​ភ្នំពេញៈ កម្ពុជា​អាចមាន​ផ្លូវ​ល្បឿន​លឿនទី​​៤ ដែល​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ព្រំដែន​ប្រទេស​ថៃ ​(​ច្រកទ្វារ​អន្តរ​ជាតិ​ក្រុង​ប៉ោយប៉ែត​)​ នាពេលខាងមុខ ខណៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្មីៗ​នេះ​បាន​បើកភ្លើង​បៃតង​ឱ្យ​ក្រុមហ៊ុន​មួយ​ធ្វើការ​សិក្សា​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ដំ​ណើ​រ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាង​សង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ កាលពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ​លោក ស៊ុន​ ចាន់ថុល បានឱ្យដឹងថា បើទោះបី​ផ្លូវជាតិ​លេខ​ ៥ ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត កំពុង​ពង្រីក​ពី ២​ ទៅ ៤​ គន្លង ក៏មាន​ក្រុមហ៊ុន​មួយ ​(​មិន​បញ្ចេញ​ឈ្មោះ​)​ បានស្នើ​សុំ​មក​ក្រសួង​ដើម្បី​សិក្សា​ពី​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ១ ​ខ្សែ​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយ​​ប៉ែត​។ លោក​បន្តថា ពេលនេះ​ក្រសួង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​សិក្សា​ហើយ ដើម្បី​ពិនិត្យ​លទ្ធ​ភាព​វិនិយោគ​។​

​លោក​ថ្លែងថា​៖ «​ទោះបី​យើង​ធ្វើ​ផ្លូវជាតិ​លេខ ​៥ ដោយ​ពង្រីក​ពី ២​ គន្លង​ទៅ ៤​ គន្លង ក៏មាន​ក្រុមហ៊ុន​ឯកជន​មួយ​ស្នើសុំ​ធ្វើ​ផ្លូវ​ល្បឿន​លឿន​ជា​ប្រភេទ BOT ពី​ភ្នំពេញ​ទៅ​បាត់ដំបង បន្តទៅ​ប៉ោយប៉ែត​ដែរ ដោយ​គាត់​យល់​ឃើញថា ផ្លូវជាតិ​លេខ ៥ មាន ៤​គន្លង​មែន ប៉ុន្តែ​មាន​សត្វ​ឆ្លង​​កាត់ និង​មានការ​យឺតយ៉ាវ ដូច្នេះ​គាត់​ស្នើសុំ​ធ្វើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ប៉ោយប៉ែត​។ យើង​បានអនុញ្ញាត​ហើយដោយ​ក្រុមហ៊ុន​មួយ​ហ្នឹង​កំពុងធ្វើការ​សិក្សា​»​។​

​លោក​បន្តថា ផ្លូវ​ល្បឿន​លឿន​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេស​ការតភ្ជាប់​ពី​ប៉ូល​សេដ្ឋកិច្ច​ ១​ ទៅ​ប៉ូល​សេដ្ឋកិច្ច ​១ ​ទៀត​។​

​បច្ចុប្បន្ន​កម្ពុ​ជាមាន​ផ្លូវ​ល្បឿន​លឿន ១​ ខ្សែ​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ដោយ​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ ខណៈ​ចំនួន ២​ ផ្សេងទៀត គឺ ១​ ចេញពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ​(​ព្រំដែន​វៀតណាម​) គ្រោង​បើក​ការដ្ឋាន​ក្នុងពេល​ឆាប់ៗ និង​គម្រោង​ភ្នំពេញ​-​សៀមរាប​ការសិក្សា​ជិត​ចប់ ១០០​ ភាគរយ​ហើយ​។​

​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែមីនា​ថា ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន គឺមាន​សារៈសំខាន់​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច ដូច្នេះ​បើ​មានការ​សាងសង់​ផ្លូវថ្នល់​ស្ពាន អាកាសយានដ្ឋាន និង​កំពង់ផែ​កាន់តែច្រើន គឺ​កាន់តែ​ល្អ​។​

