​ព្រឹ​តិ្ត​ការណ៍​រត់ប្រណាំង​ស្ត្រី​ ១០​ គីឡូម៉ែត្រ ក្រោម​ប្រធានបទ​ «​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​» ប្រព្រឹត្តិ​ឡើង​ដើម្បី​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨​ មីនា បាន​ដំណើរការ​និង​បញ្ចប់​ប្រកបដោយ​ភាព​រីករាយ នៅ​ព្រឹក​ថ្ងៃទី ​៨ ខែមីនា ឆ្នាំ​ ២០២៣ នៅ​សួនច្បារ មុខ​វត្ត​បទុម​វ​ត្តី រាជធានី​ភ្នំពេញ ដោយមាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រមាណ​ជាង ១ ៥០០ នាក់ ក្រោម​ការរៀបចំ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​។

​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោកជំទាវ កុយ ពិសី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​ស្ត្រី និង​កីឡា​អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក Loke Kah Meng អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា NOCC បាន​សហការ​មួយក្រុម​ហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ​ ឡាយ​ហ្វ៍ ក្នុងការរៀបចំ​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ ​១០ ​គីឡូម៉ែត្រ​នៅក្នុង​ឆ្នាំ​ ២០២៣​ នេះ​ ប្រកបដោយ​ភាពជោគជ័យ ដែលមាន​អ្នកចូលរួម​រត់​ប្រមាណ​ជាង​ ១ ៥០០ នាក់ ទាំង​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​ប្រកបដោយ​ភាព​រីករាយ​។

ឯកឧត្តម​បាន​បន្ថែមថា យើង​ពិត​ជាមាន​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ក្នុងការ​សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ស្ត្រី​នេះ​ឡើងវិញ ក្រោយ​ខកខាន​ ២ ​ឆ្នាំ ​ដោយសារ​វិបត្តិ​ជំងឺកូ​វីដ​ ១៩​។

​ឯកឧត្តម​ក៏បាន​បញ្ជាក់ជូន​ថា ប្រជាពលរដ្ឋ​ចូលរួម​ទិវា​រត់ប្រណាំង​ស្ត្រី​ក្នុងឆ្នាំនេះ គឺ​ពិតជា​ច្រើន​កុះករ ដែល​ការចូលរួម​នេះ​អាច ជួយ​លើកកម្ពស់​ដល់​សិទ្ធិ​ស្មើភាព និង​អានុភាព​របស់​ស្ត្រី​ក្នុងការ​ចូលរួម​សកម្មភាព​កីឡា​។ ទិវា​រត់ប្រណាំង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ​ដល់​ដំណើរ​ឆ្ពោះទៅ​របស់​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នា​ខែឧសភា និង​ខែមិថុនា ឆ្នាំ​ ២០២៣ ​ផងដែរ​។​

​លោកជំទាវ កុយ ពិសី គូសបញ្ជាក់ថា ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ ​មីនា គឺជា​ថ្ងៃ​រម្លឹក​ខួប​ ១១២​ ឆ្នាំ ​ពី​សិទ្ធិសេរីភាព​ស្មើគ្នា​រវាង​បុរស និង​ស្ត្រី ហើយ​ទិវា​រត់ប្រណាំង​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​បុរស និង​នារី ដោយ​ក្នុង​សង្គមជាតិ​មួយ​ត្រូវមាន​ការរួមសាមគ្គីគ្នា​រវាង​បុរស និង​ស្ត្រី ដើម្បី​បង្កើតឡើង​នូវ​សុខដុម​រម្យ​នា​។

​លោកជំទាវ​បន្ដថា តាមរយៈ​ព្រឹត្តិការណ៍​កីឡា​នេះ នឹង​ជួយ​ជំរុញ​ដល់​សុខមាលភាព ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ហើយ​លោកជំទាវ​ក៏បាន​អំពាវនាវ​ដល់​កីឡាករ កីឡាការិនី ជាពិសេស​ស្ត្រី​ចូលរួម​ក្នុង សកម្មភាព កីឡា​ឱ្យបាន​ច្រើន​បន្ថែមទៀត​នា​ឆ្នាំ​បន្តបន្ទាប់ ដើម្បី​លើកកម្ពស់​ប្រជាពលរដ្ឋ​ឱ្យទទួល​បាន​នូវ​សុខ​ភាពល្អ ដោយ​កាលណា​មនុស្ស​មាន​សុខ​ភាពល្អ នោះ​សង្គម គ្រួសារ​ក៏មាន​ការរីកចម្រើន​ទៅតាម​នោះដែរ​។​

