សៀមរាបៈ ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ឱ្យដឹង​ថា មន្ត្រី​ជាន់​ខ្ពស់​ក្រសួងទេសចរណ៍​នៅ​យប់ ថ្ងៃទី៣ ខែមីនា បានរៀបចំ​កម្មវិធី​ស្វាគមន៍​ជើង​ហោះហើរដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines លេខ MU2091 ចេញពី​ទីក្រុង​សៀងហៃ​ប្រទេស​ចិន ហោះហើរ​ត្រង់​មក​កាន់​ខេត្ត​សៀមរាប។

ក្រសួង​ទេសចរណ៍​បានឱ្យ​ដឹង​ថា នៅយប់ថ្ងៃ​ទី ៣ ខែមីនា លោក តុប សុភ័ក រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​បានដឹកនាំ​មន្ត្រី​ជំនាញ រួមជាមួយ​រដ្ឋបាលខេត្ត​សៀមរាប ក្រុមហ៊ុន​ព្រលានយន្តហោះ​កម្ពុជា និង​អង្គភាព​ពាក់ព័ន្ធ បានរៀបចំ​កម្មវិធី​ស្វាគមន៍​ជើង​ហោះហើរ​ដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines លេខ MU2091 ចេញពី​ទីក្រុង​សៀងហៃ​ប្រទេស​ចិន ហោះហើរ​ត្រង់មក​កាន់​ខេត្ត​សៀមរាប តាម​យន្តហោះ​ប្រភេទ A320 ផ្ទុកអ្នកដំណើរ​ជន​ជាតិ​ចិន​ចំនួន ១៣២ នាក់។

លោក តុប សុភ័ក ថ្លែង​ថា៖«ក្រុមហ៊ុន​អាកាស​ចរណ៍ China Eastern Airlines នឹង​ធ្វើការ​ហោះត្រង់​មក​កាន់​ខេត្ត​សៀមរាប​ជាលក្ខណៈ Regular Flight ដោយហោះហើរ​ក្នុង​ ១ សប្តាហ៍​ចំនួន ៣ ជើង គឺ​នៅថ្ងៃ​អង្គារ ថ្ងៃ​សុក្រ និង​ថ្ងៃ​អាទិត្យ។

តាម​ការព្យាករណ៍​ ឆ្នាំ២០២៣​នេះ កម្ពុជា​អាចនឹង​ទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ ៤លាន នាក់ ក្នុងនោះ​មាន​ទេសចរ​ចិន​ប្រមាណ ៨០ ម៉ឺន ទៅ ១លាន​នាក់ ហើយ​ខេត្ត​សៀមរាប​អាច​ទទួល​ទេសចរ​ចិន ៣០% នៃ​ទេសចរ​ចិនសរុប​មក​កម្ពុជា។ បច្ចុប្បន្ន​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​មាន​ជើងហោះហើរ​ជា​មធ្យម ២៥០ ជើង ក្នុង ១ សប្តាហ៍ និង​មាន​ទេសចរ​អន្តរជាតិ​ជាមធ្យម​ចំនួន​ប្រមាណ ១ ៧០០ នាក់​ទៅ ១ ៨០០០ នាក់ ក្នុង​ ១ ថ្ងៃ៕​