​ភ្នំពេញៈ វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​ចិន លើសពី​ជាង ២០ ​ម៉ឺន​នាក់ ​ក្នុងចំណោម​ភ្ញៀវ​ជនជាតិ​ចិន​ប្រមាណ​ជាង ៨០​ ម៉ឺន​នាក់ ​ដែល​អាច​នឹង​មកដល់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ ខណៈ​នៅក្នុង​ឆ្នាំនេះ​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ក្នុង​តំបន់ ​(​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម​) និង​ព្រឹត្តិការណ៍​ក្នុងស្រុក​ជាច្រើន ពិសេស​អង្គរ​សង្ក្រាន្ត​។ នេះ​បើ​យោងតាម​រដ្ឋលេខា​ធិ​​ការ​នៃ​ក្រសួងទេសចរណ៍​។​

​បន្ទាប់ពី​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩ នៅលើ​ពិភពលោក​មាន​ភាព​ធូរស្រាល គេ​ឃើញ​ចំនួន​ជើងហោះហើរ​អន្តរជាតិ​មក​កម្ពុជា​កើន​ឡើងជា​លំដាប់​។ សម្រាប់​ជើង​ហោះ​​ហើរ​ត្រង់​ឡើងវិញ​ពី​ប្រទេស​ចិន ​(​បិទ​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩) គឺ​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​កម្ពុជា​បានធ្វើ​ពិធី​ទទួល​ស្វាគមន៍​ការមកដល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន​អាកាសយានដ្ឋាន​អន្តរ​ជាតិ​សៀមរាប មាន​ជើង​ហោះ​ហើរ​ជា​មធ្យម ២៥០ ​ជើង​នៅក្នុង ​១​ សប្តាហ៍ និង​មាន​ទេសចរ​អន្តរជាតិ​ជា​មធ្យម ១ ៧០០-១ ៨០០​ នាក់ ​ក្នុង​ ១​ ថ្ងៃ​។​

​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងទេសចរណ៍ លោក តុ​ប សុភ័ក ដែល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ រួមជាមួយ​រដ្ឋបាលខេត្ត​សៀមរាប និង​អង្គភាព​ពាក់ព័ន្ធ​ទៅ​ស្វាគមន៍​ជើងហោះហើរ​ដំបូង​របស់​ក្រុមហ៊ុន​អាកាស​​ចរណ៍ China Eastern Airlines លេខ MU2091 ពី​ក្រុង​សៀង​ហៃ​មកកាន់​ខេត្តសៀមរាប តាម​យន្តហោះ​ប្រភេទ A320 កាលពី​រាត្រី​ថ្ងៃទី ​៣ ខែមីនា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៥ ខែមីនា​ថា ចំនួន​ភ្ញៀវ​​ទេសចរ​ចិន​ធ្វើដំណើរ​មក​កម្ពុជា​បាន​កើន​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅក្នុង​ខែមករា ឆ្នាំ ២០២៣ គឺ​ភ្ញៀវ​ចិន​ចូលមក​កម្ពុ​ជាមាន​ប្រមាណ ២៥ ០០០​ នាក់ ខណៈ​កាលពី​ខែមករា ឆ្នាំ​ ២០២២ មាន​ជិត ២ ៥០០​ នាក់​។ លោក​បន្តថា China Eastern Airlines នឹង​ហោះ​ត្រង់​ពី​សៀង​ហៃ​មកកាន់​ខេត្តសៀមរាប​ជា​លក្ខណៈ Regular Flight ដោយ​ហោះហើរ​ក្នុង ១​ សប្តាហ៍​ចំនួន ៣​ ជើង គឺ​នៅ​ថ្ងៃ​អង្គារ/​សុក្រ/អាទិត្យ​។​

​លោក​ថ្លែងថា​៖ «​តាម​ការ​ព្យាករ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​កម្ពុជា​អាចនឹងទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៤​ លាន​នាក់ ក្នុងនោះ​ទេសចរ​ចិន​អាចមាន​ពី ៨០ ​ម៉ឺន ទៅ​ ១ ​លាន​នាក់ ហើយ​ខេត្តសៀមរាប​អាច​ទទួល​ទេសចរ​ចិន ៣០ ​ភាគរយ​នៃ​ចំនួន​ទេសចរ​ចិន​»​។​

​យោងតាម​លោក សុភ័ក អាជ្ញាធរ​កម្ពុជា​បានធ្វើ​ពិធី​ទទួល​ស្វាគមន៍​ជើងហោះហើរ​ចិន​ចំនួន ៣ លើក​ហើយ គឺ​លើក​ទី​ ១ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ ​(​មកពី​ទីក្រុង​គួ​ន​មីង​) កាលពី​ថ្ងៃទី ​២៧ ខែមករា ឆ្នាំ​ ២០២៣, លើក​ទី​ ២ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ​(​មកពី​ទីក្រុង​ប៉េកាំង​) កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ​, និង​លើក​ទី​ ៣ នៅ​ព្រ​​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ​(​មកពី​ក្រុង​សៀង​ហៃ​)​ កាលពី​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ​ ២០២៣​។​

