
លោកហ៊ុន ម៉ាណែត(កណ្តាល) និងមន្ត្រីកម្ពុជា ក្នុងជំនួបជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក ដើម្បីពិភាក្សាការងារវិនិយោគនៅកម្ពុជា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ រូបថត Hun Manet's page
ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនអាមេរិកទាំងឡាយ ឱ្យបន្តវិនិយោគ ធ្វើធុរកិ្ចចនៅកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនលឿនមួយស្ទើរគ្រប់វិស័យ។
នាដើមសប្តាហ៍នេះ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ លោកហ៊ុន ម៉ាណែត បានជួបជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលដឹកនាំដោយលោក Michael Malacka ជាឯកអគ្គរដ្ឋទូត ជាអនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ ដើម្បីពិភាក្សាការងារលើបញ្ហាវិនិយោគ និងធុរកិច្ច។
ក្នុងជំនួបនោះ លោកហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានសម្តែងការស្វាគមន៍ដល់គណៈប្រតិភូធុរកិច្ចអាមេរិក-អាស៊ាន ដែលសុទ្ធតែជាក្រុមហ៊ុនរបស់អាមរិក មកបំពេញទស្សនកិច្ចនៅកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងការផ្តល់យោបល់ ដំណោះស្រាយផ្នែកធុរកិច្ច ក៏ដូចជាបង្កើនឱកាសពីសហរដ្ឋអាមេរិកមកក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្តបន្ថែមទៀត ដល់បណ្តាក្រុមហ៊ុនអាមេរិកទាំងអស់ ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា ដែលលោកអះអាងជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនមួយយ៉ាងលឿន ស្ទើរគ្រប់វិស័យ។
ជាមួយគ្នានោះ លោក Michael Malacka ក៏បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ាណែត ដែលបានផ្តល់ឱកាសលើកដំបូងដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានជួបពិភាក្សាការងារ បន្ទាប់ពីលោកត្រូវបានគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។
លោកMichael Malacka ក៏បានអបអរ និងកោតសរសើរផងដែរថា៖«កម្ពុជាទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត កាលពីឆ្នាំ២០២២ កន្លងទៅ ដែលនេះបាននាំឱ្យទំនាក់ទំនងអាមេរិក-កម្ពុជា កាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត»។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានអាយុកាលជាង៣៧ឆ្នាំមកហើយ ដោយមានសមាជិក ដែលជាក្រុមហ៊ុនយក្សអាមេរិក ជាង១៨០ក្រុមហ៊ុន(Fortune 500 Companies) បានទទួលការសម្របសម្រួល និងជួយជ្រោមជ្រែងដល់ការធ្វើធុរកិច្ច និងវិនិយោគនៅអាស៊ាន។ នាពេលនេះ ក្រុមហ៊ុនជាង១០ បានចូលរួមជាមួយគណៈប្រតិភូ ដើម្បីពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ជាពិសេស ជួយដល់ផែនការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បច្ចេកវិទ្យា និងនវានុវត្តន៍ លទ្ធភាពទទួលហិរញ្ញប្បទានរបស់ SME ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ និងការបណ្តុះបណ្តាលធនធានមនុស្ស យុវជន និងSME។ល។ នេះបើតាមការបញ្ជាក់ពីលោក Michael Malacka រាយការណ៍ជូនលោកហ៊ុន ម៉ាណែត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចលើកឡើងថា កម្ពុជាមានភាពអំណោយផលលើកត្តាសន្តិសុខ សេដ្ឋកិច្ច និងផ្នែកច្បាប់គតិយុត្ត ដែលអាចឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិកសម្លឹងឃើញផ្នែកសន្តិសុខ កម្ពុជាជាប្រទេសមានសន្តិភាព និងស្ថិរភាព។
លោកបន្តថា ចំណែកផ្នែកសេដ្ឋកិច្ច នោះគឺចំណូលប្រជាជនកម្ពុជាម្នាក់ៗបានកើនឡើងខ្ពស់ ប្រមាណ៦ដង បើធៀបនឹង ២០ឆ្នាំមុន មានកម្លាំងបញ្ជាទិញខ្ពស់ ឯផ្នែកច្បាប់គតិយុត្ត គឺកម្ពុជាមានច្បាប់វិនិយោគល្អប្រសើរបូករួមអភិបាលកិច្ចល្អ។
លោកគឹមឡុង បន្តថា៖«កត្តាអំណោយផលនានានេះ គឺជាភាពទាក់ទាញ ដែលក្រុមហ៊ុនអាមេរិក គួរពិចារណាមកវិនិយោគ ដែលយើងមិនរំពឹងក្រុមហ៊ុនយក្សនោះទេ។ យើងអាចលើកទឹកចិត្តក្រុមហ៊ុនអាមេរិកមួយចំនួនដែលមានលក្ខណៈសមស្របទៅនឹងលក្ខខណ្ឌ និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា»។
នាយក AVI រូបនេះ មានសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា-អាមេរិក ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ លោកបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុនសហរដ្ឋអាមេរិកគួរសម្លឹងឃើញកម្ពុជា មកវិនិយោគក្នុងវិស័យអេឡិចត្រូនិកកម្រិតមធ្យម គ្រឿងបន្លាស់បង្គុំ ការកែច្នៃម្ហូបអាហារ និងចំណីសត្វ ជាដើម ខណៈសហរដ្ឋអាមរិកក៏ជាប្រទេសដែលមានការវិនិយោគធំលើវិស័យឧស្សាហកម្មកែច្នៃគីមីចំណីអាហារផងដែរ៕