
វិភាគដោយ៖ ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី

ទិន្នន័យការងារសំខាន់ៗចំនួន ៣ របស់សហរដ្ឋអាមេរិកដែលនឹងចេញផ្សាយនៅសប្តាហ៍នេះត្រូវបានគេព្យាករថា នឹងមិនមានការកើនឡើងខ្ពស់ជាងមុន ដែលអាចធ្វើឱ្យតម្លៃមាសកើនឡើងវិញ។ បើផ្អែកលើក្រាហ្វតម្លៃប្រចាំសប្តាហ៍តម្លៃមាសកំពុងប្រែប្រួលចុះឡើងក្នុងចន្លោះពី ១ ៩៩៨ ទៅ ១ ៦៦៥ ដុល្លារ។
នៅថ្ងៃសុក្រ (ម៉ោង ៨:៣០ យប់ ម៉ោងនៅភ្នំពេញ) អត្រាប្រាក់ចំណូលជាមធ្យមក្នុង ១ ម៉ោង អត្រាអ្នកមានការងារ និងអត្រាអ្នកគ្មានការងារធ្វើ ដែលសុទ្ធតែជាសូចនាករសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិក និងបង្ហាញពីនិន្នាការនៃតម្លៃប្រាក់ដុល្លារ ត្រូវបានព្យាករថា មិនមានភាពល្អប្រសើរទេសម្រាប់ខែកុម្ភៈ។
ទោះបីជាប្រាក់ចំណូលប្រចាំថ្ងៃជាមធ្យម និងអត្រាអ្នកគ្មានការងារត្រូវបានព្យាករថា នឹងស្ថិតនៅ០,៣% និង ៣,៤% រៀងៗខ្លួនក៏ដោយ ប៉ុន្ដែអត្រាអ្នកមានការងារវិញ គឺមានត្រឹមតែ ២២៤ ពាន់នាក់ប៉ុណ្ណោះ ខណៈទិន្នន័យជាក់ស្ដែងពីខែមុន គឺរហូតដល់ ៥១៧ ពាន់នាក់។
ជាមួយនឹងសញ្ញាទាំងនេះ តម្លៃមាសដែលមានតម្លៃប្រហែល ១ ៨៤៩ ដុល្លារ (ក្នុង ១ អោនស៍) គិតត្រឹមថ្ងៃអង្គារ នឹងអាចមានឱកាសកើនឡើងមកវិញ បន្ទាប់ពីមានទំនោរធ្លាក់ចុះតាំងពីថ្ងៃទី ២ ខែកុម្ភៈ ជាមួយនឹងតម្លៃខ្ពស់ ១ ៩៥៩ ដុល្លារ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បាននិយាយថា៖ «ទោះបីជាមានការព្យាករទាបនៃកំណើនការងារនៅអាមេរិកក្តី យ៉ាងហោចណាស់ចំនួនជាក់ស្ដែងក៏ទំនងជាអាចខ្ពស់ជាង ២២៤ ពាន់នាក់ដែរ។ ដូច្នេះការពិចារណាលក់មាសមុនពេលចេញផ្សាយព័ត៌មានគឺជាការវិភាគសម្រាប់ការជួញដូររបស់ខ្ញុំ។ ហើយប្រសិនបើព័ត៌មានទាំងនោះចេញមកមានលទ្ធផលល្អ នោះវាជាពេលវេលាសម្រាប់ការទិញមកវិញ»៕
