
លោក ឈៀង ពេជ្រ ក្នុងកិច្ចប្រជុំនាពេលកន្លងទៅ។ រូបថត MPWT
ភ្នំពេញៈ កិច្ចប្រជុំក្រុមអ្នកជំនាញភ័ស្ដុភារកម្ម អាស៊ាន-ជប៉ុន ត្រូវបានធ្វើឡើង កាលពីថ្ងៃទី ៧ មីនា ក្នុងគោលបំណងពង្រឹងសកម្មភាពពាក់ព័ន្ធវិស័យភ័ស្ដុភារកម្មក្រោមកិច្ចសហការរវាងជប៉ុន និងបណ្ដាប្រទេសសមាជិកអាស៊ាន ក្នុងនោះរួមមានគម្រោងភ័ស្ដុភារកម្មនៃ ខ្សែចង្វាក់ត្រជាក់ ការកសាងសមត្ថភាពលើវិស័យភ័ស្ដុភារកម្ម និងគម្រោងភ័ស្ដុភារកម្មបៃតងក្រោមចក្ខុវិស័យ និងផែនការសកម្មភាពភ័ស្ដុភារកម្មបៃតង។
លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម នៃក្រសួងសាធារណការបានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំ ក្រុមអ្នកជំនាញភ័ស្ដុភារកម្ម អាស៊ាន-ជប៉ុន លើកទី១៩ (19th ASEAN-JAPAN) នេះតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយដោយមានការចូលរួមពីក្រុមអ្នកជំនាញភ័ស្ដុភារកម្ម របស់បណ្តាប្រទេសអាស៊ាន ប្រទេសជប៉ុន និងអ្នកជំនាញពីក្រុមហ៊ុនឯកជនប្រទេសជប៉ុន និងលេខាធិការដ្ឋានអាស៊ាន។
នៅក្នុងកិច្ចប្រជុំនេះអគ្គនាយកដ្ឋានភ័ស្ដុភារកម្មកម្ពុជា បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពក្នុងការអនុវត្ត Cold Chain Guideline និងរាយការណ៍អំពីលទ្ធផលនៃការផ្សព្វផ្សាយអំពីភ័ស្ដុភារកម្មបៃតង លើកទី៤ ដែលបានរៀបចំឡើង ដោយក្រសួងសាធារណការ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។
លោក ឈៀង ពេជ្រ បានណែនាំដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានភ័ស្ដុភារកម្ម សូមយកចិត្តទុកដាក់ស្វែងយល់ សិក្សាពីបណ្ដាប្រទេសអាស៊ាន លើវិស័យភ័ស្ដុភារកម្មនិងទាញយកសារប្រយោជន៍ពីកិច្ចប្រជុំនេះ ដែលជាចំណេះដឹងយុទ្ធសាស្ត្រ លើវិស័យភ័ស្តភារកម្មនេះ៕