
លោក ឌិត ទីណា (ទី២រាប់ពីស្តាំ) នៅក្នុងពិព័រណ៍អន្តរជាតិកសិកម្មនៅប្រទេសបារាំង។ រូបថត ស្ថានទូតបារាំង
ភ្នំពេញៈ កម្ពុជាកំពុងព្យាយាមស្វែងរកវិនិយោគិនឱ្យចូលមកបណ្តាក់ទុនលើការដាំដុះ កែច្នៃ និងនាំចេញកសិផលពីកម្ពុជាទៅទីផ្សារប្រទេសបារាំង ដើម្បីពង្រីកការចែកចាយឱ្យកាន់តែច្រើនទៅបណ្តាប្រទេសនៅក្នុងអឺរ៉ុប ខណៈគណៈប្រតិភូកម្ពុជាដែលដឹកនាំដោយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបំពេញបេសកកម្មចូលរួមព្រឹត្តិការណ៍ពិព័រណ៍កសិកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង។
តបតាមការអញ្ជើញពីក្រសួងកសិកម្មបារាំង លោក ឌិត ទីណា រួមជាមួយគណៈប្រតិភូក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន បានធ្វើដំណើរទៅចូលរួមពិព័រណ៍កសិកម្មនៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៣។
លោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (ផ្នែកឯកជន) ដែលបានរួមដំណើរជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទៅប្រទេសបារាំង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែមីនាថា នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មដើម្បីស្វែងយល់ពីភាពរីកចម្រើននៃការធ្វើកសិកម្មនៅបារាំង និងប្រទេសជឿនលឿនដទៃទៀតនោះ រូបលោក និងក្រុមគណៈប្រតិភូកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិននៅប្រទេសបារាំងជាច្រើន។
លោកបន្ថែមថា តាមរយៈជំនួបទាំងអស់នោះក្រុមការងារកម្ពុជាបានធ្វើការផ្សព្វផ្សាយពីសក្តានុពលនៃវិស័យកសិកម្មរបស់ខ្លួន និងស្វែងរកវិនិយោគិនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាទៀតផង។ លើសពីនេះទៀត ក្រុមការងារក៏បានទទួលចំណេះដឹងថ្មីៗជាច្រើនសម្រាប់យកមកអនុវត្តក្នុងវិស័យកសិកម្មនៅកម្ពុជា។
លោកបន្ថែមថា៖ «យើងបានជួបជាមួយភាគីបារាំងដែលមានអ្នកវិនិយោគ និងអ្នកផ្តល់ហិរញ្ញប្បទាន ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗដែលពួកគេមានបំណងចង់ជួយ និងអភិវឌ្ឍវិស័យកសិកម្មយើងក្នុងការស្វែងរកដៃគូវិនិយោគក្នុងស្រុក ជាពិសេសលើវិស័យស្រូវអង្ករ ដោយសារវិស័យស្រូវអង្ករយើងមានឈ្មោះបោះសំឡេងនៅក្នុងតំបន់អឺរ៉ុបជាច្រើនឆ្នាំ រួចមកហើយ»។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅទីក្រុងប៉ារីស កាលពីថ្ងៃទី ១ ខែមីនា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍កសិកម្មនៅទីក្រុងប៉ារីស គឺជាឱកាសមួយសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយឱ្យគេស្គាល់ពីផលិតផលកសិកម្មកម្ពុជា និងពិនិត្យមើលលទ្ធភាពសម្រាប់ការនាំចេញទៅទីផ្សារប្រទេសបារាំង ខណៈនៅបារាំងក៏មានជនជាតិខ្មែរ និងប្រជាជនពីតំបន់អាស៊ីជាច្រើនកំពុងរស់នៅ ដែលពួកគេសុទ្ធតែត្រូវការបន្លែ អង្ករ និងផ្លែឈើ ជាដើម។ នៅក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូកម្ពុជាក៏បានជួបថ្នាក់ដឹកនាំរដ្ឋាភិបាល និងវិស័យឯកជនបារាំងជាច្រើនផងដែរ។
លោកបានថ្លែងថា៖ «ការជួបជាមួយម្ចាស់ផ្ទះ (ផ្នែករដ្ឋ និងឯកជនបារាំង) ជាបន្តបន្ទាប់នេះ គឺក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការទាំងវិស័យផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមក ទាំងវិស័យផ្លាស់ប្តូរបច្ចេកទេសទៅវិញទៅមក សម្រាប់ជួយឱ្យកសិកម្មយើងកាន់តែប្រសើរ និងរីកចម្រើន»។
លោកបានបន្ថែមថា ដើម្បីធ្វើឱ្យផលិតផលកសិកម្មកម្ពុជាទទួលបានការគាំទ្រកាន់តែខ្លាំង គឺទាមទារឱ្យជនជាតិខ្មែររស់នៅទីនោះចូលរួមជួយគាំទ្រ និងផ្សព្វផ្សាយផងដែរ។
យោងតាមលោក ឌិត ទីណា ក្រៅពីអង្ករកម្ពុជា ដែលកំពុងមានវត្តមានស្រាប់នៅលើទីផ្សារប្រទេសបារាំង កម្ពុជាក៏មានផលិតផលកសិកម្មជាច្រើនមុខទៀតសម្រាប់នាំចេញ ដែលមានដូចជា គ្រាប់ស្វាយចន្ធី បន្លែ និងផ្លែស្វាយស្រស់ ជាដើម។ ទោះយ៉ាងណាសម្រាប់ផលិតផលទាំងអស់នេះ គឺទាមទារឱ្យមានការជជែកគ្នាបន្ថែមទៀតទាក់ទងទៅនឹងស្តង់ដាភូតគាមអនាម័យជាដើម។
លោកថ្លែងថា៖ «ដោយសារគុណភាពដីរបស់យើងនៅល្អ (ដីមានជីជាតិ) អ៊ីចឹងការងារទៅមុខ គឺយើងត្រូវព្យាយាមធ្វើយ៉ាងណាកាត់បន្ថយការប្រើប្រាស់ជី ហើយនិងថ្នាំទាំងអស់នេះ (ថ្នាំពុល)។ ក្នុងទស្សនទានរបស់ខ្ញុំ គឺទៅថ្ងៃមុខ យើងនឹងមិនផ្តោតទៅលើការជំរុញផលិតផលឱ្យកាន់តែមានបរិមាណច្រើននោះទេ គឺផលិតបានប៉ុន្មានឱ្យតាមស្ថានភាព ក៏ប៉ុន្តែគុណភាពគឺត្រូវតែល្អដើម្បីឱ្យបានថ្លៃខ្ពស់ ដែលថ្លៃខ្ពស់ គឺបានផលចំណេញច្រើន ហើយផលចំណេញច្រើននឹងចែកចាយដល់កសិករយើងវិញ»។
ទិន្នន័យរបស់ក្រសួងកសិកម្ម បានបង្ហាញថា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ កម្ពុជាបាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិចំនួនសរុប ៥ ២២២ ០៥៦,១៩ តោន ក្នុងនោះទៅតំបន់អាស៊ី ៤ ២៧៥ ៤៦២,៨ តោន, ប្រទេសចិន ចំនួន ៦៨៩ ៧០២,៦៥ តោន, សហភាពអឺរ៉ុប ១៨៦ ៨៩៧,៧៤ តោន និងទិសដៅផ្សេងៗទៀតចំនួន ៧០ ១៩៦,៥៨ តោន។ រយៈពេល ១១ ខែ កាលពីឆ្នាំ ២០២១ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសសរុបចំនួន ៧១៣១ ៩១៥,០៤ តោន៕
វីដេអូ៖