
ស្ដ្រីម្នាក់ចុះចែកខិត្តប័ណ្ណផ្សព្វផ្សាយពីពិព័រណ៍ពាណិជ្ជកម្ម នៅខេត្តបាត់ដំបង។ រូបថត BCC
ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោក ភួ វាសនា បានប្រាប់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏ធំនៅក្នុងខេត្តបាត់ដំបង ចុងសប្តាហ៍នេះ នឹងនាំផលវិជ្ជមានជាច្រើនសម្រាប់ការផ្សព្វផ្សាយពីសក្តានុពលនៃផលិតផលផលិត និងកែច្នៃក្នុងខេត្តបាត់ដំបង និងជាវេទិកាដែលនឹងជួយឱ្យកសិករ អ្នកកែច្នៃ និងអ្នកនាំចេញ-នាំចូល បានជួបគ្នាដោយផ្ទាល់ផងដែរ។
សភាពាណិជ្ជកម្មខេត្តបាត់ដំបងក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម សហគ្រិនខ្មែរនៃក្រសួងសេដ្ឋកិច្ច សភាពាណិជ្ជកម្មកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង និងផ្នែកឯកជន នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១០-១១-១២ ខែមីនា ឆ្នាំ ២០២៣ នៅបរិវេណផ្សារ ភួ ពុយ ខេត្តបាត់ដំបងពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១១ យប់។
បើតាមសភាពាណិជ្ជកម្មខេត្តបាត់ដំបង ក្នុងព្រឹត្តិការណ៍ខាងលើនឹងមានការដាក់តាំងបង្ហាញផលិតផលខ្មែរ, កម្មវិធីជំនួបពាណិជ្ជកម្ម, ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន «ឱកាសអាជីវកម្មនៅខេត្តបាត់ដំបង», កម្មវិធីប្រកួតប្រជែងអ្នកលក់ឆ្នើម, កម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព និងការប្រគំតន្ត្រី។
ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោក ភួ វាសនា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែមីនា ថា នេះជាលើកដំបូងហើយដែលសភាពាណិជ្ជកម្មខេត្តបាត់ដំបង រៀបចំព្រឹត្តិការណ៍ធំនេះឡើងបន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩។
ព្រឹត្តិការណ៍នេះ នឹងរួមចំណែកច្រើនក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសខេត្តបាត់ដំបងតាមរយៈការផ្សព្វផ្សាយពីសក្តានុពលផលិតផលកសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម ឧស្សាហកម្មធុនតូច និងមធ្យម និងការកែច្នៃជាដើម។ លោកបន្តថា ក្នុងព្រឹត្តិការណ៍នេះ សភាពាណិជ្ជកម្មខេត្ត ក៏អញ្ជើញថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងបណ្តាខេត្ត ព្រមទាំងអ្នកជំនួញជាតិ និងអន្តរជាតិមកចូលរួមដើម្បីសិក្សា និងស្វែងយល់ពីសក្តានុពលផលិតផលខេត្តបាត់ដំបង ក្នុងន័យមកបណ្តាក់ទុន ចាប់ដៃគូវិនិយោគលើការផលិត កែច្នៃ ឬនាំចេញ។
លោកបញ្ជាក់ថា៖ «សភាពាណិជ្ជកម្មខេត្តបាត់ដំបងមានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្តាហ៍នេះនឹងមានភ្ញៀវជាច្រើនចូលរួម ហើយតាមរយៈវេទិកានេះក៏ជួយឱ្យអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ អាចធ្វើទំនាក់ទំនងផ្ទាល់ដើម្បីចាប់ដៃគូជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែខ្លាំង»។
បើតាមលោក វាសនា រហូតមកដល់ពេលនេះ គឺមានស្តង់លក់ទំនិញយ៉ាងតិច ១៥០ នឹងចូលរួម។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោក គឹម ហួត និយាយថា លោកពិតជាគាំទ្រឱ្យមានព្រឹត្តិការណ៍បែបនេះ ព្រោះវានឹងមិនត្រឹមតែជួយផ្សព្វផ្សាយពីសក្តានុពលនៃផលិតផល និងអាជីវកម្មក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈដំណើរទេសចរណ៍របស់ប្រជាជន និងអ្នកវិនិយោគមកខេត្តបាត់ដំបងផងដែរ។ ប្រសិនមានព្រឹត្តិការណ៍បែបនេះកាន់តែច្រើន គឺកេរ្តិ៍ឈ្មោះផលិតផលក្នុងខេត្តក៏ត្រូវបានគេទទួលស្គាល់កាន់តែច្រើន។ បើព្រឹត្តិការណ៍នេះអាចរៀបចំឡើងយ៉ាងតិច ២ ដងក្នុង ១ ឆ្នាំ ផលចំណេញដល់សេដ្ឋកិច្ចខេត្តនឹងមានកាន់តែខ្ពស់។
លោកថ្លែងថា៖ «ព្រឹត្តិការណ៍នេះនឹងមានផលវិជ្ជមានច្រើនដល់សហគ្រាសក្នុងខេត្ត ព្រោះនឹងមានជំនួបអាជីវកម្មដែលជំរុញឱ្យមានសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មកាន់តែច្រើន»៕