រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន អះអាងថា កម្ពុជា​-​ថៃ បាន​ឯកភាពគ្នា​រៀបចំ​ជំរុញ​ភ្ញៀវទេសចរ​ទៅវិញទៅមក និង​ការជំរុញ​ភ្ញៀវទេសចរ​ពី​ប្រទេស​ទី​៣ ឱ្យបាន​ទៅ​ទស្សនា​នៅក្នុង​ប្រទេស​ទាំង​ ២ ដែល​ធ្វើឡើង​ក្រោម​យុទ្ធនាការ «​ព្រះរាជាណាចក្រ​ពីរ​គោល​ដៅ​ទេសចរណ៍​តែមួយ​» ហើយ​ភាគី​ទាំង​ ២ ក៏បាន​សម្រេច និង​ពិនិត្យឡើងវិញ​នូវ​ការជំរុញ​ឱ្យមាន​ភ្ញៀវទេសចរ អាច​បើកបរ​ដោយ​ខ្លួនឯង​ផងដែរ​។​

​ការឯកភាព​គ្នា​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២៣​នេះ ក្នុងឱកាស​ជំនួប​ពិភាក្សា​ងារ​រវាង លោក លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​រៀបចំ​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា និង​លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា លោក​នឹង​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​សិក្សា​ធ្វើយ៉ាងណា​ជំរុញឱ្យមាន​ទេសចរណ៍ អាច​បើកបរ​រថយន្ត​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ថៃ អាច​បើក​បន្តទៅ​ទស្សនា​តាម​តំបន់​ទេសចរណ៍​នានា តាមរយៈ​យន្តការ​ប្រើ​បណ្ណ​ព្រំដែន ព្រោះ​កន្លងមក​ថៃ​ក៏បាន​អនុវត្ត​ដូចគ្នា​រួចហើយ​ដែរ ជាមួយនឹង​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា​។​

​នៅក្នុង​ជំនួប​នេះ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បាន​ឯកភាព​លើ​សំណើ​របស់​កម្ពុជា ក្នុង​ការងារ​ជួយ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​លើ​វិស័យ​ទេសចរណ៍​ផងដែរ​។

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក ថ្លែងថា លោក តែងតែ​និយាយ​ជារឿយៗ រួចហើយ គឺ មានតែ​ប្រទេសជិតខាង​ទេ ដែលមាន​កិច្ចសហការ​លើ​ការជំរុញ​វិស័យ​ទេសចរណ៍​គ្នា​ទៅវិញ​មក​ទេ នៅក្នុង​កាលៈទេសៈ​ពេល​ដ៏​លំបាក​នេះ ដើម្បី​ផ្តល់​ផលប្រយោជន៍​ឱ្យ​គា្ន​ទៅវិញទៅមក​។ ប៉ុន្តែ ជាទូទៅ​ប្រទេស​ថៃ ទទួលបាន​ផលប្រយោជន៍​ច្រើនជាង​កម្ពុជា ព្រោះ​ប្រទេស​នេះ ជា​ទិសដៅ​ដ៏​សំខាន់​របស់​ភ្ញៀវទេសចរ​។​

​លោក​បន្តថា ដោយឡែក​ចំពោះ​ការជំរុញ​ឱ្យមាន​ការបើក​បរ​ឆ្លងកាត់​ប្រទេស​វិញ គឺ​ជាក់ស្តែង​មានតែ​ប្រទេស​ថៃ​ទេ​ដែល​បាន​បើកបរ​ចូលមក​កម្ពុជា​ច្រើនជាង​ជាពិសេស នៅ​ខេត្ត​តាម​ព្រំដែន ខណៈ​កម្ពុជា​វិញ ហាក់​មិនទាន់​ត្រូវបាន​ខាង​ភាគី​ថៃ បើកទូលាយ​នៅឡើយ​ទេ ដែល​កិច្ចការ​នេះ ភាគី​ទាំងពីរ​ត្រូវតែ​ពិនិត្យឡើងវិញ​ត្រង់ចំណុច​នេះ ខណៈ​ច្រកព្រំដែន​ខ្លះ​ក៏​ងាយស្រួល និង​ច្រកព្រំដែន​ខ្លះទៀត ក៏មាន​ការលំបាក​ក្នុង​ការបើកបរ​ឆ្លងកាត់​ដែរ​។​

​លោក​ថ្លែងថា​៖ «​សរុប​មកវិញ ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ផែនការ​នៃ​ការជំរុញ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​នៅពេលនេះ ដើម្បី​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​មក លើ​វិស័យ​ទេសចរណ៍​នេះ​»៕​