​លោក Loke Kah Meng អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ បានលើកឡើង​ដែរ​ថា យើង​មាន​សេចក្តី រីករាយ​ក្នុងការ​សហការ​ណ៍​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុងការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​។ លោក​បន្ដថា ក្រៅពីនេះ ប្រជាពលរដ្ឋ​បាន​ចូលរួម​រត់​កម្សាន្ត​សប្បាយ​ជា​លក្ខណៈ​គ្រួសារ និង​រត់​ជាមួយ​មិត្តភក្ដិ​សម្រាប់​រយៈ​ចម្ងាយ ​៤ ​គីឡូម៉ែត្រ​យ៉ាងច្រើន​កុះករ​ផងដែរ​។

​លោក​អគ្គនាយក​បា​នប​ន្ថែ​ម​ទៀតថា ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​វី​ជិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​សម្រាប់​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ គឺមាន​មោទនភាព​ក្នុងការ​គាំទ្រ​និង​លើកកម្ពស់​ឱកាស​ស្មើភាព​គ្នា​នៅក្នុង​សង្គម​កម្ពុជា ដែល​ស្ត្រី​និង​បុរស​អាច​ទទួលបាន​ភាពជោគជ័យ​ស្មើគ្នា​ក្នុង​អាជីព​របស់​ពួកគេ និង​ពង្រីក​សក្តានុពល​របស់​ពួកគេ​ឱ្យបាន​ពេញលេញ​។

​លោក Loke Kah Meng គូសបញ្ជាក់​ទៀតថា សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នឹងចូលរួម​វិភាគទាន​ចំនួន ៤ ០០០ រៀល សម្រាប់​ការចុះឈ្មោះ​ចូលរួមរ​ត់ម្នាក់ ដើម្បី​ផ្តល់​មូលនិធិ​ដល់​សកម្មភាព​សង្គមរ​បស់​ខ្លួន​តាមរយៈ​អង្គការ NGO, Women Entrepreneurs Act និង​ក្រុម​សន្សំ​ប្រាក់​នារី (Lady Saving Group)​។

ទន្ទឹមនឹងនេះ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នឹង​សហការ​ជាមួយ​អង្គការ ក្រុម​សន្សំ​ប្រាក់​នារី (LSG) លើ​វិធីសាស្ត្រ​ប្រកបដោយ​និរន្តរភាព ដល់​សកម្មភាព​សង្គម​របស់ខ្លួន​សម្រាប់​មូលនិធិ​ដែល​បាន​ពី​ទិវា​រត់ប្រណាំង​ស្ត្រី ដែល​ភាគច្រើន​នៃ​មូលនិធិ​នេះ​នឹង​ត្រូវបាន​ផ្តល់ជូន​ដល់​សហគ្រិន​ស្ត្រី​ចំនួន​ ៥ ​នាក់ ​តាមរយៈក្រុម​សន្សំ​ប្រាក់​នារី ជា​កម្ចី​អាជីវកម្ម​ខ្នាតតូច​ដោយ​មិនមាន​ការប្រាក់ ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​របស់​ពួកគេ ហើយ​ផ្នែក​មួយទៀត​នៃ​មូលនិធិ​នឹង​ផ្តល់ជូន​ដល់​អង្គការ ក្រុម​សន្សំ​ប្រាក់​នារី ដើម្បី​គាំទ្រ​សកម្មភាព​បណ្តុះបណ្តាល​នានា​របស់​អង្គការ​ស្តីពី​ភាពជា​អ្នកដឹកនាំ​សហគ្រិន​និង​កម្មវិធី​ជជែក​ពិភាក្សា​ផ្សេងៗ​។

​កញ្ញា យ៉ាន ចរិយា កីឡាការិនី​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​ ១ សម្រាប់​វិញ្ញាសារ​រត់​រយៈ​ចម្ងាយ ​៤ ​គ​.​ម បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការរត់ ​«​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​ ១០ ​គ​.​ម​» ថា ការរត់​ប្រណាំង និង​ការរត់​បែប​លក្ខណៈ​គ្រួសារ ឬ​មិត្តភក្តិ គឺ​ពិត​ជាមាន​ភាពសប្បាយ​រីករាយ​ក្រៃលែង និង​ក៏​ជា​បទពិសោធន៍​មួយ​ដែល​បាន​ចូលរួម​ក្នុងចំណោម​ការរត់​ដែលមាន​កីឡាករ និង​កីឡាការិនី​យ៉ាងច្រើន​កុះករ​ផងដែរ ហើយ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​សម្រាប់​ព្រឹ​ត​ត្តិ​ការណ៍​នា​ឆ្នាំ​បន្ទាប់ និង​ជឿជាក់ថា​ ខ្លួន​នឹង​ចូល​រូ​ម​រត់ប្រណាំង វិញ្ញាសារ​រត់​រយៈ​ចម្ងាយ ​១០ ​គ​.​ម ​ម្តង ដើម្បី​ទទួលបាន​បទពិសោធន៍​ថ្មី និង​ការប្រកួតប្រជែង​រត់ប្រណាំង​ដែលមាន​រយៈ​ចម្ងាយ​រហូតដល់​ ១០ ​គ​.​ម​៕