ភ្នំពេញៈ ការប្រមូល​ចំណូល​ពន្ធដារ​សម្រាប់​ឆ្នាំ​​ ២០២៣ នេះ​អាច​នឹង​ជួប​ប្រឈម​បញ្ហា​មួយចំនួន​បណ្តាលមកពី​វិបត្តិ​សកល ខណៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពេល​ថ្មីៗ​នេះ​មានការ​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ពី​អត្រា ៦,៦​ ភាគរយ​មក​នៅត្រឹម ៥,៦​ ភាគរយ​។ នេះ​បើ​យោងតាម​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ​(GDT)​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វ​ផ្សាយ ស្តីពី ​«​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូល ការបំពេញ​ទម្រង់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំ​​ណូ​ល​ប្រចាំឆ្នាំ ការស៊ើបអង្កេត​បទល្មើស​ពន្ធដារ និង​ការប្រឆាំង​ការសម្អាត​ប្រាក់​» ដែល​រៀបចំ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល នៅ​ថ្ងៃទី​ ៦ ខែមីនា លោក គង់ វិបុល បានឱ្យដឹងថា​ទោះបីជា​ការប្រមូល​ចំណូល​ពន្ធដារ​ក្នុង​ឆ្នាំ​ ២០២២ កន្លងមក​លើស​ផែន​ការដែល​កំណត់ដោយ​ច្បាប់ ប៉ុន្តែ​ការប្រមូល​ចំណូល​ពន្ធ​សម្រាប់​ឆ្នាំ​ ២០២៣ នេះ​អាច​នឹងមាន​បញ្ហា​ប្រ​ឈម​មួយចំនួន​។

លោក​បន្តថា សម្រាប់​ឆ្នាំ ២០២៣ ស្ថានភាព​ការគ្រប់គ្រង​ជំងឺ​​កូ​វីដ ​១៩ នៅ​កម្ពុជា​មានដំណើរ​ការល្អ​​ប្រសើរ និង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​វត្តមាន​សង្គ្រាម​រវាង​ប្រទេស​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក និង​ការកើនឡើង​នៃ​អត្រា​អតិផរណា​ដែល​ធ្វើឱ្យ​កម្លាំង​បញ្ជា​ទិញ​ពី​ទីផ្សារ​អន្តរជាតិ​ថមថយ គឺ​កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​។​

​លោក​លើកឡើងថា ក្នុង​ឆ្នាំ ​២០២៣ នេះ​ច្បាប់​ថវិកា​បានដាក់​ចេញរួច​ហើយដោយ​កំណត់ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​រក​ចំណូល​ឱ្យបាន​ប្រមាណ ៣,៥​ ពាន់​លាន​ដុល្លារ​បើ​ធៀប​នឹង​ថវិកា​ដែល​បាន​កំណត់ដោយ​ច្បាប់​ឆ្នាំ​ ២០២២ គឺ​កើន​ឡើង​ជិត ៣០​ ភាគរយ​។ កំណើន​នេះ​វា​មិន​ឆ្លុះបញ្ចាំង​ពី​កំណើនសេដ្ឋកិច្ច​ឡើយ​ដោយ​កំណើន​នេះ​ត្រូវបាន​រៀបចំ​តាម​ការ​ព្យាករ​សេដ្ឋកិច្ច​ក្នុង​អត្រា ៦,៦​ភាគ​​រយ ប៉ុន្តែ​ឥឡូវនេះ​តាម​ការ​ព្យាករ​ឡើងវិញ​គឺ​ត្រឹមតែ ៥,៦ ​ភាគរយ​ប៉ុណ្ណោះ​។​

​លោក​ថ្លែងថា​៖ «​តាម​ការ​ព្យាករ​ឡើងវិញ​ដែល​បាន Release ហើយដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី វ​ង្សី វិសុទ្ធ បាន​លើក​ហើយ​ថា ការ​ព្យា​ករ​វា​ថយ​ចុះមក​នៅត្រឹម ៥,៦​ ភាគរយ​។ ១​ ភាគរយ​នេះ​បើ​គិត​ជា Nominal GDP គឺ​ធំ​ណាស់ ដោយ​ពន្ធដារ​អាច​លំបាក​បើ​ថយ​យ៉ាងហ្នឹង ហើយ​បញ្ហា​ដែល​ប៉ះ​ពាល់​ទៅ​សេដ្ឋកិច្ចពិភពលោក​ដែល​ខ្ញុំ​បានលើកឡើង​អម្បាញ់មិញ​នេះ គឺ​ប្រ​ហែល​ជាមាន​បញ្ហា​ប្រឈម​ច្រើន​»​។​