​លោក ធៀ​ម ធឿ​ង ប្រធាន​សមាគម​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា ​(​ខេត្តសៀមរាប​) និយាយថា ទោះបី​ពេលនេះ ​(​ថ្ងៃទី​ ៥ មីនា​)​ ការមកដល់​របស់​ភ្ញៀវទេសចរ​ចិន​ក្នុង​ខេត្តសៀមរាប​មិនទាន់មាន​ចំនួន​ច្រើន ប៉ុន្តែ​សញ្ញា​វិជ្ជមាន​តាមរយៈ​ការសាកសួរ​ព័ត៌មាន​របស់​ក្រុម​អ្នកទេសចរ និង​ក្រុមហ៊ុន​/​ទីភ្នាក់ងារ​ទេសចរណ៍​នៅ​ប្រទេស​ចិន បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ស្រប​ពេលដែល​ចំនួន​មគ្គុទ្ទេសក៍​ទេសចរ​ចិន​ដែល​បោះបង់​មុខរបរ​នេះ ​(​អំឡុង​វិបត្តិ​កូ​វីដ​ ១៩) ក៏បាន​ចូលក្នុង​វិស័យនេះ​ជា​បណ្តើរៗ​វិញ​ហើយ​។ បច្ចុប្បន្ន​ក្រសួងទេសចរណ៍​បាន​បើក​វគ្គប​ណ្តុះ​បណ្តាល​ជា​បន្តបន្ទាប់​ទៅដល់​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ផងដែរ​។​

​លោក​បន្តថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុង​ខេត្តសៀមរាប​នាពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខ ប្រាកដជា​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន​ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប​។​

​លោក​អះអាងថា​៖ «​រូបខ្ញុំ​ផ្ទាល់ ក៏ដូចជា​សមាជិក​ក្នុង​សមាគម​សុទ្ធតែ​សង្ឃឹមថា ភ្ញៀវ​ចិន​នឹង​មក​កម្សាន្ត​ខេត្តសៀមរាប​ច្រើន​ចាប់ពីពេលនេះ​តទៅ ខណៈ​ចំនួន​ជើងហោះហើរ​កំពុង​កើនឡើង​នាពេលនេះ​។ ជា​មធ្យម​ភ្ញៀវ​ចិន​ស្នាក់នៅ​កម្ពុជា​ចំនួន ៣ ​យប់​»​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​ចិន​ឱ្យ​ប្រជា​ជន​របស់ខ្លួន​អាចធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​កំពុងផ្តល់​ផល​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ប៉ុន្តែ​ចំនួន​ភ្ញៀវ​នឹងមិន​ឡើង​ខ្ពស់​ទេ ព្រោះ​វិបត្តិ​កូ​វីដ​រយៈពេល​ជាង ៣ ​ឆ្នាំ​មកនេះ​បានធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក រួមទាំង​ប្រ​​ទេស​ចិន​មិនល្អ​ឡើយ​។​

​លោក​ប្រាប់ថា​៖ «​ទោះបី​រដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​យុទ្ធសាស្ត្រ​ក្នុងការ​​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន ​(China Ready) ហើយក៏​ដោយ ក៏​ក្នុងឆ្នាំនេះ កម្ពុជា​មិនអាច​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ចិន​ឡើង​ខ្ពស់​ទេ ដោយ​វា​អាច​ត្រូវការ​ពេល ២-៣​ ឆ្នាំ​ទៅមុខទៀត​»​។​

​បើតាម​លោក ខៀវ ធី ទោះ​យ៉ាង​ណា​ខេត្តសៀមរាប នឹងមិន​អាច​ទាក់​​ទាញ​ភ្ញៀវ​ចិន​បាន​ច្រើន​ដូច​ក្រុង​ព្រះ​សីហនុ​ឡើយ ព្រោះ​កន្លងមក​មាន​អ្នកវិនិយោគ​ចិន​ជាច្រើន​បាន​ទៅ​បណ្តាក់​​ទុន​នៅ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ខាងលើ​បាន​បញ្ជាក់ថា ក្រសួងទេសចរណ៍​នឹងធ្វើ​ពិធី​ទទួល​ស្វាគមន៍​ជើង​ហោះ​ហើរ​លើកដំបូង​ពី​គ្រប់​ប្រទេស​/​តំបន់ នៅពេល​ពួកគេ​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិ​ការ​ឡើងវិញ​បន្ទាប់ពី​ផ្អាក​មួយរយៈ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩៕