
ផ្សារមូលបត្រកម្ពុជា អនុម័តសម្រាប់ការចុះបញ្ជីរបស់ក្រុមហ៊ុន MJQE។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុន MENGLY J.Quach Education PLC (MJQE) ដែលគ្រប់គ្រងដោយវិនិយោគិន ក្នុងស្រុក បានទទួលការយល់ព្រមសម្រាប់ការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីប្រមូលមូលនិធិចំនួន ១០ លានដុល្លារ សម្រាប់ការពង្រីកសាលារៀនរបស់ខ្លួន។ ក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនដំបូងគេមកពីវិស័យអប់រំ ដែលនឹងធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារហ៊ុន។
យោងតាមសេចក្តីប្រកាសរបស់ CSX កាលពីថ្ងៃទី៩ ខែមីនា CSX បានយល់ព្រមឱ្យក្រុមហ៊ុនមួយនេះចុះបញ្ជីជាផ្លូវការ និងមានការជួញដូរមូលបត្ររបស់ខ្លួននៅលើ CSX ប៉ុន្តែក្រុមហ៊ុនក៏នឹងត្រូវទទួលបានយល់ព្រមក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) ពីនិយតករមូលបត្រកម្ពុជា (SERC) និងបំពេញលក្ខខណ្ឌតម្រូវការចុះបញ្ជីបន្ថែមទៀតរបស់ CSX។
សូមបញ្ជាក់ថា ក្រុមហ៊ុនម៉េងលីជេ.គួច អេឌូខេសិនម.កជាក្រុមហ៊ុនទី១០ ដែលទទួលបានការឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅCSX។ ក្រុមហ៊ុន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ដែលមានអាជីវកម្មចម្បងក្នុងវិស័យអប់រំ។ នេះបើយោងតាម CSX។
នៅក្នុងសេចក្តីជូនដំណឹងថ្ងៃទី១១ ខែកុម្ភៈ ក្រុមហ៊ុន MJQE ក្រុមហ៊ុននេះ បានដាក់ពាក្យទៅកាន់និយតករមូលបត្រកម្ពុជាសម្រាប់ IPO របស់ខ្លួនរួចរាល់ហើយដោយរំពឹងថា នឹងទទួលបានការយល់ព្រមនៅខែមីនានេះ។
សេចក្តីប្រកាសនេះ បានគូសបញ្ជាក់ថា៖ «ឥឡូវនេះ យើងកំពុងទទួលយកការបង្ហាញពីចំណាប់អារម្មណ៍ពីសាធារណជននិងសំណើសម្រាប់ភាគហ៊ុន IPO ដែលបានបែងចែកជាមុនរហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ យើងមានគម្រោងប្រមូលមូលនិធិរហូតដល់ ១០ លានដុល្លារ ពី IPO ជាមួយនឹងទំហំបោះផ្សាយភាគហ៊ុន ប្រមាណ៥,៨៨ភាគរយនៃហ៊ុនទាំងមូលរបស់ក្រុមហ៊ុនយើងសម្រាប់ IPOនេះ»។
ក្រុមហ៊ុនបានឱ្យដឹងថា៖ «នៅក្នុងករណីនៃតម្រូវការខ្ពស់ជាងការរំពឹងទុក យើងនឹងស្វែងរកការអនុម័ត សម្រាប់បង្កើនទំហំភាគហ៊ុនបោះផ្សាយបន្ថែមទៀត ដែលយើងបានគ្រោងក្នុងរង្វង់ ២០ ភាគរយ»។
លោក ស៊ូ សុជាតិ អគ្គនាយក SERC បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី១២ ខែកុម្ភៈថា និយតករ បានទទួលឯកសារសម្រាប់ការស្នើសុំ IPO នេះ ខណៈដែលក្រុមបច្ចេកទេសកំពុងពិនិត្យលើឯកសារ ដើម្បីវាយតម្លៃថា តើឯកសារទាំងនោះ បំពេញតាមលក្ខខណ្ឌតម្រូវ ឬអត់?
ទោះយ៉ាងណា លោក សុជាតិ បញ្ជាក់ថា ដំណើរការពិនិត្យតាមច្បាប់កំណត់អាចប្រើពេលវេលាពី ៣ ទៅ ៦ ខែ។
យោងតាម CSX បច្ចុប្បន្នក្រុមហ៊ុន (MJQE) បានដំណើរការសាលារៀនចំនួន ១៥ សាខា រួមទាំងសាខា នៅខេត្តចំនួន ២ គឺខេត្តសៀមរាប និងខេត្តតាកែវ និងមានចំនួនសិស្សសរុបប្រមាណ ២ ម៉ឺននាក់។ ក្រុមហ៊ុន បានផ្តល់នូវសេវាអប់រំតាមលក្ខណៈស្តង់ដា និងមានគុណភាពរួមមានការសិក្សាចំណេះដឹងទូទៅ (AIS) សាលាភាសាបរទេស (Aii) កម្មវិធីផ្តល់ការប្រឹក្សា និងសេវាកម្មក្នុងការនាំសិស្ស ទៅសិក្សានៅក្រៅប្រទេស (SOGO) និងកម្មវិធីសិក្សាតាមរយៈអនឡាញ (i-Learn)ផងដែរ៕