ភ្នំពេញៈ​​ រយៈពេល​ជាង ​១ ​ខែ​ បន្ទាប់ពី​ការចុះអនុវត្ត​ការត្រួតពិនិត្យ​លើ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ខកខាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ​និង​យានជំនិះ ​ឆ្នាំ​២០២២​ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ (GDT)​ប្រមូលបាន​ប្រាក់​ជាង ​១,៥​ លាន​ដុល្លារ​ពី​ការផាកពិន័យ​ចំពោះ​យានយន្ត​ទាំងអស់នោះ​។ ​នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ចុះ​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២៣ ឱ្យដឹងថា​អនុលោម​តាមច្បាប់​និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ជាពិសេស​អនុវត្តតាម​ខ្លឹមសារ​នៃ​ប្រកា​សលេខ​៥៣១ ​សហវ​.​ប្រក​ចុះ​ថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៨​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អគ្គនាយកដ្ឋាន​ពន្ធដារ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាននិងកំពុង​ចុះ​តាម​គោលដៅ​សំខាន់ៗ​ ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២២​ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​សំដៅ​ធានាបាន​នូវ​សមភាព​និង​តម្លាភាព​នៃ​ការបង់ពន្ធ​ប្រភេទ​នេះ​ដែល​យុទ្ធនាការ​នេះ​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៣ ​រហូតមក​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖«​បើ​គិត​ត្រឹម​ថ្ងៃទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​អគ្គនាយកដ្ឋាន​ពន្ធដា​រ​រួមជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បានធ្វើការ​ផាកពិន័យ​នៅនឹងកន្លែង​គោលដៅ​ត្រួតពិនិត្យ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​មាន​យានយន្ត​ចំនួន​ ៨៥៣៧​ គ្រឿង ​ដែល​មិន​បានមក​ប្រកាស​បង់ពន្ធ​បាន​ទាន់ពេលវេលា​ស្របតាម​ការកំណត់​ដោយ​ច្បាប់​ហើយ​យានយន្ត​ទាំងនោះ​តម្រូវឱ្យ​បង់ប្រាក់​ពន្ធ​រួមទាំង​ប្រាក់​ពិន័យ​មាន​ចំនួន ​៦០៩ ៥០៧ ០០០០ ​រៀល (​ប្រមាណ ​១,៥២ ​លាន​ដុល្លា​)»​។​

​លិខិត​បន្តទៀតថា​ដោយ​សង្កេតឃើញ​មាន​យានយន្ត​ដែល​មិនទាន់​បានប្រកាស​បង់ពន្ធ​នៅតែ​បន្តធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​នៅឡើយ​ដូចនេះ​ក្រុមការងារ​ចម្រុះ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​នៅតែ​បន្ត​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ​លើ​យានយន្ត​ណា​ដែល​មិនទាន់បាន​បង់ពន្ធ​ប្រភេទ​នេះ​ដើម្បីឱ្យ​ច្បាស់​ថា​យានយន្ត​ទាំងអស់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដោយ​ស្មើភាព​គ្នា​តាម​ការ​កំណត់ដោយ​ច្បាប់​។​

សម្រាប់​យានយន្ត​ដែល​មិនទាន់បាន​ទៅ​បង់ពន្ធ​គឺ​សូម​រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២២​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ឬ​តាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ​ឬ​នៅ​សាខា​ធនាគារ​ជា​ដៃគូ​របស់ ​GDT​ដើម្បី​ចៀសវាង​ការឃាត់​យានយន្ត​តាម​ដងផ្លូវ​ដោយ​មន្ត្រី​ពន្ធដារ​និង​កម្លាំង​មាន​សមត្ថកិច្ច​ដែល​អាច​នាំឱ្យមាន​ការកកស្ទះ​ចរាចរណ៍​ខាត​ពេលវេលា​និង​អាច​កើត​មាននូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​។​

​លោក​ហុង​វណ្ណៈ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​៧ ​ខែមីនា ​ថា​ចំនួន​យានយន្ត​និង​ចំនួន​ប្រាក់​ផាកពិន័យ​ដែលមាន​រហូតដល់​ជាង ​១,៥​ លាន​ដុល្លារ​ នេះ​បញ្ជាក់​ឱ្យឃើញថា​ការយល់ដឹង​ពី​ច្បាប់​ពន្ធដារ​ការផ្សព្វផ្សាយ​និង​អនុវត្ត​កាតព្វកិច្ច​បង់ពន្ធ​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅមានកម្រិត​បើទោះបី​ដល់ពេល​ចាប់ផ្តើម​ប្រមូល​ពន្ធ​ម្តងៗ​អាជ្ញាធរ​តែង​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាងណាក៏ដោយ​។ ​ការខកខាន​ឬ​មិនបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​យានយន្ត​នេះ​ក៏​អាច​ដោយសារ​តែមាន​ម្ចាស់​យាន្ត​ជំនិះ​មួយចំនួន​គិតថា​យានយន្ត​របស់ខ្លួន​ចាស់​។​

​លោក​និយាយថា​៖«​ដោយសារ​ការផាកពិន័យ​នេះ​ទើប​ធ្វើបាន​ជាង ​១​ ខែ ​ដូច្នេះ​ចំនួន​ទឹកប្រាក់​ដែល​បាន​ពី​ការផាកពិន័យ​នេះ​នឹង​បន្ត​កើនឡើង​បន្ថែមទៀត​»​។​

​លោក​លើកឡើង​ទៀតថា​ នៅពេលដែល​ប្រជាពលរដ្ឋ​ក្នុងប្រទេស​យល់ដឹង​ពី​កាតព្វកិច្ច​បង់ពន្ធ​គឺ​នឹង​ជួយ​ឱ្យ​រដ្ឋ​ប្រមូល​ចំណូល​បាន​ច្រើន​សម្រាប់​យកទៅ​អភិវឌ្ឍ​ប្រទេស​។​

​យោងតាម​របាយការណ៍​ក្នុង​ឆ្នាំ​២០២២​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​បាន​ប្រហែល ​៣៤៥៥,១១​ លាន​ដុល្លារ​ ដែល​ស្មើនឹង​ ១២២,៥៤​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២២​ឬ​លើស ​៦៦៧,៣៤ ​លាន​ដុល្លារ ​ដែល​ស្មើនឹង​២៣,៩៦ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២១​។​ ក្នុង​ឆ្នាំ​២០២២​ ចំនួន​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ដែល​បានមក​បង់ពន្ធ​មាន​ចំនួន ​៨៨២៦០៦ ​គ្រឿង​ ដោយ​ប្រមូលបាន​ប្រាក់​សរុប​ ៤២២១៦៨,៩​ លាន​រៀល (​ប្រហែល ​១០២,២៣​ លាន​ដុល្លារ​)៕