀតណាម​យ៉ាងច្រើន ដោយ​ទឹកប្រាក់​ការនាំ​ចូល​កើន​ដល់ ៣,៤៨៧ ​ពាន់​លាន​ដុល្លារ កើនឡើង ៤,៦​ ដង ខ្ពស់ជាង​ឆ្នាំ​ ២០២០ និង ​១៦,២ ​ដង ច្រើនជាង​ឆ្នាំ ២០១២​។ នៅ​ឆ្នាំ​ ២០២២ គិត​ត្រឹម​ចុងខែ​តុលា វៀតណាម​បាន​ចំណាយ​រហូតដល់ ​២,៤២៩​ ពាន់​លាន​ដុល្លារ ដើម្បី​នាំ​​ចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​។​

​ក្នុង​ឆ្នាំ​ ២០២១ ទំនិញ​សំខាន់ៗ​ដែល​វៀតណាម​នាំ​ពី​កម្ពុជា រួមមាន គ្រាប់​ស្វាយចន្ទី ឈើ ផលិតផល​ឈើ ពោត សណ្ដែក កៅស៊ូ អង្ករ និង​បន្លែ​។​

​របាយការណ៍​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO)​ លើកឡើងថា ប្រទេស​កម្ពុជា មាន​ឧត្តមភាព​ប្រកួតប្រជែង​ខ្លាំង​លើ​ផលិតផល​កសិកម្ម​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​ផ្តល់​ទិន្នផល​ខ្ពស់ ហើយ​គុណភាព​ត្រូវបាន​កែលម្អ​យ៉ាង​ឆាប់រហ័ស​។ វា​ជា​អត្ថប្រយោជន៍​ដែល​កសិករ​ខ្មែរ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​តិច​បំផុត និង​គ្រាប់​​ពូជ​ល្អ បូករួម​ទាំង​ដី​មាន​ជីជាតិ ដូច្នេះ​ផលិតផល​កសិកម្ម​កម្ពុ​ជា មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ថែមទាំង​មានគុណ​ភាពល្អ​ទៀតផង​។​

​លោក លឹម ហេង អនុប្រធាន​សភា​​ពាណិជ្ជកម្ម​កម្ពុជា និយាយថា កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​នាំចេញ​កសិផល​សំខាន់ៗ​ក្នុង​តំបន់ និង​ពិភពលោក ដែល​ចូលរួម​ដើម្បី​រក្សា​និរន្តរភាព​ស្បៀងអាហារ​ក្នុង​តំបន់ និង​ពិភពលោក​។ លោក​បាន​បន្ថែមថា ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​កសិកម្ម​កម្ពុជា​មានការ​រីកចម្រើន​ស​ម្រា​ប់​ការផ្គត់ផ្គង់​ក្នុងស្រុក ប៉ុន្តែ​ក៏បាន​នាំចេញ​ទៅកាន់​តំបន់ និង​ពិភពលោក​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើង​ធ្លាប់ជា​ប្រ​​ទេស​ខ្វះ​ស្បៀងអាហារ នឹង​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​នាំ​ចេញ​សំខាន់ៗ​។ យើង​មើលឃើញថា ការនាំចេញ​កសិផលរ​បស់​យើង​ភាគ​​ច្រើន គឺ​ទៅកាន់​ប្រទេសជិតខាង​ថៃ និង​វៀតណាម​។ ប្រទេសជិតខាង​ទាំង​ ២​ គឺមាន​សារៈសំខាន់​សម្រាប់​ផលិត​ផល​កសិកម្ម​របស់​យើង ដោយសារ​យើង​នៅ​ជិតគ្នា ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​តម្លៃ​ដឹកជញ្ជូន​ទាប​»​។​

​ទោះបីយ៉ាងណា លោក​មាន​សុ​ទិដ្ឋិ​និយម​ថា ដោយមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​, កូរ៉េខាងត្បូង​, និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP) នឹង​ក្លាយជា​កម្លាំង​ជំរុញ​ថ្មី​មួយទៀត​ក្នុងការ​ស្រូបយក​កសិផល​កាន់តែច្រើន​ពី​កម្ពុជា​នៅ​ឆ្នាំ​ខាងមុខ ហើយ​ការណ៍​នេះ​នឹង​ជួយ​កសិករ​កម្ពុជា​មិន​គ្រាន់តែ​ពឹងផ្អែក​លើ​ទីផ្សារ​ប្រទេស ជិតខាង​ដែលមាន​ស្រាប់​នោះទេ​៕