ភ្នំពេញៈ មន្ត្រី​អ្នក​នាំ​ពាក្យ​អាកាសចរ​ស៊ីវិល​កម្ពុជា ​(SSCA) លោក​ ស៊ិន ចាន់​សិរី​វុត្ថា បាន​លើក​ឡើង​ថា ស្របពេល​​​ផែនការ​បើក​​ដំណើរ​ការ​ជា​​ផ្លូវ​ការ​នូវ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​ នា​ខែ​តុលា​ខាង​មុខ​នេះ អាកាស​យានដ្ឋាន​អន្តរជាតិ​សៀម​រាប​ចាស់​ នឹង​​ត្រូវ​បិទ​ដំណើរការ​ទាំង​ស្រុង​តែ​ម្តង​។

លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បើ​តាម​ផែនការ ព្រលាន​​យន្ត​ហោះ​អន្តរជាតិ​សៀមរាប​ថ្មី​គ្រោង​ធ្វើ​ការ​ហោះ​ហើរ​សាក​ល្បង​ផ្ទៃ​ក្នុង​នៅ​ក្នុង​ខែ​មិថុនា​នេះ មុន​នឹង​ឈាន​ទៅ​ធ្វើ​ការ​បើក​សម្ពោធ​ការ​ហោះហើរ​ផ្លូវការ​នៅ​ខែតុលា​។

លោកប្រាប់​​ថា​៖«​ព្រលាន​យន្ត​ហោះ​ចាស់​នឹង​ត្រូវ​បិទ​ជា​ស្ថាពរ​នៅ​ពេល​​យើង​បើក​ឱ្យ​ដំណើរ​ការ​ព្រលាន​យន្តហោះ​ថ្មី​នេះ​នៅ ក្នុង​ខែ​តុលា​។ សម្រាប់​ទីតាំង​ព្រលាន​ចាស់​ដែល​នឹង​ត្រូវ​យក​ទៅ​ធ្វើ​អ្វី​នោះ​ គឺ​ជា​ការ​សម្រេច​របស់​រាជ​​រដ្ឋាភិបាល​»​។​

ក្នុង​ជំនួប​ជាមួយនឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី ​៦ ខែ​មីនា ឆ្នាំ​២០២៣ នៅ​វិមាន​សន្តិ​ភាព លោក Liu minglin អគ្គ​នាយក និងជា​​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន Yunnan Investment Group បាន​ឱ្យ​ដឹង​​ថា ការ​សាង​សង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​មក​ដល់​ពេល​នេះ​សម្រេច​បាន​ ៨៦​ ភាគ​រយ​ហើយ ដោយ​គ្រោង​ដាក់​ឱ្យ​ហោះ​ហើរ​សាក​ល្បង​នៅ​ខែ​មិថុនា​ និង​បើក​​ប្រើប្រាស់​​ផ្លូវការ​នៅ​ខែតុលា ឆ្នាំ​នេះ​។​

លោក Liu Minglin ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​លោក​ អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ថា​៖ «ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​ខេត្ត​សៀមរាប​ គឺ​មាន​ភាព​ធំទូលាយ​ដើម្បី​ជា​ការ​ទាក់​ទាញ​ទេសចរ និង​អ្នក​វិនិយោគ​មក​​ប្រទេស​កម្ពុជា ហើយ​លោក​បាន​បញ្ជាក់​អំពី​គោល​បំណង​របស់​ក្រុមហ៊ុន​ដែល​ចង់​វិនិយោគ​លើ​វិស័យ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​​ខេត្ត​សៀមរាប​ទៀត​ផង​»។​

លោក ហ៊ុន សែន បាន​លើក​ទឹក​ចិត្ត​ឱ្យ​​ក្រុម​ហ៊ុន​ពន្លឿន​ការ​សាង​សង់ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​សាងសង់​នោះ​ត្រូវ​តាម​បទដ្ឋាន​មុន​នឹង​បើក​ដំណើរការ​។​

លោក​ថ្លែង​ថា​៖ «​ព្រលាន​យន្តហោះ​នេះ​មាន​តួនាទី​ធំ​ក្នុង​ការ​តភ្ជាប់ គឺមិន​ត្រឹម​តែ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការត​ភ្ជាប់​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​​ក្នុង​តំបន់ និង​ពិភពលោក ដែល​ពី​មុន​ព្រលាន​យន្ត​ហោះនៅ​ខេត្ត​សៀ​​រាប មិន​អាច​ទទួល​យន្ត​ហោះ​ធំៗ​ចុះ​ចត​បាន​ទេ​»​។

បើ​​តាម​លោក ចាន់សិរីវុត្ថា អាកាសយានដ្ឋាន​ថ្មី​នេះ​មាន​ចម្ងាយ​ជាង​ ៤០​គីឡូ​ម៉ែត្រ​ពី​ទីតាំង​បច្ចុប្បន្ន​។ ​ទីតាំង​ថ្មី​នេះ​គឺ​មាន​​ភាព​ល្អ​ប្រសើរ​​ ព្រោះ​វា​ត្រូវ​បាន​គិត​គូរ​ពី​សង្គម និង​បរិស្ថាន ​ហើយ​ពុំមាន​បញ្ហា​ជាមួយ​អង្គការ​ UNESCO និង​​​ពុំមាន​សំឡេង​រំខាន​ដល់​ការ​រស់-​នៅ ឬ​ប្រកប​អាជីវកម្ម​ឡើយ​៕