ភ្នំពេញៈ ​ក្រសួង​សាធារណ​ការ ​និង​ដឹក​ជញ្ជូន​ រៀបចំ​កម្មវិធី «​អបអរ​សាទរ​ខួប​ ៣ ​ឆ្នាំ​ លេខពិសេស​ ផ្ទាល់​ខ្លួន​»​ដើម្បី​ផ្សព្វផ្សាយ ​ដល់​ប្រជា​ពលរដ្ឋ​ ឱ្យចូល​រួម​ទិញ​លេខ​ពិសេស ​បន្ថែម​ទៀត​ដែល​ជា​ផ្នែក​មួយ​រក​​ចំណូល​ជូន​ថវិកា​ជាតិ ខណៈ​រយៈ​ពេល​ ៣​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រសួង​រក​ចំណូល​បាន​ជាង​ ៥៤​ លានដុល្លារ​ ពី​ការ​លក់​លេខ​ពិសេស​។​

​កម្ម​វិធី​អបអរ​សាទរខួប​ ៣ ​ឆ្នាំ ​លេខ​ពិសេស ​ផ្ទាល់​ខ្លួន​ ធ្វើឡើង​នៅ​សួន​វត្ត​បទុម​ រាជ​ធានី-​ភ្នំពេញ ​រយៈ​ពេល ​២ ថ្ងៃ​គឺ ថ្ងៃទី​៧-៨​ ខែមីនា​ ឆ្នាំ​២០២៣​ ដែល​មាន​ការ​រៀបចំ​ពិ​ព័រ​ណ៍ស្តង់​ជាច្រើ​ន​ ការដាក់​ដេញ​ថ្លៃនូវ​ស្លាកលេខ​ពិសេស និង​ការលេង​ល្បែង​កម្សាន្ត​ទាក់ទង​ចំណេះ​ដឹង​ច្បាប់​ចរា​ចរណ៍​ផ្លូវគោក​ជា​ដើម​។​​

​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​លោក​ ស៊ុន ចាន់ថុល​ ដែល​បាន​ចូលរួម​បើក​កម្មវិធី​នៅ​ថ្ងៃទី​៧ ​ខែមីនា បាន​ថ្លែង​ថា ​ការ​រៀបចំ​ពិធី​នេះ ​ដើម្បី​យក​ឱកាស​ផ្សព្វផ្សាយ​ទៅ​បងប្អូន​ប្រជា​ពលរដ្ឋ​ឱ្យ​ចូលរួម​ទិញ​លេខ​ពិសេស ​ផ្ទាល់​ខ្លួន​ថែម​ទៀត​ ក៏​ដូច​ជា​យក​ឱកាស​នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ច្បាប់ចរាចរណ៍​ផ្លូវ​គោក​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ ​ឱ្យ​គោរព​ច្បាប់​ចរា​ចរណ៍​ទាំង​អស់គ្នា​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ ដែល​បណ្តាល​ឱ្យ​ប្រជា​ពលរដ្ឋ​ស្លាប់ ៥ ​នាក់ ​និង​របួស​ប្រហែល​ ១០​ ទៅ ​១៥ ​នាក់​ ក្នុង​១​ ថ្ងៃ​ និង​បាត់បង់​ថវិកា​ជាតិ»។

បន្ថែម​ពីនេះ​លោក​ ស៊ុន ​ចាន់ថុល​ បញ្ជាក់​ថា​ ក្នុង​ពិធី​នោះ​ក៏មាន​ការ​រៀបចំ​កម្ម​វិធី​ដាក់​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់​ខ្លួន ហើយ​ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​ដេញថ្លៃ​នេះនឹង​យកទៅ​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ និង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​។​

