ភ្នំពេញៈ កត្តា​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ក្នុង​ខែមករា និង​ដើមខែ​កុម្ភៈ បានធ្វើឱ្យ​ការប្រមូល​ផល​អំបិល​នៅ​ខេត្តកំពត មកដល់ពេលនេះ​ស្ថិតក្រោម ២ ០០០ ​តោន​នៅឡើយ ខណៈ​ក្នុង​ ១ ​ឆ្នាំៗ កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី ៧-១០ ម៉ឺន​តោន​ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។ នេះ​បើ​យោងតាម លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពត​។​

​ជាធម្មតា​រដូវ​កាល​ផលិត​អំបិល គឺ​ចាប់ពី​ខែ​ចុងខែ​ធ្នូ ទៅដល់​ពាក់កណ្តាល​ខែឧសភា​នៃ​ឆ្នាំ​នីមួយៗ ប៉ុន្តែ​ក៏មាន​ឆ្នាំ​ខ្លះ​អាកាសធាតុ​ក្តៅ​បានអូសបន្លាយ ដែល​ធ្វើឱ្យ​ការផលិត​បន្ត​រហូតដល់​ខែមិថុនា​។ បើ​អាកាសធាតុ​អំណោយផល​ផ្ទៃដី ១​ហិកតា​គេ​អាច​ផលិត​អំបិល​បានជា​មធ្យម ២០​តោន​ក្នុង​រយៈពេល ១​ឆ្នាំ​។​

​ខេត្តកំពត និង​ខេត្ត​កែប គឺជា​ទីតាំង​ផលិត​អំបិល​នៅ​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​២០២២ ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្ត​ទាំង ២ គឺមាន​ចំនួន ៤ ៧៤៨ ហិកតា​។ ទំហំ​ផ្ទៃដី​នេះ គឺ​នៅ​ដដែល​បើ​ធៀប​នឹង​ឆ្នាំ​២០២១​។ នេះ​បើតាម​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ព្រឹក​ថ្ងៃទី​៦ ខែមីនា លោក សុខ គឹម​ជឿន ឱ្យដឹងថា កត្តា​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់ ២-៣​មេ​ធំៗ​នៅ​តំបន់​ផលិត​អំបិល​ក្នុង​ខេត្តកំពត​កាលពី​ខែមករា និង​ដើមខែ​កុម្ភៈ បានធ្វើឱ្យ​ការប្រមូល​ផល​អំបិល​ក្នុង​ឆ្នាំ​២០២៣ នេះ​អូសបន្លាយ​ដល់​ចុងខែ​កុម្ភៈ​។ ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់ ៣​ខែ​ជាប់ៗ​គ្នា គឺ​កម្ពុជា​អាចមាន​សមត្ថភាព​ផលិត​អំបិល​លើសពី ១០​ ម៉ឺន​តោន ដោយ​កសិករ​អាច​រែក​អំបិល​ចេញពី​ស្រែ​បាន​រាល់ថ្ងៃ​។ លោក​បន្តថា អំបិល​កម្ពុជា ត្រូវបាន​គេ​ចាត់ទុកជា​អំបិល​មានគុណ​ភាពល្អ ព្រោះ​ត្រូវបាន​ផលិតឡើង​តាម​លក្ខណៈ​ធម្មជាតិ ១០០​ភាគរយ​។​

​លោក​ថ្លែងថា​៖«​បើតាម​ទិន្នន័យ​គឺ​ការផលិត​អំបិល​ក្នុង​ខេត្តកំពត គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ សម្រេចបាន​ជាង ៩០០​តោន ហើយ​បើ​គិត​ក្នុង​រយៈពេល ១​សប្តាហ៍​ដើមខែ​មីនា​នេះ គឺ​ការប្រមូល​ផល​សរុប​អាច​ស្ថិតក្រោម ២​ពាន់​តោន​»​។ លោក​បន្តទៀតថា​៖«​ដោយសារ​ផល​អំបិល​កម្ពុជា​ពឹងផ្អែក​ទាំងស្រុង​លើ​ធម្មជាតិ ដូច្នេះ​យើង​មិនទាន់​ហ៊ាន​វាយតម្លៃថា បរិមាណ​ប្រចាំឆ្នាំ​នឹងមាន​ប៉ុន្មាន​នោះទេ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ចង់​បញ្ជាក់ គឺ​ការផលិត​ឆ្នាំនេះ​យឺត​ជា​បណ្តា​ឆ្នាំកន្លងមក​»​។​

