ភ្នំពេញៈអន្តរ​ក្រសួង​បាន​អ​នុ​ម័ត​យល់​ព្រម​ឱ្យ​ក្រុម​ហ៊ុន​ឯកជ​ន​ចំនួន​ ១០ អនុវត្ត​គម្រោង​វិនិ​យោគ​ឧស្សា​ហកម្ម​កែ​ច្នៃ​របស់​ខ្លួន។ ការ​សម្រេចនេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ច្រក​ចេញ​-​ចូល​តែ ១ រ​វាង​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ក្រុម​ប្រឹក្សា​អភិវ​ឌ្ឍន៍​កម្ពុជាដើម្បី​ពិភាក្សា​លើ​គម្រោង​ស្នើសុំ​ចុះ​បញ្ជី​វិនិ​យោគ​របស់​ក្រុមហ៊ុន​ទាំង ១០ នេះ កាល​ពីថ្ងៃទី​ ៧ ​មីនា ​ដែល​ផ្តោត​លើ​ឧស្សា​ហ​កម្ម​កែ​ច្នៃ​។​

​លោក សំ សិរី​រតន៍ រដ្ឋ​លេខាធិ​ការ​ក្រសួង​ពាណិជ្ជ​កម្មបាន​ឱ្យដឹង​ថា អង្គ​ប្រជុំ​បាន​ពិនិត្យ​ពិភា​ក្សា និង​សម្រេច​គាំទ្រ​ការ​ស្នើសុំ​ចុះបញ្ជី​គម្រោង​វិនិយោ​គ​ថ្មី​ទាំង​១០​នេះដោយ​ភ្ជាប់​ជា​មួយ​លក្ខ​ខណ្ឌ​តម្រូវ​របស់​គ​ណៈកម្មាធិ​កា​រ​អន្ត​រក្រសួង​ដែល​ចាំបាច់​សម្រាប់​ក្រុម​ហ៊ុន​អនុវត្ត​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ក្នុង​គោល​បំណង​បំពេញ​លក្ខណ​វិនិច្ឆ័យ​ ជា​គម្រោង​វិនិយោ​គ​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់ ​(Qualified​ Investment Projects ”QIP”​)​។

​លោក​បានបញ្ជាក់​ថា​៖ «​គម្រោង​វិនិ​យោគ​ថ្មី​ទាំង​១០​នេះ​ផ្តោត​លើ​ឧស្សាហ​កម្ម​ដំឡើង​បរិក្ខារ​អេឡិច​ត្រូនិក ​ការផលិត​ និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា រោង​ចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​កសិ​ផល កសិ​ដ្ឋាន​ចិញ្ចឹម​ពូជ​គោ និង​គោ​សាច់​ខ្នាត​ធំ ដាំ​ដំណាំ​ក​សិ​-​ឧស្សា​ហកម្ម ​និង​សាង​សង់​រោង​ចក្រ​កែច្នៃ​ រោងច​ក្រ​ផលិត​គ្រឿង​សង្ហា​រិម គម្រោង​ទេសច​រណ៍​អភិវ​ឌ្ឍន៍​កោះ ​និង​វិស័យ​ទូរ​គមនា​គមន៍​ជា​ដើម​»​។​

​លោក ​លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បាន​ថ្លែង​ថា ការចុះ​បញ្ជី​ក្រុម​ហ៊ុន​ថ្មីៗ​មានការ​កើន​ឡើង​ ហើយ​ក្រុមហ៊ុ​ន​ដែល​ឈរ​លំដាប់​ជួរមុខ​នៅ​តែ​ជា​ក្រុម​ហ៊ុន​មក​ពី​ប្រ​ទេស​ចិន ​ជប៉ុន កូរ៉េ​ ជា​ដើម​។​