​បើ​តាម​លោក​រដ្ឋ​មន្ត្រី ​ស៊ុន​ ចាន់ថុល​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្រសួង​លក់​លេខ​ពិសេស ​ផ្ទាល់ខ្លួន​បាន​ជាង​ ១៦ ០០០​ លេខ​ រក​ចំណូល​ថវិកា ២៨​ លាន​ដុល្លារ​ និង​លក់​លេខ​ពិសេស ​ខេត្ត​ ក្រុង ​រក​ថវិកា​ប្រមាណ​ ២៥​ លាន​ដុល្លារ​។​ ការលក់​លេខពិសេស​ ផ្ទាល់​ខ្លួន​នឹង​មាន​ ការ​កើន​ឡើង​ ៥ ​ភាគរយ​នៅ​ ឆ្នាំ​២០២៣​នេះ ​ស្រប​ពេល​ដែល​សេដ្ឋ​កិច្ច​នៅ​កម្ពុ​ជាមាន​ស្ថានភាព​ល្អ​ប្រ​សើរ។​

​លោក​ថ្លែង​ថា​៖«​សង្ឃឹម​ថា​ ការ​លក់​លេខ​ពិសេស​នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត​ នៅ​ឆ្នាំ២០២៣ ​ដោយ​សារ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីក​ចម្រើន​ថែម​ទៀត​ ដោយ​រំពឹង​ទុក​ជាង​ ៥​ ភាគរយ។ ​ដូច្នេះ​យើង​សង្ឃឹម​ថា​ បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ នឹង​ទិញ​លេខ​ពិសេស​ផ្ទាល់​ខ្លួន​ថែម​ទៀត​ ដែល​ប្រមូល​ថ​វិកា​ជូន​ជាតិ ​និង​ថវិកា​ជូន​កាក​បាទក្រហម​កម្ពុជា​»​។​​

លោក ​ស៊ុន​ ចាន់​ថុល​ ថ្លែង​ថា​ បច្ចុប្បន្ន​ក្រសួង​សាធារណការ ​និង​ដឹក​ជ​ញ្ចូ​ន​ កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ ដើម្បី​ផ្លាស់​ប្តូរ​ស្លាក​លេខ​ចាស់​ដែល​គ្មាន QR code​ ជំនួស​ដោយ​ស្លាក​លេខ​ដែល​មាន​ QR code​ ដើម្បី​ លុប​បំបាត់​ស្លាក​លេខ​ក្លែងក្លាយ​។

លោក​ថា​៖ «​យើង​ខ្ញុំ​កំពុង​ធ្វើការ​ជា​មួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ ដើម្បី​ប្តូរ​លេខ​ចាស់ៗ​ ទាំង​អស់​ដែល​គ្មាន​ QR code​ ដើម្បី​ទៅជា​ស្លាក​លេខ​ដែល​មាន​ QR code ​ទាំង​អស់ ដែល​ស្លាក​លេខ​ថ្មី​នេះ​អាច​ដឹងថា​ ស្លាក​លេខ​ក្លែងក្លាយ។ យើង​កំពុង​រក​នីតិវិធី​ជួយ​សម្រប​សម្រួល​យ៉ាង​ណា​ បើ​អាច​ធ្វើ​ទៅ​បាន​គឺ​ម្ចាស់​យានយន្ត​មក​ប្តូរ​ស្លាក​លេខ​ថ្មី​ ដោយ​មិន​ចាំបាច់​បង់លុយ​។ ​ការប្តូរ​នេះ​ដើម្បី​បំបាត់​ស្លាក​លេខ​សេះហោះ (​ក្លែងក្លាយ​)​ ធ្វើ​បច្ចុប្បន្នភាព​នូវ​​អាសយ​ដ្ឋាន​ឱ្យ​បាន​ជាក់​លាក់​ ព្រោះ​សព្វថ្ងៃ​មួយ​ចំនួន​ផាក​ពិន័យ​ប៉ុន្តែ​រក​អាសយ​ដ្ឋាន​មិន​ឃើញ​»​​។​​

​រដ្ឋលេខា​ធិការ​ក្រសួង​សាធារណ​​ការ​ និង​ដឹក​ជញ្ជូន​ និង​ជា​ប្រធាន​គណៈ​កម្មការ​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះ​បញ្ជី​រថយន្ត​លោក​ស្រី កុយ សុ​ដា​នី បាន​ថ្លែងថា ការ​រៀប​ចំ​ឱ្យមាន​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម សេវា​សាធារណៈ ​និង​​ការចុះបញ្ជី​លក់​លេខ​ពិសេស ​រាជ​ធានី​ ខេត្ត ​និង​លេខ​ពិសេស​ផ្ទាល់ខ្លួ​ន​ ដើម្បី​ធានា​ដល់​ការប្រើ​សេវា​សាធា​រណៈ​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​លឿន​ និង​ឆាប់​រហ័ស​ និង​មាន​តម្លា​ភាព​​។