​កសិករ និង​ជា​ម្ចាស់​សិប្បកម្ម​ផលិត​អំបិល ថូ​ង អ៊ិន​ធ័​រ​ប្រា​យស៍ នៅក្នុង​ខេត្តកំពត លោក ប៊ុន ណារិន បាន​ប្រាប់ថា ការផលិត​អំបិល​ឆ្នាំនេះ​យឺ​កជាង​ឆ្នាំមុនៗ​ជិត ២ ​ខែ ដោយ​មកទល់ពេលនេះ​លោក​គិតថា​មាន​ស្រែអំបិល​ប្រហែល​ជាង ៣០​ ភាគរយ​ប៉ុណ្ណោះ​ដែល​កំពុង​ប្រមូល​ផល ខណៈ​នៅសល់​ពី​នោះ​នឹង​ប្រមូល​ផល​បាន​ក្នុង​សប្តាហ៍​នេះ​។ បើ​អាកាសធាតុ​ក្តៅ​ល្អ​ដូច​ថ្ងៃនេះ​(​ទី ៦ ខែមីនា​)​រហូតដល់​ចុងខែ​ឧសភា កម្ពុជា​នឹងមិន​ខ្វះខាត​អំបិល​ប្រើប្រាស់​ឡើយ​។

លោក​បន្ថែមថា ការប្រមូល​ផល​ជា​បណ្តើរៗ​បានធ្វើឱ្យ​តម្លៃ​អំបិល​នៅ​ស្រែអំបិល​ធ្លាក់ចុះ​បន្តិចបន្តួច​ពី ១​បាវ​(៥០ គីឡូក្រាម​) ២៥ ០០០-២៨ ០០០​ រៀល​កាលពីដើម​ខែកុម្ភៈ មក​នៅ​ចន្លោះ ២២ ០០០-២៣ ០០០ ​រៀល​ នាពេលនេះ​។​ លោក​និយាយថា​៖«​សកម្មភាព​នៅ​ស្រែអំបិល​បានចាប់ផ្តើម​មមាញឹក​វិញ​ហើយ ដោយ​បរិមាណ​ដែល​ផលិត​បាន​កំពុង​កើន​ឡើងជា​បន្តបន្ទាប់​»​។​

​ដើម្បី​លើកទឹកចិត្ត​ដល់​នៅក្នុង​ផលិតកម្ម​អំបិល ក៏ដូចជា​ជួយ​លើកកម្ពស់​គុណភាព និង​ជំរុញ​ទីផ្សារ​នាំចេញ ​«​អំបិល​កំពត​-​កែប​» រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម បាន​កំណត់ថា នៅ​ថ្ងៃទី​២៦ ខែមេសា ខាងមុខ ផលិតផល​អំបិល​កំពត​-​កែប ចំនួន ៣ ប្រភេទ​នឹងត្រូវ​ប្រកាស​ដាក់ចូល​ជា​ប្រភេទ​ផលិត​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI)​។​

​ក្រសួងពាណិជ្ជកម្ម​បាន​ឱ្យដឹងថា​៖«​កម្ពុជា​កំណត់​យក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៣ ដើម្បី​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​អំបិល​កំពត​កែប​» ក្នុង​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក​។ កម្ពុជា​កំណត់​ប្រភេទ​ផលិតផល​អំបិល​ចំនួន ៣​ប្រភេទ​សម្រាប់​ការចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ គឺ អំបិល​ក្រួស ផ្កាអំបិល និង​អំបិល​ម៉ដ្ឋ​(​កិន​)»​។​

​ទាក់ទង​នឹង​គម្រោង​ដាក់បញ្ចូល​អំបិល​កំពត​-​កែប ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ លោក គឹម​ជឿន បាន​អះអាងថា នៅពេល​អំបិល​កំពត​-​កែប ត្រូវបាន​ដាក់បញ្ចូល​ជា​ផលិតផល GI វា​នឹង​ជួយ​ធ្វើឱ្យ​កម្លាំងចិត្ត​របស់​ក្រុម​ផលិត​ល្អប្រសើរ​ជា​ពេលនេះ ព្រោះ​នឹង​ទទួលបាន​តម្លៃ​ខ្ពស់ជាង​មុន​។​

​លោក​បញ្ជាក់ថា​៖ «​ការដាក់​អំបិល​កែប​-​កំពត​ ជា​ផលិតផល GI អាចជា​ចំណែក​មួយ​ធ្វើឱ្យ​សមត្ថភាព​នៃ​ការផលិត​អំបិល​កាន់តែ​កើនឡើង ខណៈ​កត្តា​កង្វះ​កម្លាំង​ពលកម្ម និង​អាកាសធាតុ បាន​បង្ខំ​ឱ្យ​កម្ពុជា​នាំចូល​អំបិល​ពី​ក្រៅប្រទេស​(​ឥណ្ឌា​) មក​បំពេញតម្រូវការ​ក្នុងស្រុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​»៕