
បុគ្គលិកធនាគារចិនរាប់ក្រដាសប្រាក់យន់ចិន ប្តូរជាមួយដុល្លារ។ AFP
នាយករដ្ឋមន្ត្រីចិនលោក លី កេឈាង (Li Keqiang) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិន នឹងធ្វើកំណែទម្រង់ហិរញ្ញវត្ថុឱ្យស៊ីជម្រៅ ព្រមធ្វើឱ្យប្រសើរឡើងនូវបទប្បញ្ញត្តិនានា ដើម្បីការពារពីហានិភ័យដល់សេដ្ឋកិច្ច និងបើកចំហបន្ថែមទៀតដល់ការវិនិយោគពីបរទេស។
នាយករដ្ឋមន្ត្រីផុតអាណត្តិរូបនេះបន្ថែមថា រដ្ឋាភិបាលចិននឹងការពារហានិភ័យសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលមានគុណភាពខ្ពស់និងកាត់បន្ថយបន្ទុកពន្ធមួយចំនួនផង។
នាយករដ្ឋមន្ត្រី លី បញ្ជាក់ថា៖«យើងចាំបាច់ត្រូវធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅលើប្រព័ន្ធហិរញ្ញវត្ថុ ដោយត្រូវធ្វើឱ្យប្រសើរឡើងនូវបទប្បញ្ញត្តិហិរញ្ញវត្ថុ ដើម្បីការពារហានិភ័យហិរញ្ញវត្ថុក្នុងតំបន់និងជាប្រព័ន្ធ»។
ប្រទេសចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីទប់ទល់នឹងហានិភ័យហិរញ្ញវត្ថុបណ្ដាលមកពីវិបត្តិកូវីដ ១៩។ កូវីដ ១៩ បានបង្កឱ្យប្រទេសចិន មានវិបត្តិអចលនទ្រព្យក្នុងប្រទេស ព្រមទាំងបង្កហានិភ័យមួយចំនួនទៀតទាក់ទងនឹងបទប្បញ្ញត្តិនានាព្រមទាំងរារាំងដល់កំណើននៃការនាំចេញជាដើម។
គណៈកម្មការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិចិន (NDRC) បានលើកឡើងថា៖ «យើងនឹងអនុវត្តការងារកំណែទម្រង់សំខាន់ៗ ដើម្បីដកចេញនូវឧបសគ្គស្ថាប័នដែលឈរនៅក្នុងវិធីនៃការលើកកម្ពស់ការអភិវឌ្ឍ»។
NDRC បាននិយាយថា ប្រទេសចិន នឹងបង្កើត និងអនុវត្តផែនការមួយសម្រាប់ជុំមួយទៀតនៃកំណែទម្រង់សហគ្រាសគ្រប់គ្រងដោយរដ្ឋ ដើម្បីជួយក្រុមហ៊ុនចិនឱ្យក្លាយជា «ក្រុមហ៊ុនលំដាប់ពិភពលោក»៕