លោក​ស្រី​ថ្លែង​ថា​ គិត​មក​ទល់​ពេល​នេះ ​មាន​រយៈ​ពេល​ ៣ ​ឆ្នាំ​មក​ហើយ​ ដែល​ក្រសួង​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ការ​លក់​លេខ​ពិសេស​ ផ្ទាល់​ខ្លួន​ក្រោម​យន្ត​ការ​គ្រប់គ្រង​ និង​ដឹក​នាំ​ដោយ​គណៈ​កម្មការ​អន្តរ​ក្រសួង​នៃ​ការ​លក់​លេខ​ចុះ​បញ្ជី​​រថយន្ត​ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ២០១៦​ និង​ត្រូវ​បាន​កែ​សម្រួល​ឡើង​វិញ​នៅ​ឆ្នាំ២០១៩​ លើ​តួនាទី​បន្ថែម​ក្នុង​ការ​ផ្តល់​ជម្រើស​លេខ​ចុះ​បញ្ជី​ដ៏​សម្បូរ​បែប​ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ និង​ស្រប​តាម​​ការ​ធ្វើ​សមា​ហរណ​កម្ម​អាស៊ាន​ និង​គិត​គូ​ររួម​ចំណែក​ប្រមូល​ចូល​ថវិកា​ជាតិ​ផង​ដែរ​។​

លោក​ស្រី​​រដ្ឋលេខា​ធិការ​ក្រសួង​សាធារណ​ការ រូប​នេះ​ថ្លែង​ថា​៖ «​​សមិទ្ធ​ផល​ការងារ​គ្រប់គ្រង​លក់​លេខ​ចុះ​បញ្ជី​រថយន្ត​ ដែល​សម្រេច​បាន​ក្នុង​រយៈពេ​ល​ ៣ ​ឆ្នាំ ​កន្លង​មក​នេះ ​​រួម​មាន​ ការ​ប្រមូល​ចំណូល​ពី​ការ​លក់​លេខ​ចុះ​បញ្ជី​រថយន្ត​ ដោយ​គិតពី​ឆ្នាំ​២០២០​ ដល់​ឆ្នាំ២០២២ ការអនុ​វត្ត​នៃ​ការលក់​លេខ​ចុះ​បញ្ជី​រថយន្ត​បាន​ចំនួន​សរុប​ ១១១ ០៥២​ លេខ​ និង​ទទួល​បាន​ចំណូល​សរុប​ជាង ៥៤​ លាន​ដុល្លារ ។​ ក្នុង​នោះ​លេខ​ពិសេស​ផ្ទាល់ខ្លួន ​គិត​ចាប់​ពី​ខែមករា ​ឆ្នាំ​២០២០​ លក់​បាន​ ១៦ ១៣២​ លេខ​ ទ​ទួ​លបាន​ចំណូល​ជាង​ ២៨ ​លាន​ដុល្លារ​»​។

លោក​ស្រី​​រដ្ឋលេខា​ធិការ​ក្រសួង​សាធារណ​ការ បន្ថែម​ថា​ ដោយ​ឡែក​លទ្ធផល​នៃ​ការ​ប្រមូល​ចំណូល​ក្នុង​ឆ្នាំ​២០២២ ​ពី​ការលក់​លេខ​ចុះ​បញ្ជី​រថយន្ត​សម្រេច​បាន​ចំណូល​សរុប​ជាង​ ២០​លាន​ដុល្លារ​ដែល​ចំណូល​ទទួល​បាន​នៅ​ឆ្នាំ២​០២២​ មាន​កំណើន​រហូត​ដល់ ២២ ​ភាគរយ បើ​ធៀប​នៅ​ឆ្នាំ​២០២១​៕​