អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា បង្ហាញ​ការប្តេជ្ញាចិត្តថា នឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​បន្ថែមទៀត តាមរយៈ​ការតភ្ជាប់​បណ្តាញ​ផ្លូវ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខេត្តតាកែវ​ថែមទៀត​។

​លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ កាល​ថ្ងៃទី​២ ខែមីនា បានឱ្យដឹងថា ខេត្តតាកែវ បាន​បន្ត​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការកសាង ជួសជុល ថែទាំ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​បន្ត​កសាង​ផ្លូវ​ជនបទ​ឱ្យមាន​គុណភាព​ខ្ពស់​ក្នុង​គោលបំណង​ត​ភ្ជាប់​បណ្តាញ​ផ្លូវ​ពី​ទី​រួម​ខេត្ត ទៅ​ស្រុក និង​ពី​ស្រុក​ទៅ​ឃុំ សង្កាត់ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខេត្ត ពិសេស​ជំរុញ​ការអភិវឌ្ឍ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​ផងដែរ​។

​លោក​បាន​បន្តថា​៖«​វិស័យ​សារ​ធា​រណការ និង​អភិវឌ្ឍន៍ជនបទ គឺជា​វិស័យ​ស្នូល​របស់​ខេត្ត ដោយ​ស្របតាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល ក្រៅពី​ការអភិវឌ្ឍ​ធនធានមនុស្ស​ហើយ​នោះ ការកសាង​ផ្លូវ​ក៏​ជា​រឿង​ចាំបាច់ ព្រោះ​បើ​ខេត្ត​មាន​ទិន្នផល​កសិកម្ម​ហើយ តែបើ​គ្មាន​ផ្លូវ​ក៏​មិនអាច​ដឹកជញ្ជូន​កសិផល​បានដែរ ចឹ​ង​ទាំងនេះ គឺជា​កិច្ចការ​ចម្បង​ដែល​ខេត្ត​នឹង​ខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ងាយស្រួល​»​។​

​អភិបាលខេត្ត​រូបនេះ អះអាងថា បច្ចុប្បន្ននេះ​ខេត្តតាកែវ មាន​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​សរុប​ចំនួន ៤១​ខ្សែ មាន​ប្រវែង​សរុប​ជាង​៧២២ គីឡូម៉ែត្រ ក្នុងនោះ​ផ្លូវជាតិ​ឆ្លងកាត់​ខេត្ត​មាន​ចំនួន​៦​ខ្សែ ដើម្បី​បំពេញ​តម្រូវ​របស់​ប្រជាពលរដ្ឋ​ខេត្តតាកែវ ក៏ដូចជា​ខេត្ត​ដទៃទៀត​ដែរ​។​

​លោក ណុប នី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តតាកែវ បានលើកឡើង​ដែរ​ថា តាមរយៈ​កិច្ច​ខិត​ប្រឹងប្រែង​របស់​រដ្ឋបាលខេត្ត មន្ទី​សាធារណការ និង​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​០៥ មក​ឆ្នាំនេះ ខេត្តតាកែវ​ក៏បាន​កសាង​ផ្លូវ​ជនបទ ទាំង​ក្រាល​កៅស៊ូ ក្រាល​ក្រួស​ក្រហម និង​ក្រាល​ដីស បាន​ចំនួន ២៨២​ខ្សែ ដែលមាន​ប្រវែង​ជាង ៨១២​គីឡូម៉ែត្រ​ផងដែរ​។

​លោក​បន្ត​ដែរ​ថា​៖«​បើទោះជា​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​របស់​ខេត្ត​សម្រេច​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ក្តី ក្នុងនាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តតាកែវ លោក​ថា នឹង​ខិតខំ​ពង្រឹង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ សង្គម​ស៊ីវិល និង ផ្នែក​ឯកជន​នានា ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ នៅ​មូលដ្ឋាន​ខេត្តតាកែវ​បន្ថែមទៀត​»​។

​បើតាម​របាយការណ៍​ស្តីពី​ភាពជោគជ័យ​ក្នុង​រយៈពេល​០៥​ឆ្នាំ​(២០១៨-២០២៣) របស់​រដ្ឋបាល​ខេត្តតាកែវ បាន​បង្ហាញថា បច្ចុប្បន្ននេះ​ខេត្ត​មាន​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​សរុប​ចំនួន ៤១​ខ្សែ មាន​ប្រវែង​សរុប ៧២២,៤៧​គ​.​ម ក្នុងនោះ​ផ្លូវជាតិ​ឆ្លងកាត់​ខេត្ត​មាន​ចំនួន ៦​ខ្សែ គឺ​ផ្លូវជាតិ​លេខ​២, លេខ​៣, លេខ​២២,​លេខ​២៣, លេខ​៣១ និង​លេខ​៤១ មាន​ប្រវែង​សរុប ១៦៦,៧២​គ​.​ម ជា​ប្រភេទ​ផ្លូវ​កៅស៊ូ និង​ផ្លូវ​ខេត្ត​ចំនួន ៣៥​ខ្សែ មាន​ប្រវែង ៥៥៥,៦៤​គ​.​ម និង​មាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ប្រវែង ៥៦,៣៨​គ​.​ម ដែលជា​បណ្តាញ​ដឹកជញ្ជូន​ទំនិញ​ដ៏​សំខាន់​។ ខេត្ត​មាន​សំណង់​ស្ពាន​សរុប​ចំនួន ៨​កន្លែង និង​ទីលាន​ចាក់សំរាម​ចំនួន ៤​កន្លែង​។

​នៅក្នុង​រយៈពេល​៥ ឆ្នាំនេះ​ផងដែរ ខេត្តតាកែវ បាន​កសាង​ផ្លូវ​ជនបទ ទាំង​ក្រាល​កៅស៊ូ ក្រាល​ក្រួស​ក្រហម និង​ក្រាល​ដីស ចំនួន ២៨២​ខ្សែ ប្រវែង ៨១២,១១​គ​.​ម ក្នុងនោះ​សាងសង់ និង​ជួសជុល​ជាប្រចាំ​ផ្លូវ​កៅស៊ូ​ចំនួន ០៧​ខ្សែ ប្រវែង ៦៤,០៩​គ​.​ម សាងសង់​អណ្តូងស្នប់​ចំនួន ៣១៨​អណ្តូង ផ្តល់​ពាង​ត្រងទឹក​ភ្លៀង​ចំនួន ៥០​ពាង និង​សាងសង់​បង្គន់​អនាម័យ​តាម​ផ្ទះ​បាន​ចំនួន ៥០​បង្គន់​ថែមទៀត​៕​