​លោក​លើកឡើង​ទៀតថា តាមរយៈ​ជំនួប​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​/​សហគ្រាស​ធំៗ​មួយចំនួន​ក៏​ពួកគេ​បានលើកឡើង​ពី​ផលវិបាក​មួយចំនួន​ចំពោះ​ដំណើរការ​អាជីវកម្មរ​បស់​ពួកគេ​នៅក្នុង​ក្នុង​ឆ្នាំ​ ២០២៣ នេះ​ផងដែរ​។​

​ទោះយ៉ាងណា​អគ្គនាយក​នៃ​អគ្គ​នា​យក​ដ្ឋា​ន​ពន្ធដារ បាន​លើកឡើងថា ការ​សម្រេច​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ ​(FATF)​ ដែល​ដក​កម្ពុជា​ចេញពី​បញ្ជី​ពណ៌​​ប្រ​ផះ ​(​ក្រុម​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​ខាង​លាងលុយកខ្វក់​)​ ទៅក្នុង​បញ្ជី​ពណ៌​ស កាលពីពេល​ថ្មីៗ​នេះ ក៏​ជាស​ញ្ញា​ល្អ​សម្រាប់​កម្ពុជា​ក្នុងការ​ទាក់ទាញ​វិ​និ​យោ​​គិ​នប​រទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ដែរ ព្រោះ​ការ​ស្ថិតក្នុង​បញ្ជី​ស​នេះ នឹង​ធ្វើឱ្យ​ចរាចរណ៍​នៃ​ការផ្ទេរ​ប្រាក់​ចូល​កម្ពុជា​កាន់តែ​មាន​ភា​ព​ងាយស្រួល​។​

​ប្រទេស​កម្ពុជា​ត្រូវបាន FATF ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​ប្រ​ផះ​ចាប់​តាំង​ឆ្នាំ​ ២០១៩ រហូតដល់​ដើមឆ្នាំ ២០២៣​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៦ ខែមីនា ថា ចំណូល​ពន្ធដារ មាន​សារៈសំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​យ​ក​ទៅប្រើ​ប្រាស់​ដើម្បី​អភិវឌ្ឍ​ប្រទេស​ផ្នែក​រឹង និង​ផ្នែក​ទន់​ប្រទេស​។ នៅពេល​ការប្រមូល​ពន្ធ​បាន​កាន់តែច្រើន និង​មាន​តម្លាភាព វា​នឹង​ធ្វើឱ្យ​ការប្រកួតប្រជែង​កាន់តែ​មាន​តម្លាភាព និង​អាចជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ចំណូល​ពន្ធ​ជា​ដង្ហើម​សេដ្ឋកិច្ច​សម្រាប់​គ្រប់​ប្រទេស​លើ​ពិភព​​លោក ដូច្នេះ​ដើម្បីឱ្យ​ប្រទេសមួយ​អាច​រីកចម្រើន​បាន គឺ​ទាមទារ​ឱ្យមាន​ការ​ប្រ​​មូល​ចំណូល​ឱ្យមាន​ប្រសិទ្ធភាព និង​តាម​គោលការណ៍​កំណត់​ទាំង​សារពើពន្ធ និង​មិនមែន​សារពើពន្ធ​»​។​

​លោក​លើកឡើង​ទៀតថា កំណើន​ចំណូល​ពន្ធ​ក៏​ជួយ​ធ្វើឱ្យ​រដ្ឋាភិបាល​មាន​ប្រាក់​សន្សំ​កាន់តែច្រើន​ដើម្បី​ត្រៀម​ទុក​សម្រាប់​សង​ត្រឡប់​ទៅ​ម្ចាស់​កម្ចី ឬ​សម្រាប់​ដោះស្រាយ​វិបត្តិ​ចៃដន្យ​ណាមួយ​ផងដែរ​។​

​នៅក្នុង​ឆ្នាំ​ ២០២២ អគ្គនាយកដ្ឋាន​​ពន្ធដារ ប្រមូល​ចំណូល​បាន​ប្រមាណ ៣,៤៥៥ ​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ ១២២,៥៤​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២២ ឬ​លើស​ ៦៦៧,៣៤ ​លាន​ដុល្លារ ដែល​ស្មើ ២៣,៩៦ ​ភាគរយ​។ ក្នុង​ឆ្នាំ​ ២០២៣ នេះ​ផែនការ​កំណត់​ការប្រមូល​ចំណូល​ឱ្យបាន​ចំនួន ៣,៥៧១​ ពាន់​លាន​ដុល្លារ​៕