​នៅពេល​ប្រព័ន្ធ​ដឹកជញ្ជូន​ល្អ និង​សម្បូរបែប​នឹងធ្វើ​ឱ្យ​អ្នក​​វិនិយោគ ព្រមទាំង​ភ្ញៀវទេសចរ​កាន់តែ​ចាប់អារម្មណ៍​ធ្វើដំណើរ​មក​កម្ពុជា​។ លោក​បន្តថា ការ​​ដឹកជញ្ជូន​ទំនិញ​រវាង​ភ្នំពេញ​-​ក្រុង​ប៉ោយប៉ែត នាពេលនេះ​គេ​ត្រូវ​ប្រើពេល​ពី ៧-៨​ ម៉ោង និង​រថយន្ត​ដឹកទំនិញ​ធំៗ​អាច​លើសពី ១០ ​ម៉ោង ដូច្នេះ​បើ​រយៈពេល​ធ្វើដំណើរ​ត្រូវ​កាត់បន្ថយ​វា​នឹង​នាំមក​ផលចំណេញ​ច្រើន​ដល់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​។​

​លោក​និយាយថា​៖ «​បើ​មាន​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​នោះ​ចរាចរណ៍​ទំនិញ និង​មនុស្ស​រវាង​កម្ពុជា​-​ថៃ ប្រាកដជា​ឡើង​មួយកម្រិត​ទៀត​»​។ ផ្លូវ​ល្បឿន​លឿន​នឹង​ក្លាយជា​កម្លាំង​ស្រូប​ភ្ញៀវ​ទេស​​ចរ​ពី​ប្រទេសជិតខាង​មក​កម្សាន្ត​នៅ​កម្ពុជា​បាន​ច្រើន​ផងដែរ​»​។​

​ប្រធាន​សមាគម​ភ័ស្តុភា​រកម្ម​កម្ពុជា លោក ស៊ិន ច​ន្ធី បានឱ្យដឹងថា ក្នុងនាម​សមាគម​ភ័ស្តុ​ភារ​កម្ម​កម្ពុជា រូបលោក​ពិតជា​រីករាយ​ខ្លាំង​បើ​កម្ពុជា​អាចមាន​ផ្លូវ​ល្បឿន​លឿន​កាន់តែច្រើន ដើម្បី​ដឹកទំនិញ និង​មនុស្ស​។ ការវិនិយោគ​ផ្លូវ​ល្បឿន​លឿន​នេះ​គឺ​ពិតជា​ល្អប្រសើរ​ណាស់​។ ផ្លូវ​ល្បឿន​លឿនទី ​៤ នេះ​ក៏​នឹង​ជួយ​ឱ្យ​ការដឹកជញ្ជូន​កសិផល​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​កាន់តែ​ងាយស្រួល ហើយ​ការធ្វើដំណើរ​ទៅ​ចុង​គោលដៅ​នៃ​ផ្លូវ​ល្បឿន​លឿន​ផ្សេងទៀត​ក៏​ងាយស្រួល និង​ឆាប់រហ័ស​ផងដែរ​។​

​លោក​អះអាងថា​៖ «​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​គឺមាន​ភាពចាំបាច់​ណាស់​ស​ម្រា​ប់​ជំរុញ​កំណើនសេដ្ឋកិច្ច ព្រោះ​បើ​មាន​ម​ធ្យោ​បាយ​ដឹកជញ្ជូន​កាន់តែច្រើន សមត្ថភាព​ប្រកួតប្រជែង​ក៏​កើនឡើង​កាន់តែ​ខ្ពស់​ដែរ​»​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប​ង្ហា​ញ​ថា ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា មាន​ទឹកប្រាក់​សរុប ៥២ ៤២៤,៥៣៩​ លាន​ដុល្លារ កើនឡើង ៩,២​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ ២២ ៤៨២,៩៣៧​ លាន​ដុល្លារ កើន ១៦,៤ ​ភាគរយ និង​ទំនិញ​កម្ពុជា​នាំចូល​មាន​ចំនួន ២៩ ៩៤១,៦០២ ​លាន​ដុល្លារ កើន ៤,៣​ ភាគរយ​៕