​លោក​បាន​បន្ត​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​CDC​បាន​អនុ​ម័ត​លើ​គម្រោង​វិនិយោគ​មួយ​ចំនួន​ដែល​មិន​មែន​ជា​វិស័យ​កាត់​ដេរ​រួម​មាន​វិស័យ​ឧស្សា​ហកម្ម​ធុន​ធ្ងន់ ​និង​ធុន​មធ្យម​មកជា​បណ្តើៗ​ហើយ​ ដូចជា ​រោង​ចក្រ​ផលិត​សម្បក​កង់​យាន​យន្ត,​រោង​ចក្រ​ដំឡើង​រថ​យន្ត​,​រោងចក្រ​ដំឡើង​បរិក្ខារ​អេឡិច​ត្រូនិក​ ការ​ផលិត​និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​ជាដើម​ ដែល​ឧស្សាហ​កម្ម​ទាំង​នេះ នឹង​ក្លាយ​ជា​ច​ន្ទ​ល់​សេដ្ឋ​កិច្ច​ថ្មី​មួយ​ទៀត​ដែល​នាំឱ្យ​កម្ពុជា​មិន​ពឹង​ផ្អែក​លើ​វិស័យ​កាត់​ដេរ​ទាំង​ស្រុង​។​

​លោក​បាន​បញ្ជាក់​ថា​៖«​អ្វីដែល​គួរឱ្យ​មោទន​ភាព​នោះ​គឺ​គម្រោង​វិនិយោគ​ទាំង​នេះ​ភាគ​ច្រើន​មិនមែ​ន​នៅក្នុង​វិស័យ​កាត់ដេរ​ តែ​ភាគច្រើន​ស្ថិតនៅ​ក្នុង​​អនុវិ​ស័យ​ដូចជា​រោង​ចក្រ​ដំឡើង​បរិក្ខារ​អេឡិច​ត្រូនិក ​ការផ​លិត​ និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ​រោងចក្រ​កែច្នៃ​និង​វេច​ខ្ចប់​កសិផ​ល ដាំ​ដំណាំ​ក​សិ​-​ឧស្សាហ​កម្ម​ រោង​ចក្រ​កែច្នៃ​ផលិត​ផល​កសិកម្ម​ ដែលជា​ឧស្សាហ​កម្ម​គាំទ្រ​ដល់​សេដ្ឋកិច្ច​កម្ពុជា​បាន​នឹងនរ​ប្រសើរ​ជាង​​វិស័យ​កាត់​ដេរ​»​។​

​រាជរ​ដ្ឋាភិ​បាល​កម្ពុជា​តាម​រយៈ​ស្ថាប័ន​នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា​ចំនួន​៨ ​រួម​មាន ​ក្រុ​មប្រឹក្សា​អភិវឌ្ឍ​ន៍ក​ម្ពុ​ជា(CDC),​ក្រសួង​សេដ្ឋកិ​ច្ច​,​ក្រសួង​រៀបចំ​ដែន​ដី​,​ក្រសួង​ឧស្សា​ហកម្ម​,​ក្រសួង​ពាណិជ្ជកម្ម​,​ក្រសួង​ការងារ​,​ក្រសួង​រ៉ែ​ និង​ថាម​ពល​,​ក្រសួង​សាធា​រណៈការ ​ក្រោម​ជំនួយ​ពី​ចក្រ​ភព​អង់​គ្លេស​បានរៀ​បចំ​សេចក្តី​ព្រាង​ផែន​ទី​បង្ហាញផ្លូ​វ​ការ​អភិវឌ្ឍ​វិស័យ​យានយ​ន្ត​ និង​អេឡិចត្រូ​និក​នៅ​កម្ពុជា​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ពី​វិស័យ​ឯក​ជន​បន្ថែ​មទៀត​និង​បង្កើន​ទំហំ​នាំចេ​ញ​ក្នុង​ទឹក​ប្រាក់​លើសពី​២​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាងមុខ​។​

​យោង​តាម​របាយ​ការណ៍​ពី​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​បាន​បង្ហាញ​ថា នៅ​ក្នុង​ខែម​ករា ឆ្នាំ​២០២៣ កម្ពុជា​នាំចេញ​ម៉ាស៊ី​ន និង​ឧប​ករណ៍​អគ្គិ​សនី ​គ្រឿង​ផ្គុំអគ្គិ​សនី ​សម្ភារ​អគ្គិ​សនី​ មាន​តម្លៃ​ជា​ទឹក​ប្រាក់​ជាង​២៤៦​លាន​ដុល្លារ​ កើន​ជាង​១៤​ភាគរ​យ ខណៈដែល​ការ​នាំចេ​ញ​គ្រឿង​សង្ហា​រិម​ផ្សេងៗ​មាន​តម្លៃ​ទឹក​ប្រាក់​ជិត៣៧​លាន​ដុល្លារ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០២២​៕