ភ្នំពេញៈ លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ណែនាំ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ សូមជួយ​គាំទ្រ និង​ជំរុញ​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ពហុ​បំណង និង​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​កំពង់ឆ្នាំង ឱ្យ​ស្របតាម​បទដ្ឋាន​ច្បាប់ និង​ជំរុញ​ឱ្យ​គម្រោង​នេះ​អាច​ដំណើរការបាន​ឆាប់រហ័ស ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ចជាតិ​។​

​លោក​ទេសរដ្ឋមន្ត្រី បានធ្វើ​ការណែនាំ​បែបនេះ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនភាព​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ពហុ​បំណង និង​មណ្ឌល​ភ័ស្តុភារ​កម្ម​កំពង់ឆ្នាំង ដើម្បី​ជំរុញ​ការនាំចេញ​កសិផល​តាម​ផ្លូវទឹក បង្កើន​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​កាលពី​ថ្ងៃទី​២ មីនា ឆ្នាំ​២០២៣​។​

​កិច្ចប្រជុំ​នា​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​វឌ្ឍនភាព​ការងារ ត្រួតពិនិត្យ​វាយតម្លៃ​ការខូចខាត និង​ផលប៉ះពាល់​នានា ជុំវិញ​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ពហុ​បំណង និង​មណ្ឌល​ភ័ស្តុភារ​កម្ម​កំពង់ឆ្នាំង របស់​ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd ។

​បើតាម​ក្រសួង​សាធារណការ ការរៀបចំ​ឱ្យមាន​ជា​កំពង់ផែ និង​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្មនេះ គឺ​ក្នុង​គោលបំណង​ជំរុញ​ការដឹកជញ្ជូន​តាមផ្លូវ​គោក និង​ផ្លូវទឹក​ក្នុងប្រទេស ព្រមទាំង​ការដឹកជញ្ជូន និង​នាំចេញ​កសិផល​ពី​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ទៅ​ក្រៅប្រទេស​។

​ម្យ៉ាងវិញទៀត​ការសាងសង់​កំពង់ផែ និង​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្មនេះ ក៏បានផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​មួយចំនួន​។​

​បន្ទាប់ពី​បាន​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​លើ​ផលប៉ះពាល់​ពាក់ព័ន្ធ​នឹង​គម្រោង ក្រុមការងារ​គម្រោង​ក៏បាន​ស្ថាបនា​ផ្លូវ​ភ្ជាប់​ពី​ផ្លូវ 50C ទៅកាន់​មណ្ឌល​ភ័ស្តុភា​រកម្ម និង​ភ្ជាប់​ទៅកាន់​កំពង់ផែ​ពហុ​បំណង​កំពង់ឆ្នាំង​។

​ក្រសួង​សាធារណការ បានឱ្យដឹង​ទៀតថា គម្រោង​នេះ​ក៏​កំពុង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា STM (Smart Truck Monitoring System) សម្រាប់​គ្រប់គ្រង​ការដឹកជញ្ជូន​ចេញចូល ដែល​រួមមាន​ការបំពាក់​កាមេរ៉ា​ត្រួតពិនិត្យ​រថយន្ដ​ដោយ​ស្វ័យប្រវត្តិ និង​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកជញ្ជូន​។

​ប្រព័ន្ធ STM នេះ នឹង​ជួយ​ជំរុញ​ការតាមដាន គ្រប់គ្រង​ប្រតិបត្តិការ និង​ការគ្រប់គ្រង​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែ​៕​